ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៦នេះ ឱ្យដឹងថា នាពេលថ្មីៗនេះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីទឹកសមុទ្រប្រែពណ៌ទៅជាបៃតង នៅក្នុងភូមិសាស្ត្រខេត្តកែប អគ្គនាយកដ្ឋានគាំពារបរិស្ថានចុះទៅពិនិត្យស្ថានភាពជាក់ស្តែង និងដងយកសំណាកទឹកសមុទ្រនោះមកវិភាគ នៅមន្ទីរពិសោធន៍ថ្ងៃទី ០២ ខែមេសានេះ។ ជាការសន្និដ្ឋានបឋម បញ្ហាទឹកសមុទ្រប្រែពណ៌ទៅជាបៃតងនេះ គឺបណ្តាលមកពីការកើនឡើងនូវកម្រិតជាតិស្លែ ខុសពីប្រក្រតី ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពមនុស្ស និង សត្វ។
ជុំវិញបញ្ហានេះ ក្រសួងបានអំពាវនាវដល់សាធារណជនគ្រប់រូប ជាពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់សមុទ្រកែប និងភ្ញៀវទេសចរណ៍ដែលអញ្ជើញទៅកំសាន្តនៅតំបន់ឆ្នេរសមុទ្រ ខេត្តកែប ត្រូវប្រុងប្រយ័ត្នដោយគួរផ្អាកចុះងូតទឹកសមុទ្រ និងបរិភោគគ្រឿងសមុទ្រ ដែលត្រូវបាននេសាទពីតំបន់កំពុងមានបញ្ហានេះមួយរយៈខ្លី។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្រសួងនឹងបន្តតាមដានបញ្ហានេះ ដោយយកចិត្តទុកដាក់បំផុត និងធ្វើសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបជាព័ត៌មានជាបន្តបន្ទាប់ទៀត៕