ភ្នំពេញ៖ គណៈប្រតិភូសភាសហភាពអឺរ៉ុប ចង់ឃើញពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសទាំងអស់ បានមកចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតក្នុងឆ្នាំ ២០១៧-២០១៨ ខាងមុខនេះ។ ប៉ុន្តែប្រធាន គ.ជ.ប អះអាងថា រាជរដ្ឋាភិបាលគ្មានលទ្ធិភាពផ្នែកហរិញ្ញវត្ថុ។ ចំណែកសង្គមស៊ីវិលធ្វើលើការបោះឆ្នោតយល់ថា បញ្ហានេះអាចធ្វើបាន បើ គ.ជ.ប មានឆន្ទៈខ្ពស់ធ្វើរឿងនេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា បានប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបជាមួយតំណាងប្រតិភូសភាសហភាពអឺរ៉ុបថា គណៈប្រតិភូសភាសហភាពអឺរ៉ុបចង់ឃើញពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសទាំងអស់ បានមកចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតក្នុងឆ្នាំ ២០១៧-២០១៨ ខាងមុខនេះ។
ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការវិវត្តន៍នៃការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា នាព្រឹកថ្ងៃទី ០១ ខែមេសានេះ ។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើរឿងនេះនោះទេ ព្រោះគ្មានលទ្ធភាព ប៉ុន្ដែប្រសិនបើអង្គការសង្គមស៊ីវិល ឬ ក៏គណបក្សនយោបាយណាមួយ អាចមានមធ្យោបាយដឹកពលករចំណាកស្រុកមកចុះឈ្មោះបោះឆ្នោតនោះ គ.ជ.ប នឹងពិនិត្យលទ្ធភាពថាតើ វាជាទម្រង់នៃការទិញសន្លឹកឆ្នោត ឬ ជាជំនួយមនុស្សសធម៌។
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា៖ «សម្រាប់ប្រជាពលរដ្ឋដែលលោករស់នៅនិងធ្វើការនៅក្រៅប្រទេស ជាការពិតណាស់នៅក្នុងច្បាប់អត់មានចែក ឬ គ.ជ.ប ពិតជាគ្មានថវិការជួនគាត់មកធ្វើដំណើរទៅមកចុះឈ្មោះបោះឆ្នោតទេ»។
ជុំវិញបញ្ហានេះ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (Comfrel) មានប្រសសាសន៍ថា លោកគាំទ្រចំពោះការលើកឡើងរបស់សហភាពអឺរ៉ុប ព្រោះពលករខ្មែរចំណាកទៅប្រទេសក្រៅមានចំនួនច្រើន ជាពិសេសពលករខ្មែរនៅប្រទេសថៃប្រមាណជា ៨០ ម៉ឺននាក់ ។ លោកថា ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចដោះស្រាយបញ្ហានេះបាន អាចនឹងប៉ះពាល់សិទ្ធចុះឈ្មោះឆ្នោតរបស់ប្រជាពលរដ្ឋជាខ្លាំងនៅពេលខាងនេះ។
លោក គល់ បញ្ញា មានសុទិដ្ឋនិយមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចធ្វើបានលើបញ្ហាចុះឈ្មោះបោះឆ្នោតសម្រាប់ពលករខ្មែរចំណាកស្រុកនៅក្រៅប្រទេស ប្រសិនបើ គ.ជ.ប មានផែនការនិងការប្តេជ្ញាខ្ពស់ច្បាស់លាស់មែននោះ។
លោក គល់ បញ្ញា និយាយថា៖ «ខ្ញុំថា គ.ជ.ប ត្រូវតែសកម្មទៅ ត្រូវបង្ហាញការប្តេជ្ញាចិត្ត ត្រូវចរចារ ត្រូវគេមកជជែក បង្ហាញផែនការដែលខ្លួនចង់ធ្វើឲ្យច្បាស់លាស់ ឥឡូវយើងចង់ចុះឈ្មោះឲ្យប្រជាពលរដ្ឋចំណាកស្រុក ហៅរដ្ឋាភិបាល ម្ចាស់ជំនួយមកជជែកជាមួយមក។ ខ្ញុំគិតថា ដំណោះស្រាយបាន ប្រសិនបើខ្វះធនធាន ថវិការ ខ្វះជាសម្ភារៈ បច្ចេកទេសគេអាចមកជជែកគ្នាឲ្យយោបល់រកដំណោះស្រាយ ហើយមិនត្រូវអស់ទំហំធំដុំប៉ុន្មានទេ យោបល់ខ្ញុំ យើងអាចធ្វើបាន…»។
តាមរបាយការណ៍មួយចំនួនថា ពលករខ្មែរដែលធ្វើការនៅប្រទេសថៃមានចំនួនចន្លោះពី ៥០ ម៉ឺន ទៅ ៦០ ម៉ឺននាក់ ហើយនៅប្រទេសម៉ាឡេស៊ីមានចំនួនជាង ៥ម៉ឺននាក់ និងនៅកូរ៉េខាងត្បូងមានជាង ៣ម៉ឺនប្រាំពាន់នាក់។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាអឺរ៉ុប អំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងនោះ លោក កឹម សុខា ស្នើដល់សហគមអឺរុប បន្ដជួយលើការបោះឆ្នោត ដើម្បីឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្ដិធម៌។
ចំពោះសិទ្ធិរបស់ពលករចំណាកស្រុកចូលរួមការបោះឆ្នោតនេះ គណបក្សសង្គ្រោះជាតិក៏បានទាមទារឱ្យមានការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្នុងប្រទេសថៃ ឬ ក៏យ៉ាងហោចណាស់ គួរឱ្យមាននៅតាមព្រំដែនកម្ពុជា ថៃ ដើម្បីងាយស្រួល ឱ្យពលករទាំងនោះចុះឈ្មោះបោះឆ្នោត។
កម្ពុជាមានការបោះឆ្នោតសំខាន់ៗចំនួន ០២ នាពេលខាងមុខ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតសភាអាណត្តិទី ៦ ឆ្នាំ ២០១៨ ៕