ភ្នំពេញ៖ សភាបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃនេះ ដោយមានរបៀបវារៈសំខាន់ចំនួនពីរគឺ ការរអនុម័តនិង ពិភាក្សាស្ដីពីច្បាប់សហជីព និងការរុះរើគណៈរដ្ឋមន្ដ្រី។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការរដ្ឋសភា របៀបវារៈទាំងពីរនេះ នឹងត្រូវសភាមកពីគណបក្សធំពីរ ប្រជុំនិងអនុម័ត នៅពេលជាមួយគ្នា។
សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានវិទ្យុស្ដ្រី FM102 បានឱ្យដឹងថា កិច្ចប្រជុំសភានៅថ្ងៃនេះ មានការរឹតបន្តឹងសន្តិសុខយ៉ាងរឹងមាំដោយដាក់របាំងការពារ និងពង្រាយកងសន្តិសុខព័ទ្ធជុំវិញមន្ទីររដ្ឋសភា។
តាមសេចក្ដីរាយការណ៍ព័ត៌មាននានាឱ្យដឹងថា ក្រុមសហជីពក៏បានមកប្រមូលផ្ដុំគ្នានៅរដ្ឋសភានេះផងដែរ ដើម្បីទាមទារឱ្យអ្នកតំណាងរាស្ដ្ររុះរើមាត្រាមួយចំនួនដែលពួកគេមើលឃើញថា មានការរឹតត្បិតសេរីភាពរបស់សហជីពយ៉ាងខ្លាំង។
តាមកាសែតភ្នំពេញប៉ុស្ដិ៍ ដែលស្រង់សម្ដីរបស់គណបក្សសង្គ្រោះជាតិមួយរូប បានឱ្យដឹងថា គណបក្សនេះនឹងមិនបោះឆ្នោតគាំទ្រការរុះរើគណៈរដ្ឋមន្ដ្រីនោះទេ។
តាមសំណើរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ការរុះរើគណៈរដ្ឋមន្ដ្រីនៅពេលនេះ មានសមាសភាពរហូតដល់ទៅជិត ៣០នាក់ ប៉ុន្ដែមិនមានរដ្ឋមន្ដ្រីណាម្នាក់ត្រូវដកហូតពីតំណែង លើកលែងតែលោក ហោ ណាំហុង ត្រូវបានបញ្ចប់មុខងារមន្ដ្រីការបរទេស, លោក គាត ឈន់ ត្រូវបាននបញ្ចប់មុខងារជាឧបនាយករដ្ឋមន្ដ្រី រីឯលោក អ៊ឹម ឈុនលឹម ត្រូវបានបញ្ចប់មុខងាររដ្ឋមន្ដ្រីនគររូបនីយកម្មនិងសំណង់៕