ភ្នំពេញ៖ តំណាងកម្មករក្រុមហ៊ុន វីន ស៊ិងតិច បាននិយាយថា ខ្លួនពិតជាមិននឹកស្មានថា អនុរដ្ឋលេខាធិការក្រសួងការងារបែរជាមិនឲ្យតម្លៃលើសម្ដីរបស់ខ្លួនយ៉ាងដូចនេះសោះ។ ការថ្លែងរបស់តំណាងកម្មករបែបនេះ គឺបន្ទាប់ពីពួកគេរងចាំដំណឹងពីក្រសួងអស់រយៈពេលពេញមួយព្រឹកនៅថ្ងៃទី ០២ មេសានេះ បន្ទាប់ក្រសួងបានសន្យាកាលពីថ្ងៃសុក្រ ថានឹងផ្តល់ដំណោះស្រាយឱ្យកម្មករនៅថ្ងៃនេះ ។ តែទោះជាយ៉ាណា កាលពីម្សិលម៉ិញ អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវដល់ក្រុមកម្មករទាំងអស់ សុំឲ្យទុកពេលដល់ក្រសួងដើម្បីរកដំណោះស្រាយមួយរយៈពេលសិនដែរ។
តំណាងកម្មករមួយរូបគឺលោក ផាន ធា ដែលបានឱ្យដឹងនៅថ្ងៃនេះថា លោករួមទាំងកម្មករទាំងអស់ ទន្ទឹងរងចាំដំណឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាំងពីព្រឹករហូតមកទល់នឹងម៉ោងប្រហែល២រសៀលទៅហើយ នៅតែគ្មានដំណឹងអ្វីទាំងអស់។
លោក ផាន ធា បន្ថែមថា ព្រោះតែផ្ដល់តម្លៃដល់ពាក្យសម្ដីរបស់មន្ដ្រីបំរើការងារក្នុងក្រសួងការងារនេះ ទើបលោកព្រមទាំងកម្មករទាំងអស់ ព្រមរងចាំតាមសំណើរសុំរបស់ក្រសួង។ តំណាងកម្មករដដែលនេះបានបន្ថែមទៀតថា ប្រសិនបើថ្ងៃនេះនៅតែគ្មានដំណឹង និងដំណោះស្រាយទេនោះ រូបលោករួមទាំងក្រុមកម្មករទាំងអស់នឹងធ្វើបាតុកម្មជាថ្មីទៀត និងឈប់ជឿសម្ដីរបស់ក្រសួងបន្ដទៀតដែរ។
លោក ផាន ធា ៖ «យើងអត់ទាក់ទងទៅគាត់ទេបង ព្រោះយើងគិតថាគាត់ជាមនុស្សដែលមានតម្លៃនៅក្នុងសង្គម ហើយសម្ដីគាត់និយាយហើយសង្ឃឹមថាគាត់ធ្វើប៉ុន្ដែបើគាត់មិនធ្វើជារឿងរបស់គាត់ ហើយពួកយើងគិតថាកាត់ជាមនុស្សមានតម្លៃអញ្ចឹងយើងអត់ទាក់ទងទៅគាត់ទេ»។
ចំណែក លោក ប៉ាល់ មករា ជាតំណាងកម្មរមួយរូបដែរ បាននិយាយថា នីតិវិធីគ្រប់យ៉ាងក្រុមកម្មករបានធ្វើរួចអស់ទៅហើយ ប៉ុន្តែក្រសួងការងារហាក់ដូចជាមិនចង់រកដំណោះស្រាយជួនកម្មករ ដែលកំពុងជួបប្រទះនឹងកង្វះខាតជីវភាពនោះទេទាល់តែសោះ។ លោក មករា បន្ដថា លោកក៏ដូចជាកម្មករនាពេលនេះអស់ក្ដីសង្ឃឹម ហាក់ដូចជាមិនមានពន្លឺទាល់តែសោះ ព្រោះក្រសួងការងារដែលដើរតួនាទីប្រៀបដូចឪពុកម្ដាយកម្មករ ទំនងគ្មានឆន្ទៈជួយកម្មករឡើយ ។
លោក ប៉ាល់ មករា បន្ថែមថា ៖ « នៅក្នុងកំណត់ហេតុម្សិលមិញ ក្រសួងថានឹងហៅភាគីក្រុមហ៊ុនទៅសម្របសម្រួល បើសិនជាមានចំលើយពីការសម្របសម្រួលហ្នឹង ក្រសួងនិងហៅតំណាងកម្មករទៅប្រាប់ ក៏ប៉ុន្ដែឥឡូវបានក៏មិនប្រាប់មិនបានក៏មិនប្រាប់»។
ជុំវិញការតវ៉ានេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅថ្ងៃទី ០១ មេសា ដោយបានអំពាវនាវសុំឲ្យភាគីវិវាទទាំងសងខាង ជឿជាក់លើក្រសួងការងារក្នុងការដោះស្រាយបញ្ហា។
សូមបញ្ជាក់ថា ក្រុមកម្មកររោងចក្រ វីន ស៊ិងតិច បានធ្វើបាតុកម្មករអស់រយៈពេលជិតមួយខែមកហើយ តែនៅមិនទាន់មានដំណោះស្រាយពីភាគីពាក់ព័ន្ធនៅឡើយទេ។ ក្រុមហ៊ុន វិន ស៊ិងតិច មានទីតាំង ស្ថិតនៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕