ភ្នំពេញ៖ កម្មករ កម្មការនីរោងចក្រ វីន ស៊ីងតិច (ខេមបូឌា) ខូអិលធីឌី ប្រមាណជាង ៣០០នាក់ បាននាំគ្នាឡើងមកក្រសួងការងារនៅព្រឹកថ្ងៃសុក្រទី ០១ មេសានេះ ដោយនាំមកជាមួយចាន ឆ្នាំង អង្ករ មកស្នាក់នៅខាងមុខក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រសិនបើពុំមានដំណោះស្រាយ ផ្ដល់សំណងពលកម្ម ។
តំណាងសហជីពស៊ីខៅឌូ លោក ប៉ាល់ មករា បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា មូលហេតុដែលក្រុមកម្មកររោងចក្រ វីន ស៊ីងតិច នាំគ្នាទ្បើងមកក្រសួងការងារនៅថ្ងៃនេះ ដើម្បីមកស្នាក់នៅក្រសួងការងារ ពីព្រោះក្រសួងការងារមានចំណាត់ការយឺតយ៉ាវជូនកម្មករ ករណីដែលថៅកែរោងចក្រវីន ស៊ីងតិច រំលាយកិច្ចសន្យាដោយមិនបានផ្តល់សំណងជូនកម្មករ។
លោក ប៉ាល់ មករា បន្ថែមថាកន្លងមកតំណាងមេធាវីក្រុមហ៊ុនវីនស៊ីងតិច ធ្លាប់បានធ្វើការជាមួយតំណាងក្រុមកម្មករដែរ ប៉ុន្តែការចចារនោះមិនទទួលបានការដំណោះស្រាយរួម ព្រោះតែតំណាងក្រុមហ៊ុនផ្តល់ប្រាក់សំណងជូនកម្មករចំនួន ៥០ភាគរយ ប៉ុន្តែក្រុមកម្មករមិនព្រមទទួលយកសំណងនោះដោយក្រុមកម្មករទាមទារសំណង ១០០ ភាគរយទៅតាមច្បាប់ស្តីពីការងារ។
លោក ប៉ាល់ មករា និយាយថា ប្រសិនបើថ្ងៃនេះក្រសួងនៅតែមិនព្រមផ្តល់ដំណោះស្រាយទៀតនោះពួកគេនឹងស្នាក់ក្រសួងការងារតែម្តង។
ចំណែកឯកម្មការរីនី រោងចក្រ វីន ស៊ីងតិច គឺអ្នកស្រី ហង់ ផល្លី និយាយថា គោលបំណងសំខាន់ដែលកម្មករមកក្រសួងការងារ ដោយសារតែកម្មករស្នើឱ្យក្រសួងការងារពន្លឿនការដោះស្រាយពីបញ្ហាដែលថាថៅកែរំលោភកិច្ចសន្យាការងារ។
អ្នកស្រី ផល្លីបន្តថា ក្រុមហ៊ុនបានរំលាយកិច្ចសន្យាមុនពេលកមណត់តាំងពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៦ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានផ្តល់សំណងជូនពួកគាត់នៅទ្បើយ។ អ្នកស្រី ផល្លី បន្ថែមថា តាំងពីរំលាយកិច្ចសន្យាមក អ្នកស្រីជួបការលំបាកជាច្រើនដោយត្រូវចិញ្ចឹមកូនផង ត្រូវសងបំណុលគេផងដោយអ្នកស្រីអះអាងថា ប្រសិនបើក្រសួងមិនជួយរកដំណោះស្រាយឱ្យបានទាន់ពេលវេលានោះទេក្រុមកម្មករនឹងស្នាក់នៅក្នុងក្រសួងការងារតែម្តង ដោយមិនព្រមទៅណា រហូតទាល់តែមានដំណោះស្រាយ។
ទាក់ទងនឹងបញ្ហានេះដែរវិទ្យុស្ត្រីមិនទាន់អាចសុំការឆ្លើយតបពីក្រសួងការងារបាននៅទ្បើយ។
បើតាមលិខិតជូនដំណឹងរបស់ក្រុមហ៊ុន វីន ស៊ីងតិច ដែលមានទីតាំងនៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញចុះថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៦ ស្តីពីការំលាយកិច្ចសន្យាការងារមុនពេលកំណត់បានឱ្យដឹងថា ដោយសារតែក្រុមហ៊ុនមិនទទួលបាននូវការបញ្ជាទិញថ្មីក្នុងឆ្នាំនេះពីអតិថិជនក្រៅប្រទេស ជាហេតុធ្វើឱ្យសង្វាក់ផលិតកម្ម និងការផលិតរបស់រោងចក្រកាត់ដេរសំលៀកបំពាក់ពុំអាចដំណើរការតទៀតបានជាដើម។
សូមជំរាបផងដែរថា យោងតាមលិខិតសុំអន្តរាគមន៍របស់កម្មករ និយោជិត បានឱ្យដឹងថាក្រុម ហ៊ុន វីន ស៊ីងតិច ជូនដំណឹងរំលាយកិច្ចសន្យាការងាររបស់កម្មករនិយោជិតទាំងអស់ចំនួន ៥៥០នាក់ តាំងពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ២ ០១៦ ប៉ុន្តែរហូតមកដល់ពេលនេះក្រុមហ៊ុនពុំទាន់បានទូទាត់ប្រាក់បំណាច់កិច្ចសន្យាតាមច្បាប់ស្តីពីការងារនោះទ្បើយ។
ចំណុចដែលក្រុមកម្មករ និយោជិតទាមទារមានពីរចំនុចធំៗ ទីមួយ សុំឱ្យក្រុមហ៊ុនបើកប្រាក់បំណាច់គ្រប់ប្រភេទតាមច្បាប់ការងារជូនកម្មករទាំងអស់ និងទីពីរ សុំឱ្យក្រុមហ៊ុនផ្តល់ប្រាក់ឈ្នួលពេញក្នុងខែមីនា ជូនកម្មករនិយោជិត៕