ភ្នំពេញ៖ អង្គការសិទ្ធិមនុស្សលីកាដូ លើកឡើងថាច្បាប់ស្តីពីទូរគមនាគមន៍ គឺជាឧបករណ៍គតិយុត្តិមួយ គំរាមកំហែងចំពោះសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា ។ អង្គការនេះមើលឃើញទៀតថាមិនត្រឹមតែផ្តោតទៅលើការបញ្ចេញមតិជាសាធារណៈលើប្រព័ន្ធអ៊ិនធើណេតប៉ុណ្ណោះទេ ថែមទាំងរឹតត្បិតទៅលើទំនាក់ទំនងឯកជនតាមរយៈការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍នានាផងដែរ
នៅក្នុងរបាយការណ៍សង្ខេបមួយ ដែលត្រូវបានចេញផ្សាយទាក់ទងនឹងច្បាប់ថ្មីស្តីពីទូរគមនាគមន៍ កាលពីថ្ងៃ ៣១ មីនាម្សិលមិញនេះ អង្គការលីកាដូ បានវិភាគទៅលើមាត្រាជាច្រើននៃច្បាប់នេះថាមានការរឹតត្បិតយ៉ាងខ្លាំង ព្រមទាំងផ្តល់សិទិ្ធឲ្យអាជ្ញាធររដ្ឋជ្រៀតជ្រែកចូលទៅក្នុងជីវិតឯកជនរបស់បុគ្គលម្នាក់ៗ អាចបំផ្លាញភស្តុតាងនៅមុនពេលមានសវនាការលើរឿងក្តីព្រហ្មទណ្ឌ ឬ គ្រប់គ្រងលើឧស្សាហកម្មទូរគមនាគមន៍ទាំងស្រុង ប្រសិនបើមានការសម្រេចចិត្តថាត្រូវតែធ្វើ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបន្តទៀតថា វិធានការលើសលុបនៃច្បាប់នេះ ជាពិសេសមាត្រាដែលចែងពីបទល្មើសព្រហ្មទណ្ឌថ្មីៗ បង្ហាញនូវគោលបំណងពិតរបស់ច្បាប់នេះ គឺដើម្បីបំភិតបំភ័យបុគ្គលម្នាក់ៗ ដាក់ទណ្ឌកម្មដល់ការអនុវត្តសិទិ្ធ និងសេរីភាពជាមូលដ្ឋាន ។
សេចក្តីថ្លែងការណ៍នេះ បានបន្ថែមទៀតថា ចាប់តាំងពីពេលនេះរហូតដល់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំមធ្យោបាយថ្មីមួយដែលនឹងទប់ស្កាត់ និងរារាំងសង្គមស៊ីវិល។
របាយការណ៍សង្ខេបរបស់អង្គការនេះបន្តថា ច្បាប់ស្តីពីទូរគមនាគមន៍ បានផ្តល់សិទិ្ធអំណាចដល់អាជ្ញាធររដ្ឋដោយសម្ងាត់ក្នុងការចូលស្តាប់គ្រប់ប្រព័ន្ធទូរគមនាគមន៍ និង ដាក់ទណ្ឌកម្មចំពោះការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍អេឡិចត្រូនិចរវាងបុគ្គលនិងបុគ្គល ដែលផ្តល់ផលអវិជ្ជមានយ៉ាងខ្លាំងដល់សេរីភាពនៃការបញ្ចេញមតិ។
បើតាមរបាយរបស់អង្គការនេះបានឱ្យដឹងទៀតថា រាល់ការសន្ទនាតាមរយៈទូរស័ព្ទ ការផ្ញើរសារជាអក្សរ អ៊ីមែល ឬសកម្មភាពរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យ (កម្មវត្ថុនៃការដាក់ទណ្ឌកម្ម) គ្រប់ពេលវេលា ហើយបុគ្គលដែលពាក់ព័ន្ធនឹងរឿងនេះមិនបានដឹងខ្លួនឡើយ។
ជាមួយគ្នានេះ អង្គការសិទ្ធិមនុស្សមួយនេះ មើលឃើញថាបុគ្គលនានា អាចនឹងប្រឈមមុខនឹងទោសពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ដោយគ្រាន់តែបញ្ចេញមតិតាមប្រព័ន្ធហ្វេសប៊ុក ប្រសិនបើគេចាត់ទុកថាបុគ្គលនោះប៉ះពាល់ដល់សន្តិសុខជាតិ ដែលត្រូវបានចែងមិនច្បាស់លាស់នៅក្នុងច្បាប់នេះ។
ទាក់ទងនឹងការលើកទ្បើងខាងលើនេះដែរវិទ្យុស្ត្រីមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ខូវ មករា បាននៅទ្បើយទេនៅថ្ងៃនេះ៕