ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៦ ស្ដីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ទៅដល់ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថានទាំងអស់ដែលស្ថិតនៅក្នុងដែនអនុវត្ដនៃច្បាប់ស្ដីពីការងារ ត្រូវអនុញ្ញាតឲ្យនិយោជិតទាំងអស់ បានឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ០៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣-១៤-១៥ និងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៦ ខាងមុខ។
ក្រសួងបានបញ្ជាក់ទៀតថា ក្នុងករណីចាំបាច់ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបានក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ម្ចាស់ ឬ នាយកសហគ្រាស នាយកគ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិតឲ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកនៅថ្ងៃបុណ្យឲ្យបានសមស្រប។
បើតាមសេចក្ដីជូនដំណឹងដដែល កម្មករនិយោជិតដែលធ្វើការនៅថ្ងៃឈប់បុណ្យចូលឆ្នាំនេះ មានសិទ្ធិទទួលប្រាក់បំណាចបន្ថែមមានចំនួនស្មើនឹងប្រាក់ឈ្នួលធ្វើការធម្មតា។
លើសពីនេះទៀត ក្រសួងបានស្នើទៅដល់ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាននានា ក្នុងករណីមានលទ្ធភាព គួរចាត់តាំងឲ្យមានការលេងល្បែងកំសាន្តនៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីចូលរួមអបអរសារទរពិធីបុណ្យចូលឆ្នាំ និងដើម្បីលើកទឹកចិត្តដល់បងប្អូនកម្មករ និយោជិតដែលបានបំពេញការងារកន្លងមក៕