en     km
en     km

សហភាព​អ៊ឺ​រ៉ុ​ប​ ចង់​ឃើញ​ពល​រក​ខ្មែរ​នៅ​ក្រៅប្រទេស​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

ភ្នំពេញ​៖​ គណៈ​ប្រតិ​ភូ​​សភា​សហភាព​​អឺរ៉ុប​​ ចង់​ឃើញ​​ពល​ករ​ខ្មែរ​​ចំណាក​ស្រុក​​ទៅ​​ធ្វើ​ការ​​នៅ​​ក្រៅ​​ប្រ​ទេ​ស​​​​​ទាំង​អស់​ បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​ ២០១៧-២០១៨​ ខាង​មុខ​នេះ​។​ ប៉ុន្តែ​​ប្រធាន​ គ​.​ជ​.​ប​ អះអាង​ថា​ រាជរដ្ឋាភិបាល​គ្មាន​លទ្ធិ​ភាព​ផ្នែក​ហរិ​ញ្ញ​វត្ថុ​។​ ចំណែក​សង្គម​ស៊ី​វិល​ធ្វើ​លើ​ការ​​បោះ​ឆ្នោត​យល់​ថា​ បញ្ហា​នេះ​អាច​ធ្វើ​បាន​ បើ​ គ​.​ជ​.​ប​ មាន​ឆន្ទៈ​ខ្ពស់​ធ្វើ​រឿង​នេះ​។

EU-NEC-In-Cambodia
គណៈ​ប្រតិ​ភូ​​សភា​សហភាព​​អឺរ៉ុប​​ និងលោក ហង្ស​ ពុទ្ធា មន្ត្រី គ.ជ.ប បន្ទាប់ពីបញ្ចប់ជំនួប

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​  គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ពី​ជំនួប​ជាមួយ​តំណាង​ប្រតិភូ​សភា​សហភាព​អឺរ៉ុប​ថា​ គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​​ចង់​ឃើញ​​​ពលករ​ខ្មែរ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ទាំងអស់​ បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​​ឆ្នាំ​ ២០១៧-២០១៨​ ខាង​មុខ​នេះ​។​

​ការ​លើក​ឡើង​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ស្តី​ពី​ការ​វិវត្តន៍​​នៃ​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​ ០១​ ខែមេសា​នេះ​ ។​

​អ្នកនាំពាក្យ​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ធ្វើ​រឿង​នេះនោះ​ទេ​ ព្រោះ​គ្មាន​លទ្ធ​ភាព​ ប៉ុន្ដែ​ប្រសិនបើ​អង្គការ​សង្គម​ស៊ី​វិល​ ឬ​ ក៏​គណបក្ស​នយោបាយ​ណាមួយ​ អាច​មាន​មធ្យោបាយ​ដឹក​ពល​ករ​​ចំណាកស្រុក​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ គ​.​ជ​.​ប​ នឹង​ពិនិត្យ​លទ្ធភាព​ថា​តើ​ វា​ជា​ទម្រង់​នៃ​ការ​ទិញ​សន្លឹក​ឆ្នោត​ ឬ​ ជា​ជំនួយ​មនុស្ស​ស​ធម៌​។​

​លោក​ ហង្ស​ ពុទ្ធា​ មាន​ប្រសាសន៍​ថា​៖​ «​សម្រាប់​ប្រជាពលរដ្ឋ​ដែល​លោក​រស់នៅ​និង​ធ្វើការ​នៅ​ក្រៅប្រទេស​ ជា​ការ​​ពិត​​ណាស់​នៅ​ក្នុង​ច្បាប់​អត់​មាន​ចែក​ ឬ​ គ​.​ជ​.​ប​ ពិតជា​គ្មាន​ថវិការ​ជួន​គាត់​មក​ធ្វើ​ដំណើរ​ទៅ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ​»​។​

ជុំវិញ​បញ្ហា​នេះ​ លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​ (Comfrel)​ មាន​ប្រស​សាសន៍​ថា​ លោក​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប​ ព្រោះ​ពលករ​ខ្មែរ​ចំណាក​ទៅ​ប្រទេស​ក្រៅ​មាន​ចំនួន​ច្រើន​ ជា​ពិសេស​​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ប្រមាណ​ជា​ ៨០​ ម៉ឺន​នាក់​ ។​ លោក​ថា​ ប្រសិនបើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ អាច​នឹង​ប៉ះពាល់​សិទ្ធ​ចុះ​ឈ្មោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ជា​ខ្លាំង​នៅ​ពេល​ខាង​នេះ​។​

​លោក​ គល់​ បញ្ញា​ មាន​សុ​ទិ​ដ្ឋ​និយម​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ អាច​ធ្វើ​បាន​លើ​បញ្ហា​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​សម្រាប់​ពលករ​ខ្មែរ​ចំណាកស្រុក​នៅ​ក្រៅប្រទេស​ ប្រសិនបើ​ គ​.​ជ​.​ប​ មាន​ផែនការ​និង​ការ​ប្តេជ្ញា​ខ្ពស់​​ច្បាស់លាស់​មែន​នោះ​។​

​លោក​ គល់​ បញ្ញា​ និយាយ​ថា​៖​ «​ខ្ញុំ​ថា​ គ​.​ជ​.​ប​ ត្រូវ​តែ​សកម្ម​ទៅ​ ត្រូវ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ ត្រូវ​ចរចារ​ ត្រូវ​គេ​មក​ជ​ជែក​ បង្ហាញ​ផែនការ​ដែល​ខ្លួន​ចង់​ធ្វើ​ឲ្យ​ច្បាស់លាស់​ ឥឡូវ​យើង​ចង់​ចុះ​ឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ ហៅ​​​រដ្ឋាភិបាល​ ម្ចាស់​ជំនួយ​មក​ជជែក​ជាមួយ​មក​។​ ខ្ញុំ​គិត​ថា​ ដំណោះស្រាយ​បាន​ ប្រសិនបើ​ខ្វះ​ធនធាន​ ថវិការ​ ខ្វះ​​ជា​សម្ភារៈ​ បច្ចេកទេស​គេ​អាច​មក​ជជែក​គ្នា​ឲ្យ​យោបល់​រក​ដំណោះស្រាយ​ ហើយ​មិន​ត្រូវ​អស់​ទំហំ​ធំដុំ​ប៉ុន្មាន​ទេ​ យោបល់​ខ្ញុំ​ យើង​អាច​ធ្វើ​បាន​…»​។​

​តាម​របាយការណ៍​មួយ​ចំនួន​ថា​ ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ចន្លោះ​ពី​ ៥០​ ម៉ឺន​ ទៅ​ ៦០​ ម៉ឺន​នាក់​ ហើយ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​ចំនួន​ជាង​ ៥​ម៉ឺន​នាក់​ និង​នៅ​កូរ៉េ​ខាងត្បូង​មាន​ជាង​ ៣​ម៉ឺន​ប្រាំ​ពាន់​នាក់​។​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ គណៈប្រតិភូ​សភា​អឺរ៉ុប​ អំពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក្នុង​នោះ​ លោក​ កឹ​ម​ សុខា​ ស្នើ​ដល់​សហ​គម​អឺ​រុ​ប​ បន្ដ​ជួយ​លើ​ការ​បោះ​ឆ្នោត​ ដើម្បី​ឲ្យ​មាន​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ និង​យុត្ដិធម៌​។​

​ចំពោះ​សិទ្ធិ​របស់​ពលករ​ចំណាកស្រុក​ចូលរួម​ការ​បោះ​ឆ្នោត​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ទាមទារ​ឱ្យ​មាន​ការិ​យាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ថៃ​ ឬ​ ក៏​យ៉ាង​ហោច​ណាស់​ គួរ​ឱ្យ​មាននៅ​តាម​ព្រំដែន​កម្ពុជា​ ថៃ​ ​ដើម្បី​ងាយស្រួល​ ឱ្យ​ពលករ​ទាំងនោះ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

កម្ពុជា​មានការ​បោះ​ឆ្នោត​សំខាន់ៗ​ចំនួន​ ០២​ នា​ពេល​ខាង​មុខ​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧​ និង​​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​ ៦​ ឆ្នាំ​ ២០១៨​ ៕

Share

Image
Image
Image