ភ្នំពេញ៖ បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីសហជីពត្រូវបានដាក់ឲ្យជជែកគ្នាជាបន្តបន្ទាប់ និងចុងក្រោយត្រូវបានលើកយកមកជជែកពិភាក្សាតាមរយៈសិក្ខាសាលានៅឯរដ្ឋសភា ពង្រាងច្បាប់សហជីពដ៏ចម្រូងចម្រាស់មួយនេះ បានបញ្ចូនទៅដល់សភាពេញអង្គដើម្បីប្រជុំពិភាក្សាសម្រេចនិងអនុម័ត នាថ្ងៃទី ០៤ ខែមេសាស្អែកនេះហើយ។ នៅថ្ងៃនេះតំណាងសហជីពមួយចំនួនបារម្ភថា បើថ្ងៃស្អែកសភាអនុម័តសេចក្តីព្រាងច្បាប់សហជីព ដោយមិនមានសិក្សាឱ្យបានច្បាស់លាស់នោះទេ ច្បាប់នោះនឹងមិនបម្រើដល់ផលប្រយោជន៍កម្មករឡើយ។
នាថ្ងៃទី ០៤ ខែមេសាស្អែកនេះ សភាពេញអង្គនឹងប្រជុំពិភាក្សាសម្រេចព្រមទាំងអនុម័ត សេចក្តីព្រាងច្បាប់សហជីពមាន ១៧ ជំពូកដោយក្នុងនោះមាន ៩១ មាត្រា បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ ត្រូវបានដាក់ឲ្យជជែក ពិភាក្សាគ្នាជាបន្តបន្ទាប់មុនបញ្ចូនទៅកាន់សភាដើម្បីអនុម័ត។ ចំពោះតំណាងសហជីពមួយចំនួនយល់ថាថ្ងៃស្អែក ប្រសិនបើសភាអនុម័តសេចក្តីព្រាងច្បាប់សហជីពពិតមែននោះ ច្បាប់នោះនឹងមិនបម្រើដល់ប្រយោជន៍កម្មករឡើយ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ (NTUC) មានប្រសាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃទី ០៣ ខែមេសានេះថា សភាពេញអង្គមិនគួរអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីព ស្របពេលដែលមាត្រាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់នេះ ដាក់សម្ពាធខ្លាំងលើសហជីពក្នុងកិច្ចការងារជួយដល់កម្មករ ក្នុងនោះមានដូចជាពាក់ព័ន្ធនឹងការបង្កើតសហជីព ព្រមទាំងគ្រប់គ្រងថវិការចំណូលចំណាយរបស់សហជីជាដើម។
លោក ហ្វា សាលី បានបន្តឱ្យដឹងទៀតថា សភាគួរតែពិចារណាកពន្យាពេលអនុម័តសេចក្តីព្រាងច្បាប់នេះ ដើម្បីមកជជែក ឬ ពិភាក្សារកចំណុចរួមផ្សេងៗ ជាមួយតំណាងសហជីពនានាឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ទើបជាការប្រសើរ។ លោកថា ប្រសិនបើការអនុម័តច្បាប់ដែលខ្វះការពិភាក្សា ឬមិនទទួលយកសំណើររបស់តំណាងសហជីពនានានេះ ច្បាប់នោះនឹងមិនមានលក្ខណៈត្រឹមត្រូវអាចទទួលយកបានឡើយ។
ប្រធានសម្ព័ន្ធសហជីពជាតិរូបនេះ បានឱ្យដឹងទៀតថា កម្ពុជាមានច្បាប់ការងារ មានប្រកាស ព្រមទាំងមានអនុសញ្ញាផ្សេងៗពាក់ព័ន្ធនឹងវិស័យការងាររួចហើយ ប៉ុន្តែមិនទាន់បានអនុវត្តអស់នៅឡើយទេ ដូច្នេះមិនចាំបាច់បង្កើតច្បាប់ស្តីសហជីពនេះនោះទេ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ តំណាងសហភាពសហជីពកម្ពុជា មានប្រសាសន៍ថា ក្នុងនាមជាតំណាងសហភាពសហជីពកម្ពុជា អ្នកស្រីមិនចង់ឱ្យសភាអនុម័តច្បាប់ស្តីសហជីពឡើយ។ អ្នកស្រីថា យោងតាមសេចក្តីព្រាងច្បាប់សហជីពនេះ បានបង្ហាញឱ្យឃើញពីចេតនារបស់រដ្ឋាភិបាលគ្រប់គ្រង និងចោទប្រកាន់ទៅលើសហជីពដែលត្រឹមត្រូវដល់កម្មករ ហើយរដ្ឋាភិបាលធ្វើដើម្បីបម្រើផលប្រយោជន៍ដល់នយោជន ឬ ភាគីថៅកែទៅវិញ។
ចំណែកលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មានប្រសាសន៍ថា ការពិនិត្យ ពិភាក្សា នឹងគ្រោងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីពនៅថ្ងៃទី ០៤ ខែមេសា ស្អែកនេះ សភាធ្វើឡើងហាក់ដូចជាលឿនពេក ដោយគ្មានការពិភាក្សាជាមួយសហជីព ឬ ទទួលយកមតិយោបល់សហជីពទាល់តែសោះ។
លោក វន់ ពៅ បានឱ្យដឹងថា នៅថ្ងៃទី ០៤ ខែមេសា ស្អែកនេះ សំណាងសហជីពទាំងអស់នឹងនាំគ្នាទៅតវ៉ាដោយសន្តិវិធីនៅខាងមុខរដ្ឋសភា ប្រសិនបើសភាអនុម័តច្បាប់ដែលមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយកៀបសង្កត់សហជីព និងកម្មករ។
សូមជម្រាបថា កាលពីថ្ងៃទី ០៩ ខែមីនា កន្លងទៅជាពេលវេលាលើកចុងក្រោយ ដែលសេចក្តីព្រាងច្បាប់ស្តីពីសហជីពត្រូវបានលើកយកមកជជែកពិភាក្សាតាមរយៈសិក្ខាសាលានៅឯរដ្ឋសភា ដោយផ្តល់ឱកាសឱ្យតំណាងសហជីពលើកឡើងពីបញ្ហានានាជុំវិញសេចក្តីព្រាងច្បាប់នេះ រយៈពេលចំនួន ៣០ នាទី។
តំណាងសហជីព និង សង្គមស៊ីវិលមួយចំនួនធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិសេរីភាពរបស់កម្មករ បានចេញសេចក្តីថ្លែងការណ៍រួមមុនមួយ មុនថ្ងៃទី ០៩ ខែមីនា សុំឱ្យរដ្ឋសភាយកចិត្តទុកដាក់ពិភាក្សាលើសេចក្តីព្រាងច្បាប់សហជីពឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្តល់ពេលវេលាឱ្យបានគ្រប់គ្រាន់ក្នុងការជជែកជាមួយតំណាងសហជីព ក៏ប៉ុន្តែរដ្ឋសភាពុំព្រមទទួលយកសំណើរបស់ក្រុមតំណាងសហជីពឡើយ៕