ភ្នំពេញ៖ ក្រុមកម្មករ កម្មការនី ក្រុមហ៊ុន វិន ស៊ិងតិច ប្រមាណជា ៣០០ នាក់ បានសម្រេចនាំគ្នាវិលត្រឡប់ទៅកាន់ក្រុមហ៊ុនវិញ ដើម្បីរងចាំដំណឹងនៃដំណោះស្រាយរបស់ក្រសួងការងារដែលក្រុមកម្មករបានបញ្ជាក់ថា អនុរដ្ឋលេខាធិកាក្រសួងការងារបានសន្យាផ្ដល់ដំណោះស្រាយឲ្យពួកគេ នៅថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ ២០១៦ ស្អែកនេះ។
ក្រុមកម្មករបានសម្រេចផ្អាកការតវ៉ានៅក្នុងក្រសួងការងារ ហើយវិលត្រឡប់ទៅក្រុមហ៊ុនវិញ បន្ទាប់ពីពួកគេទទួលបានការសន្យាពីលោកអនុរដ្ឋលេខាធិការក្រសួងការងារ ថានិងផ្ដល់ដំណោះស្រាយនៅថ្ងៃសៅរ៍ ស្អែកនេះ។
ស្ថិតនៅក្រោមកំដៅថ្ងៃម៉ោង ១២ ថ្ងៃត្រង់ ពួកគេបាននាំគ្នាស្រែកទាមទារសុំឲ្យក្រសួងការងារ រកដំណោះស្រាយជាបន្ទាន់ ដើម្បីជួយដោះស្រាយវិវាទរបស់ពួកគេជាមួយថៅកែក្រុមហ៊ុន វីន ស៊ិងតិច ។
ការតវ៉ានៅព្រឹកមិញនេះ ក្រុមកម្មករបាននាំយកឆ្នាំងបាយ កន្ទេល មុងភួយ មកបង្រុងដេកតវ៉ានៅ ខាងមុខក្រសួងការងារ រហូតមានដំណោះស្រាយ ។ ខណៈទទួលព័ត៌មានថា នឹងមិនមានដំណោះស្រាយ ពួកគេកម្មករបានបើករបងទ្វារក្រសួងការងារ សម្រុកចូលទៅខាងក្នុងក្រសួងភ្លាមៗ ប៉ុន្តែមួយសន្ទុះក្រោយមក ទើបមានអះអាងថា ក្រសួងសម្រេចឱ្យក្រុមហ៊ុនចេញការសងសំណងពលកម្មរហូតមួយរយភាគរយ ទើបកម្មករស្ងប់ស្ងាត់ ហើយរៀបចំត្រឡប់ទៅរោងចក្រវិញ។
កម្មការនី សឿ ស្រីមុំ មានស្រុកកំណើតនៅខេត្ដកំពង់ធំ ចូលរួមតវ៉ានេះបាននិយាយថា កញ្ញាមកចូលរួមជាមួយក្រុមកម្មករ និង តំណាងសហជីពនេះ ក៏ព្រោះតែកញ្ញាគ្មានសង្ឃឹមថានឹងបានប្រាក់ខែរបស់ខ្លួនពីក្រុមហ៊ុននោះទទេ។
កញ្ញា សឿ ស្រីមុំ បានឱ្យដឹងថា តាំងពីថ្ងៃដែលក្រុមហ៊ុន វីន ស៊ិងតិច ប្រកាស់រំលាយកិច្ចសន្យារបស់ក្រុមកម្មករចោល កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៦ មក ក្រុមកម្មករ រងចាំបើកប្រាក់អស់រយៈពេលជិតមួយខែហើយនៅតែមិនមានដំណោះស្រាយ ទើបកញ្ញារួមនិងក្រុមកម្មករផ្សេងទៀតសម្រេចឡើងមកតវ៉ាយ៉ាងដូចនេះ។
ចំណែកអ្នកស្រី ឈិន សុវណ្ណី ដែលបានមកចូលរួមការតវ៉ាជាមួយក្រុមកម្មករនេះដែរ បាននិយាយថា ដោយសារតែអ្នកស្រីមិនមានជម្រើសអ្វីផ្សេងទើបបានជាអ្នកស្រី និង ក្រុមកម្មករសម្រេចនាំគ្នាសម្រុកចូលមកតវ៉ាដល់ខាងក្នុងក្រសួងការងារបែបនេះ ។ អ្នកស្រីបន្ថែមថា ព្រោះតែពុំមានការងារធ្វើទើបធ្វើឲ្យអ្នកស្រីត្រូវបរិភោគម្ហូបកាត់បន្ថយការចំណាយផ្សេងៗនៅក្នុងគ្រួសារ មិនតែប៉ុណ្ណោះលុយកាត់សម្រាប់ផ្ញើទៅកាន់ឪពុកម្ដាយនៅស្រុកក៏មិនមានដែរ។
ជុំវិញការតវ៉ានេះ លោក ផាន ធា តំណាងកម្មករដែលបានចូលជួបប្រជុំចចារជាមួយតំណាងក្រសួងការងារនៅថ្ងៃនេះ បាននិយាយថា លោកអនុរដ្ឋលេខាធិការម្នាក់របស់ក្រសួងការងារ បានសន្យាជាមួយលោកក៏ដូចជាតំណាងកម្មករផ្សេងទៀតថា ថ្ងៃសៅរ៍ទី ០២ មេសា ស្អែកនេះក្រសួងការងារនឹងផ្ដល់ចម្លើយ។
តំណាងកម្មករូបនេះក៏បានបញ្ជាក់ពីគោលជំហររបស់ខ្លួននៅមុខកម្មករដែលចូលរួមតវ៉ានេះថា ប្រសិនក្រសួងមិនគោរពសន្យារបស់ខ្លួនគឺ ពួកគាត់នឹងមកតវ៉ាដល់ខាងក្នុងក្រសួងការងារជាថ្មីម្ដងទៀត។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានឱ្យវិទ្យុដឹងស្ដ្រីថា ការជួបប្រជុំរវាងតំណាងកម្មករនិងអនុរដ្ឋលេខាធិការក្រសួងការងារគឺការពិត ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ ទទូចឲ្យកម្មករក៏ដូចជាភាគីដែលមានវិវាទទាំងសងខាង ធ្វើយ៉ាងណាគោរពទៅតាមនិតិវិធីរបស់រដ្ឋ។ លោកបានសង្កត់ធ្ងន់ថា កម្មករមិនគួរធ្វើការដោយយកភាពច្រឡោតមកដាក់ខ្លួននោះទេ បើពុំនោះទេអាចបង្កឲ្យអ្នកដែលរងគ្រោះក្លាយជាអ្នកដែលរងនៅបណ្ដឹងវិញ។
សូមជំរាបថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានជួបចរចារជាមួយក្រុមកម្មករ ក្រុមហ៊ុន វីន ស៊ិងតិច នេះពីរលើករួចមកហើយ ៕