ភ្នំពេញ៖ មន្ត្រីម្នាក់នៃសម្ព័ន្ធសហជីពលចលនាកម្មករ (CCW) ដឹកនាំដោយលោក ប៉ាវ ស៊ីណា ត្រូវបានកងកម្លាំងសន្តិសុខខណ្ឌដូនពេញវាយឱ្យរងរបួល ខណៈកម្មករប្រមាណ ១០០នាក់មកពីសហជីពផ្សេងៗគ្នា បានជួបជុំនៅខាងមុខរដ្ឋសភា ដើម្បីទាមទារឱ្យសភាជាតិធ្វើការកែប្រែមាត្រាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់សហជីព។
តាមអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី FM ១០២ បានឱ្យដឹងថា ហិង្សាដែលបណ្តាលឱ្យមន្ត្រីសហជីពរងរបួលនេះ កើតឡើងនៅវេលាម៉ោងប្រមាណ ១០ ព្រឹកថ្ងៃទី ០៤ ខែមេសានេះនៅខាងមុខរដ្ឋសភាជាតិ។
នាព្រឹកនេះ កងកម្លាំងសន្តិសុខខណ្ឌដូនពេញប្រមាណ ៥០ នាក់ បានបណ្តេញនិងវាយបង្រាបក្រុមកម្មករភ្លាមៗបន្ទាប់ពីកម្មករបានជួបជុំគ្នាតវ៉ា ទាមទារឱ្យរដ្ឋសភាពិនិត្យ និង កែប្រែខ្លឹមសារនៃសេចក្តីព្រាងច្បាប់សហជីពនៅខាងមុខវិមានរដ្ឋសភា។ លោក សុត ចិត្រ មន្ត្រីសហជីពនៃសម្ព័ន្ធសហជីពចលនាកម្មករ ត្រូវបានកងកម្លាំងខ័ណ្ឌដូនពេញវាយឱ្យរងរបួលជាទម្ងង់។
អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ណៃ វង់ដា ដែលស្ថិតក្នុងហេតុការណ៍នោះ បានថ្កោលទោសចំពោះការបង្រាបនេះ នឹងទទូចឱ្យសហគមន៍អន្តរជាតិពិនិត្យឡើងវិញនូវជំនួយ ព្រោះតាមរយៈការបង្រាបដោយហិង្សារបស់កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល កំពុងរំលោភសិទ្ធិមនុស្ស និងមិនបានគោរពតាមគោលការណ៍លទ្ធិប្រជាធិតេយ្យនោះទេ។
លោក ណៃ វង់ដា បានបន្តទៀតថា មិនត្រឹមតែមន្ត្រីសហជីពត្រូវរងការបង្រាបនោះទេ សូម្បីតែមន្ត្រីសិទ្ធិមនុស្សក៏រងការគំរាមពីអាជ្ញាធរផងដែរ។
សូមបញ្ជាក់ថា ការតវ៉ាទាមទារឱ្យរដ្ឋសភាពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់សហជីពនេះ គឺស្របពេលដែលរដ្ឋសភាកម្ពុជាក៏កំពុងប្រជុំអនុម័តលើសេចក្តីព្រាងច្បាប់មួយនេះផងដែរ៕