en     km
en     km

តំណាង​កម្មករ​ក្រុមហ៊ុន ​វី​ន ​ស៊ិ​ង​តិច ​អះ​អាង​ថា​ ក្រសួង​ការងារ​មិន​ឲ្យ​តម្លៃ​សម្ដី​ខ្លួនឯង​

Share

​ភ្នំពេញ​៖​ តំណាង​កម្មករ​ក្រុមហ៊ុន​ វី​ន​ ស៊ិ​ង​តិច​ បាន​និយាយ​ថា​ ខ្លួន​ពិតជា​មិន​នឹក​ស្មានថា​ ​អនុ​រដ្ឋ​លេ​ខា​ធិការ​ក្រសួង​ការងារ​បែរជា​មិន​ឲ្យ​តម្លៃលើស​ម្ដី​របស់​ខ្លួន​យ៉ាងដូច​នេះ​សោះ​។​ ការ​ថ្លែង​របស់​តំ​ណាង​​កម្មករ​បែប​​នេះ​ គឺ​បន្ទាប់​ពី​ពួក​គេ​រង​ចាំ​ដំណឹង​ពី​ក្រសួង​អស់​រយៈពេល​ពេញ​មួយ​ព្រឹក​​នៅ​ថ្ងៃ​ទី​ ០២​ មេ​​សា​​នេះ​ បន្ទាប់​ក្រ​សួង​បាន​សន្យា​កាលពី​ថ្ងៃ​សុក្រ​ ថា​នឹង​ផ្តល់​ដំណោះស្រាយ​ឱ្យ​កម្ម​ករ​នៅ​ថ្ងៃនេះ​ ។​ តែ​ទោះ​ជា​​យ៉ា​​ណា​ កាលពី​ម្សិលម៉ិញ​ អ្នក​​នាំពាក្យ​ក្រសួង​ការងារ​ ក៏​បាន​អំពាវនាវ​ដល់​ក្រុម​កម្មករ​ទាំងអស់​ សុំ​ឲ្យ​ទុក​​ពេល​​​ដល់​ក្រសួង​ដើម្បី​រក​ដំណោះ​ស្រាយ​​មួយ​រយៈពេល​សិន​ដែរ​។

 

Vin--SINTECH-Factory
លោក​ ផា​ន​ ធា ​តំណាង​កម្មករនិងក្រុមកម្មករនៅក្នុងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ​

​តំណាង​កម្មករ​មួយ​រូប​គឺ​លោក​ ផា​ន​ ធា​ ដែល​បានឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា​ លោក​រួម​ទាំង​កម្មករ​ទាំងអស់​ ទន្ទឹង​រង​ចាំ​ដំណឹង​ពី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ តាំងពី​ព្រឹក​រហូត​មក​ទល់​នឹង​ម៉ោង​ប្រហែល​២​រសៀល​ទៅ​ហើយ​ នៅ​តែ​គ្មាន​ដំណឹង​អ្វី​ទាំងអស់​។​

លោក​ ផា​ន​ ធា​ បន្ថែម​ថា​ ព្រោះតែ​ផ្ដល់​តម្លៃ​ដល់​ពាក្យ​សម្ដី​របស់​មន្ដ្រី​បំរើ​ការងារ​ក្នុង​ក្រសួង​ការងារ​នេះ​ ទើប​លោក​​ព្រមទាំង​កម្មករ​ទាំងអស់​ ព្រម​រង​ចាំ​តាម​សំណើរ​សុំ​របស់​ក្រសួង​។​ តំណាង​កម្មករ​ដដែល​នេះ​បាន​បន្ថែម​ទៀត​​ថា​ ប្រសិនបើ​ថ្ងៃនេះ​នៅ​តែ​គ្មាន​ដំណឹង​ និង​ដំណោះស្រាយ​ទេ​នោះ​ រូប​លោក​រួម​ទាំង​ក្រុម​កម្មករ​ទាំងអស់​នឹង​​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត​ និង​ឈប់​ជឿ​សម្ដី​របស់​ក្រសួង​បន្ដ​ទៀត​ដែរ​។​

លោក​ ផា​ន​ ធា​ ៖​ «​យើង​អត់​ទាក់ទង​ទៅ​គាត់​ទេ​បង​ ព្រោះ​យើង​គិត​ថា​គាត់​ជា​មនុស្ស​ដែល​មាន​តម្លៃ​នៅ​ក្នុង​សង្គម​ ហើយ​សម្ដី​គាត់​និយាយ​ហើយ​សង្ឃឹមថា​គាត់​ធ្វើ​ប៉ុន្ដែ​បើ​គាត់​មិន​ធ្វើ​ជា​រឿង​របស់​គាត់​ ហើយ​ពួក​យើង​គិត​ថា​កាត់​ជា​មនុស្ស​មាន​តម្លៃ​អ​ញ្ចឹ​ង​យើង​អត់​ទាក់ទង​ទៅ​គាត់​ទេ​»​។​

​ចំណែក​ លោក​ ប៉ា​ល់​ មក​រា​ ជា​តំណាង​កម្មរ​មួយ​រូប​ដែរ​ បាន​និយាយ​ថា​ នីតិវិធី​គ្រប់យ៉ាង​ក្រុម​កម្មករ​បាន​ធ្វើ​រួច​អស់​ទៅ​ហើយ​ ប៉ុន្តែ​ក្រសួង​ការងារ​ហាក់ដូចជា​មិន​ចង់រក​ដំណោះស្រាយ​ជួន​កម្មករ​ ដែល​កំពុង​ជួប​ប្រទះ​នឹង​កង្វះខាត​ជីវភាព​នោះ​ទេ​ទាល់តែ​សោះ​។​ លោក​ មក​រា​ បន្ដ​ថា​ លោក​ក៏​ដូច​ជា​កម្មករ​នា​ពេល​នេះ​អស់​ក្ដី​សង្ឃឹម​ ហាក់ដូចជា​មិន​មាន​ពន្លឺ​ទាល់តែ​សោះ​ ព្រោះ​ក្រសួង​ការងារ​ដែល​ដើរតួ​នាទី​ប្រៀប​ដូច​ឪពុក​ម្ដាយ​កម្មករ​ ទំនង​គ្មាន​ឆន្ទៈ​ជួយ​កម្មករ​ឡើយ​ ។​

​លោក​ ប៉ា​ល់​ មក​រា​ បន្ថែម​ថា ​​៖​ «​ នៅ​ក្នុង​កំណត់ហេតុ​ម្សិលមិញ​ ក្រសួង​ថា​នឹង​ហៅ​ភាគី​ក្រុមហ៊ុន​ទៅ​សម្រប​សម្រួ​ល​ បើ​សិនជា​មាន​ចំលើយ​ពី​ការ​សម្របសម្រួល​ហ្នឹង​ ក្រសួង​និង​ហៅ​តំណាង​កម្មករ​ទៅ​ប្រាប់​ ក៏​ប៉ុន្ដែ​ឥឡូវ​បាន​ក៏​មិន​ប្រាប់​មិន​បាន​ក៏​មិន​ប្រាប់​»​។​

​ជុំវិញ​ការ​តវ៉ា​នេះ​ លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​ ០១​ មេ​សា​ ដោយ​បាន​អំពាវនាវ​សុំ​ឲ្យ​ភាគី​វិវាទ​ទាំង​សងខាង​ ជឿជាក់​លើ​ក្រសួង​ការងារ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​។​

សូម​បញ្ជាក់​ថា​ ក្រុម​កម្មករ​រោងចក្រ​ វី​ន​ ស៊ិ​ង​តិច​ បាន​ធ្វើ​បាតុកម្ម​ករ​អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​ តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ពី​ភាគី​ពាក់ព័ន្ធ​នៅឡើយ​ទេ​។​ ក្រុមហ៊ុន​ វិ​ន​ ស៊ិ​ង​តិច​ មាន​ទីតាំង​ ស្ថិត​នៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image