ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់មន្ត្រីក្រសួងការបរទេសមួយរូប កាលពីថ្ងៃទី ៣១ មីនា ទាក់ទងនឹងករណីប្រថាប់ត្រាបញ្ជាក់លើឯកសារ ដែលមិនពាក់ព័ន្ធនឹងក្រសួងការបរទេស។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃសុក្រនេះថា លោកពុំទាន់ទទួលបានព័ត៌មានលម្អិតជុំវិញបញ្ហានេះនៅឡើយទេ ដោយទុកឱ្យអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតបន្ថែមលើករណីនេះបន្តទៀត។
លោក ជុំ សន្ទរី ៖ « ខ្ញុំមិនទាន់បញ្ជាក់អ្វីបាននៅឡើយទេ ដោយរងចាំឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតសិន»។
ចំណែកលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់ធ្វើការអត្ថាធិប្បាយលើរឿងនេះឡើយដោយលោកជាប់ប្រជុំ។
លោក ព្រាប កុល នាយប្រតិបត្តិអង្គការតម្លាភាពកម្ពុជា សាទរចំពោះចំណាត់ការរបស់ AUC ដែលចាប់ខ្លួនមន្ត្រីប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋនាពេលនេះ។ ទោះជាយ៉ាងណាលោក ព្រាប កុល លើកឡើងថា អង្គភាពមួយនេះ ធ្វើការបានមួយចំនួនហើយ លើករណីបង្ក្រាបអំពើពុករលួយ ប៉ុន្តែមិនទាន់ស្របទៅតាមអ្វីដែលប្រជាពលរដ្ឋចង់បាននៅឡើយទេ។
« ខ្ញុំគិតថា គាត់បានធ្វើកិច្ចការបានមួយចំនួនហើយ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ដូចដែលប្រជាពលរដ្ឋលោកចង់បានទេ ទាក់ទងទៅនឹងចំណាត់ការលើវិធានផ្លូវច្បាប់ ការងារទប់ស្កាត់ ការងារផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងពុករលួយបានធ្វើច្រើនគួរឱ្យកត់សម្គាល់»។
ជុំវិញបញ្ហានេះ ក្រសួងការបរទេសកម្ពុជាចេញសេចក្តីប្រកាសព័ត៌មានមួយ ចុះហត្ថលេខាដោយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស នៅថ្ងៃទី ៣១ មីនា បានជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ កុំអោយមានការភ្ញាក់ផ្ញើលលើករណីនេះ៕