ភ្នំពេញ៖ តំណាងសហជីពប្រមាណជាង ១០០នាក់ បាននាំគ្នាមកតវ៉ាទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលក្រុមសហជីពបានលើកទ្បើងថា សេចក្តីព្រាងច្បាប់មួយនេះ មានចំណុចមួយចំនួនរឹតត្បិតសេរីភាពទៅលើក្រុមសហជីព និងក្រុមកម្មករ។ ការតវ៉ានេះធ្វើទ្បើងនៅក្បែរមន្ទីររដ្ឋសភា ខណៈដែលសេចក្តីព្រាងច្បាប់មួយនេះត្រូវបានរដ្ឋសភាធ្វើការអនុម័តសេចក្តពីព្រាងច្បាប់មួយនេះ។ នៅម៉ោងប្រមាណជា ៩ ព្រឹកកាលពីព្រឹក មិញនេះ កងកម្លាំងសមត្ថកិច្ចជាច្រើនសិបនាក់បានដាក់នាំងការពារយ៉ាងតឹងរឹងដោយមិនអនុញ្ញាតឱ្យក្រុមសហជីពអាចចូលទៅធ្វើការតវ៉ានៅខាងមុខរដ្ឋសភាពបាននោះទេ។ តែជាអកុសលបាន ប៉ះទង្គិចជាមួយ អ្នកតវ៉ា បណ្ដាលឱ្យមានអ្នករងបួស។
សូមស្តាប់បទយកការដែលរៀបចំឡើងដោយលោក ជួន សារ៉េត មានខ្លឹមសារដូចតទៅ៖
ការប៉ះទង្គិចគ្នានេះកើតឡើងភ្លាមៗនៅពេល កងសន្តិសុខខណ្ឌដូនពេញស្ទុះសម្រុង ឃាងឃាំងក្រុមកម្មករ បណ្ដេញកម្មករឱ្យ ចេញឆ្ងាយ ពី ខាងមុខមន្ទីររដ្ឋសភា។ ដោយចង់បង្ហាញពីការតស៊ូរបស់ខ្លួនបន្តទៀត ប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ស្ដីពីសហជិព ដែលពួកគេចាត់ទុកថាមានចរឹតរឹតត្បិតសិទ្ធសេរីភាព កម្មករក្រុមសហជិព មិនព្រមដើរចេញពីកន្លែងប្រមូលនោះឡើយ។
តែទីបំផុតសន្តិសុខខណ្ឌដូនពេញ មិនបានយោគយល់ ហើយបានចាប់បង្ក្រាបទៅលើអុ្នកតវ៉ាបណ្ដាលឱ្យ មានអ្នករងបួសធ្ងន់ម្នាក់ ជាតំណាងសហជិព។ ក្រុមកម្មករទំនងទប់ទល់នឹងសភាពការណ៍នេះ មិនបានក៍សម្រេចដើរចេញម្ដងៗមួយ ពីកន្លែងប្រមូលផ្ដុំ ហើយចាប់ផ្ដើមបំបែកជួរខណៈតំណាងសហជិពខ្លះ ក៍ចាប់ផ្ដើមគេចខ្លួននៅទីនោះដែរ ។
ក្រុមសន្តិសុខ ទាំងនោះប្រហែលជា ជាង៥០នាក់ ។ ពួកគេ មានអត្តសញ្ញាណសម្គាល់ថា ជាកងសន្តិសុខខណ្ឌដូនពេញ មានកាន់ អាយកូប និងអ្នកខ្លះសៀនចង្កេះ មើលទៅ ក្លាហាន ដើម្បី ប្រយុទ្ធបើ អ្នកតវ៉ាមិនព្រមចុះចាញ់ ឬ រំសាយការប្រមូលផ្ដុំ ។
ប្រធានសហភាពការងារកម្ពុជា (CLC-C.CAWDU) លោក អាត់ ធន់ ដែលមានវត្តមាននៅក្នុងការតវ៉ានេះ មានប្រសាសន៍ថា គោលបំណងដែលក្រុមសហជីព ក៏ដូចជារូបលោកផ្ទាល់មករដ្ឋសភានៅថ្ងៃនេះគឺដើម្បីឱ្យថ្នាក់ដឹកនាំរដ្ឋសភាត្រូវពិចារណាទ្បើងវិញជុំវិញការអនុម័តសេចក្តីព្រាងច្បាប់ដែលកំពុងតែមានភាពចម្រូងចម្រាស់មួយនេះ។
លោក អាត់ ធន់បានបន្តទៀតថា មានមាត្រាមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់នេះ គឺបានរឹតត្បិតសេរីភាពរបស់ពួកគាត់ដែលជាហេតុធ្វើឱ្យក្រុមសហជីពនៅតែធ្វើការតវ៉ា ដើម្បីឱ្យមានការប្រែនៅមាត្រាទាំងនោះ។
«នៅក្នុងចំណោម ១៨ ចំនុចដែលយើងបានស្នើទៅសភាមាន ០៣ ចំណុចសំខាន់ៗដែលយើងមានការបារម្ភមែនទែន ចំណុចទីមួយពាក់ព័ន្ធទៅនឹងការរឹតត្បិតផ្នែកហិរញ្ញវត្ថុគឺនៅក្នុងមាត្រា ១៣ និងមាត្រា ១៧ និងមាត្រា ២៤ គឺបានតម្រូវឱ្យសហជីពហ្នឹង គឺរាយការណ៍ហិរញ្ញវត្ថុប្រាប់ប្រភពព័ត៌ មានហិរញ្ញវត្ថុ នឹងផ្លាស់ប្តូរអាស័យដ្ឋានពាក់ព័ន្ធហិរញ្ញវត្ថុ..»។
លោក អាត់ ធន់ បន្ថែមថាប្រសិនបើសេចក្តីព្រាងច្បាប់នោះមិនមានការកែប្រែនោះទេ ក្រុមសហជីពនឹងនៅតែតវ៉ារហូតទាល់តែមានការកែប្រែបើទោះបីជាសេចក្តីព្រាងច្បាប់នោះអនុម័តហើយក៏ដោយ។
ទាក់ទងនឹងការតវ៉ានេះដែរ ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ថា នៅក្នុងស្ថានភាពពេលនេះច្បាប់ស្តីពីសហជីព មិនគួរលើកយកមកពិភាក្សាទ្បើយ ដោយសារតែសេចក្តីព្រាងច្បាប់នេះ នៅមានភាពចម្រូងចម្រាស់ ដែលទាមទារឱ្យរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងៗទៀតត្រូវធ្វើការពិភាក្សាគ្នា ឱ្យបានល្អិតល្អន់មុននឹងដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីសហជីពមួយនេះ។
«ក្នុងស្ថានភាពម៉ោងនេះ ខ្ញុំយល់ថាមិនគួរឱ្យមានទេ… បច្ចុប្បន្នយើងមានច្បាប់ស្តីពីការងារហើយ ហើយច្បាប់នោះវាល្អ អ្វីដែលសំខាន់ គឺយើងឃើញថានិយោជកមិនទាន់បានអនុវត្តនោះទេ..»។
លោក ប៉ាវ ស៊ីណា បន្តថាប្រសិនបើសេចក្តីព្រាងច្បាប់ស្តីពីសហជីពមិនមានការកែប្រែមាត្រាមួយចំនួននោះទេ នៅពេលដែលច្បាប់ស្តីពីសហជីពនោះចេញមកឱ្យអនុវត្តនោះនឹងធ្វើឱ្យប៉ះពាល់ដល់សហជីព និងកម្មករជាក់ជាមិនខាន។
«កាលណាច្បាប់នេះវាបង្កើតទ្បើង វានឹងធ្វើការប៉ះពាល់មកដល់ពួកយើងខ្លាំង ដោយសារតែពួកយើងនឹងបាត់បង់សិទ្ធិក្នុងការតំណាងឱ្យកម្មករក្នុងការទៅចចារក៏ដូចជាការបង្កើតសហជីពរួមទាំងការតវ៉ាដោយសន្តិវិធីផងដែរ..»។
ខណៈដែលលោក ប៉ាវ ស៊ីណា កំពុងផ្តល់បទសម្ភាសន៍នោះដែរ ស្រាប់តែមានការឈ្លោះប្រកែកគ្នារវាងក្រុមសន្តិសុខខណ្ឌដូនពេញ ជាមួយតំណាងសហជីពដោយមានការរុញច្រានគ្នា។ តាមរយៈការរុញច្រានគ្នានេះ បានបណ្តាលឱ្យមានការមានការប៉ះទង្គិចគ្នារវាងក្រុមសន្តិសុខខណ្ឌដូនពេញ និងមន្ត្រីសហជីពរបស់លោក ប៉ាវ ស៊ីណា ម្នាក់ គឺលោក សុត ចិត្រ ត្រូវបានរងការវាយដំពីក្រុមសន្តិសុខខណ្ឌដូនពេញឱ្យរងរបួលជាទម្ងន់។
ជុំវិញបញ្ហានេះដែរ មន្ត្រីម្នាក់របស់លោក ប៉ាវ ស៊ីណា ដែលត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញបានវាយដំនោះ គឺ លោក សុត ចិត្របានផ្តល់បទសម្ភាសន៍ខ្លីថា លោកក៏មិនដឹងថាមួលហេតុអ្វីបានជាគេពួកគេវាយដុំមកលើរូបគាត់នោះដែរ។ «ខ្ញុំអត់បាននិយាយអីនោះទេ គាត់យកដៃផង យកអាយកូមមកវាយ ខ្ញុំមើលអត់ច្បាស់»។
ចំណែកឯអនុប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ណៃ វង់ដា ដែលស្ថិតក្នុងហេតុការណ៍នោះបានថ្កោលទោស ចំពោះការបង្ក្រាបនេះ នឹងទទូចឱ្យសហគមន៍អន្តរជាតិពិនិត្យឡើងវិញនូវជំនួយដល់កម្ពុជា ព្រោះតាមរយៈការបង្ក្រាបដោយការប្រើប្រាស់អំពើហិង្សារបស់កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល គឺកំពុងរំលោភសិទ្ធិមនុស្ស និងមិនបានគោរពតាមគោលការណ៍លទ្ធិប្រជាធិតេយ្យនោះទេ។ លោក ណៃ វង់ដា បានបន្តទៀតថា មិនត្រឹមតែមន្ត្រីសហជីពត្រូវរងការបង្រាបនោះទេ សូម្បីតែមន្ត្រីសិទ្ធិមនុស្សក៏រងការគំរាមពីអាជ្ញាធរផងដែរ។
«យើងសូមថ្កោលទោស ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិពិនិត្យមើលទ្បើងវិញ ទាក់ទងនឹងបញ្ហាផ្តល់ជំនួយដល់រដ្ឋាភិបាល ដោយសារតែសកម្មភាពបង្ក្រាបទៅលើសហជីព និងមានការគំរាមកំហែងមកលើការងារអ្នកធ្វើការងារសិទ្ធិមនុស្សវាជារឿងដែលយើងទទួលយកអត់បាន..»។
ទោះជាយ៉ាងនេះក្ដី សមាជិកសភា ដែលបានចូលប្រជុំដើ់ម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះ បានសម្រេច យកច្បាប់ដ៏ចម្រូងចម្រាសនេះ មកពិភាក្សា ដោយមានសំឡេងគាំទ្រ ៨៥ លើ ១០៧ ប៉ុន្តែសមាជិកសភាមកគណបក្សសង្រ្គោះជាតិអះអាងថា នឹងជជែកវែកញែក ដើម្បីផ្ដល់ផលប្រយោជន៍សម្រាប់កម្មករនិយោជិត ៕