ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដ៏ចម្រូងចម្រាស ត្រូវបានសភាពេញអង្គសម្រេចអនុម័តពិភាក្សា នៅព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ នេះ ដោយសំឡេងគាំទ្រ ៨៥ លើ ១០៤ សំឡេង។
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចអនុម័តពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដែលរដ្ឋសភាបានបោះឆ្នោតគាំទ្រកាលពីព្រឹកមិញនេះ មានការចូលរួមអនុម័តពិភាក្សាពីក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផងដែរ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានគាំទ្រចំពោះសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែពួកគាត់បានជំទាស់ និងថ្លែងការពារអត្ថប្រយោជន៍របស់កម្មករនិងសហជីពលើមាត្រានីមួយៗ។
ជាមួយនេះ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃនេះ បានអះអាងថា រដ្ឋាភិបាលបានសម្រេចកែសម្រួលសចក្ដីព្រាងច្បាប់សហជីពចំនួន ៣៧ ចំណុច ស្មើនឹងប្រមាណ ២២ មាត្រា។ ប៉ុន្ដែទោះជាយ៉ាងណាគណបក្សប្រឆាំង និងក្រុមសហជីព បានលើកឡើងថា ច្បាប់នោះមិនមានការកែប្រែអ្វីទាំងអស់។
គួរបញ្ជាក់ថា ច្បាប់សហជីពដែលមាន ១០០ មាត្រា ១៧ ជំពូកនេះ ត្រូវបានអង្គការ សមាគម និងសហជីព រួមទាំងគណបក្សប្រឆាំង លើកឡើងថា បានប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់កម្មករនិងសហជីព។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានបដិសេធចំពោះការលើកឡើងនេះ៕