កែប៖ អំឡុងពេលមានបាតុភាពលើទឹកសមុទ្រនៅឆ្នេរកែប ប្រែជាពណ៌ស្លែខុសប្រក្រតី ដោយឡែកសម្រាប់អាជីវកម្មផ្ទះសំណាក់ និងភោជនីយដ្ឋានវិញ ពុំមានបញ្ហាចោទទេ ហើយភ្ញៀវនៅតែចុះងូតទឹកលេងកម្សាន្ត និងហូបគ្រឿងសមុទ្រនៅលើដែនកោះធម្មតា។ នេះបើតាម លោក តុង អ្នកគ្រប់គ្រងនៅភោជនីយដ្ឋាន និងផ្ទះសំណាក់ គឹម លាង មានទីតាំងនៅលើកោះទន្សាយ បានបញ្ជាក់ប្រាប់។
អ្នកគ្រប់គ្រង រូបនេះបន្តថា ភ្ញៀវនៅតែកុម្ម៉ង់គ្រឿងសមុទ្រ និងចុះងូតទឹកលេងធម្មតា ដោយសារនៅកោះ ទឹកពុំមានឡើងស្លែអ្វីឡើយ។ ម្យ៉ាងទៀត គ្រឿងសមុទ្រដូចជា ក្ដាម មឹក បង្គា គឺខាងលោកទិញពីប្រជានេសាទដែលរកបាននៅជុំវិញកោះ ដែលឆ្ងាយពីឆ្នេរកែបប្រមាណពី ៦ ទៅ ៨ គ.ម។ នៅលើកោះនេះ សម្រាប់ថ្ងៃធម្មតា គឺសំបូរភ្ញៀវបរទេស ដែលមួយថ្ងៃមានគេមកលេង ៤-១០ ទូក ហើយលោកសង្កេតឃើញថា ពួកគាត់មិនចាប់អារម្មណ៍លើបញ្ហានោះឡើយ គឺភ្ញៀវនៅតែហូប គ្រឿងសមុទ្រ និងចុះងូតទឹកលេងសប្បាយធម្មតាជាមួយទឹកស្អាតនៅកោះដដែល។
បើទោះជានៅឆ្នេរកែបមានភាពប្រែប្រួលលើទឹកសមុទ្រទៅជាស្លែយ៉ាង ណាក៏ដោយ ក៏ ប៉ុន្មានថ្ងៃនេះមិនមានបញ្ហាចោទលើអាជីវកម្មនោះឡើយ។ យ៉ាងណា លោកមានការព្រួយបារម្ភខ្លះដែរ នាពេលបុណ្យចូលឆ្នាំខ្មែរ ដោយសារជាទូទៅពេលបុណ្យទានតែងមានភ្ញៀវខ្មែរមកលេងច្រើន តែដោយសារបាតុភាពនេះ ភ្ញៀវអាចងាកទៅលេងខេត្តផ្សេងដោយសារខ្លាចរឿងនេះ។ ដូច្នេះហើយ លោកគិតថា វាផ្ដល់ផលប៉ះពាល់ខ្លះដែរ។
បើតាមការអះអាងពី លោកសៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ទឹកសមុទ្រនៅកែបបានប្រែសភាពជាល្អប្រសើរ ៩០% ហើយនៅព្រឹកថ្ងៃនេះ និងមិនមានជនណាម្នាក់រងគ្រោះប៉ះពាល់ដោយសារបញ្ហានេះទេ ។
ជុំវិញបញ្ហានេះ លោកថា ខាងក្រសួងនឹងរៀបចំជាសេចក្ដីជូនដំណឹងពីបច្ចុប្បន្នភាព នៃស្ថានភាពទឹកដោយផ្អែកលើលទ្ធផលលើការវិភាគ និងធ្វើការតាមដានបន្តទៀត ដើម្បីចៀសវាងបញ្ហាផ្សេងៗ។
សូមបញ្ជាក់ថា ទឹកសមុទ្រនៅឆ្នេរកែប បានប្រែជាពណ៌ស្លែបណ្ដាលមកពីបម្រែបម្រួល នៃបាតុភូតធម្មជាតិអែលញ្ញូវ ធ្វើអោយកម្ដៅក្រាស់ ប៉ះពាល់ដល់ប្លង់តុងក្នុងសមុទ្រងាប់មួយចំនួន កំហាប់ប៉េហាស់ក្រាស់ខ្វះអុកស៊ីហ្សែន (O2) ធ្វើអោយមានកំណកបៃតងលើផ្ទៃទឹកសមុទ្រដោយដុំៗ ពិសេសតំបន់ទឹករាក់ៗ៕
ប្រភព៖ www.news.sabay.com.kh