ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរទាំងអស់ នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ សូមបើកបរដោយគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។ នេះបើតាមការសរសេរនៅលើទំព័រ Facebook របស់លោកនាយករដ្ឋមន្រ្តីនៅថ្ងៃទី ០៣ មីនានេះ ។
សម្តេចនាយករដ្ឋមន្រ្តីបានសរសេរថា « ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក៏ជិតមកដល់ ទន្ទឹមនឹងនេះ បងប្អូនយើងមួយចំនួនធំក៏កំពុងមមារញឹកនិងពិធីសែនឆេងម៉េង ដែលយើងសង្កេតឃើញមានរថយន្តតូចធំធ្វើដំណើរទៅតាមបណ្តាខេត្ត រួមដំណើរជាមួយសាច់សារលោហិត មានផ្លែឈើ នំចំណី និងជ្រូកខ្វៃជាដើម»។
សម្តេច ហ៊ុន សែន បានសរសេរទៀតថា « សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យល្អឱ្យគ្នាទៅវិញទៅមក។ សូមកុំបើកបរប្រជែងគ្នា ឬបើកវ៉ាលឿនលើផ្លូវកោង និងទីប្រជុំជនតូចចង្អៀត។ សូមមានសុវត្ថិភាពគ្រប់ទីកន្លែង និងសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍ »៕