en     km
en     km

កម្មករ​ជាង​ ៣០០​ នាក់​យក​ចាន​-​ឆ្នាំង​ មក​ស្នាក់​ខាង​មុខក្រសួង​ការងារ​ បើ​គ្មាន​ដំណោះស្រាយ​

Share

ភ្នំពេញ​៖​ កម្មករ​ កម្ម​ការ​នី​រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ (​ខេ​ម​បូ​ឌា​)​ ខូ​អិ​ល​ធី​ឌី​ ប្រមាណ​ជាង​ ៣០០​នាក់​ បាន​នាំ​គ្នា​ឡើងមក​​ក្រសួង​ការងារ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​ ០១​ មេ​សា​នេះ​ ដោយ​នាំ​មក​ជាមួយ​ចាន​ ឆ្នាំង​ អង្ករ​ មក​ស្នាក់​នៅ​ខាង​មុខក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ប្រសិនបើ​ពុំ​មាន​ដំណោះស្រាយ​ ផ្ដល់​សំណង​​ពលកម្ម​ ។

Ven-Sing-Tech--Fatuery--WMC-
កម្ម​ការ​នី​រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ (​ខេ​ម​បូ​ឌា​)​ ខូ​អិ​ល​ធី​ឌី​ ឡើងមកតវ៉ានៅក្រសួងការងារក្នុងពេលកន្លងទៅ

​តំណាង​សហជីព​ស៊ី​ខៅ​ឌូ​ លោក​ ប៉ា​ល់​ មក​រា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ មូលហេតុ​ដែល​ក្រុម​កម្មករ​រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ នាំ​គ្នា​ទ្បើ​ង​មក​ក្រសួង​ការងារ​នៅ​ថ្ងៃនេះ​ ដើម្បី​មក​ស្នាក់​នៅ​ក្រសួង​ការងារ​ ពីព្រោះ​ក្រសួង​ការងារ​មាន​ចំណាត់ការ​យឺតយ៉ាវ​ជូន​កម្មករ​ ករណី​ដែល​ថៅកែ​រោងចក្រ​វី​ន​ ស៊ី​ង​តិច​ រំលាយ​កិច្ចសន្យា​ដោយ​មិន​បាន​ផ្តល់​សំណង​ជូន​កម្មករ​។​

​លោក​ ប៉ា​ល់​ មក​រា​ បន្ថែម​ថា​កន្លង​មក​តំណាង​មេធាវី​ក្រុមហ៊ុន​វី​ន​ស៊ី​ង​តិច​ ធ្លាប់​បាន​ធ្វើការ​ជាមួយ​តំណាង​ក្រុម​កម្មករ​ដែរ​ ប៉ុន្តែ​ការ​ច​ចារ​នោះ​មិន​ទទួល​បានការ​ដំណោះស្រាយ​រួម​ ព្រោះតែ​តំណាង​ក្រុមហ៊ុន​ផ្តល់​ប្រាក់​សំណង​ជូន​កម្មករ​ចំនួន​ ៥០​ភាគរយ​ ប៉ុន្តែ​ក្រុម​កម្មករ​មិន​ព្រម​ទទួលយក​សំណង​នោះ​ដោយ​ក្រុម​កម្មករ​ទាមទារ​សំណង​ ១០០​ ភាគរយ​ទៅ​តាម​ច្បាប់​ស្តី​ពី​ការងារ​។​

​លោក​ ប៉ា​ល់​ មក​រា​ និយាយ​ថា​ ប្រសិនបើ​ថ្ងៃនេះ​ក្រសួង​នៅ​តែ​មិន​ព្រម​ផ្តល់​ដំណោះស្រាយ​ទៀត​នោះ​ពួក​គេ​នឹង​ស្នាក់​ក្រសួង​ការងារ​តែ​ម្តង​។​

​ចំណែកឯ​កម្ម​ការ​រី​នី​ រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ គឺ​អ្នកស្រី​ ហង់​ ផ​ល្លី​ និយាយ​ថា​ គោលបំណង​សំខាន់​ដែល​កម្មករ​មក​ក្រសួង​ការងារ​ ដោយសារ​តែ​កម្មករ​ស្នើ​ឱ្យ​ក្រសួង​ការងារ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ពី​បញ្ហា​ដែល​ថា​ថៅកែ​រំលោភ​កិច្ចសន្យាការងារ​។​

​អ្នកស្រី​ ផ​ល្លី​បន្ត​ថា​ ក្រុមហ៊ុន​បាន​រំលាយ​កិច្ចសន្យា​មុន​ពេល​កម​ណ​ត់តាំង​ពី​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​២០១៦​ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​បាន​ផ្តល់​សំណង​ជូន​ពួក​គាត់​នៅ​ទ្បើ​យ​។​ អ្នកស្រី​ ផ​ល្លី​ បន្ថែម​ថា​ តាំងពី​រំលាយ​កិច្ចសន្យា​មក​ អ្នកស្រី​ជួប​ការ​លំបាក​ជា​ច្រើន​ដោយ​ត្រូវ​ចិញ្ចឹម​កូន​ផង​ ត្រូវ​សងបំណុល​គេ​ផង​ដោយ​អ្នកស្រី​អះអាង​ថា​ ប្រសិនបើ​ក្រសួង​មិន​ជួយ​រក​ដំណោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា​នោះ​ទេ​ក្រុម​កម្មករ​នឹង​ស្នាក់​នៅ​ក្នុង​ក្រសួង​ការងារ​តែ​ម្តង​ ដោយ​មិន​ព្រមទៅ​ណា​ រហូត​ទាល់តែ​មាន​ដំណោះស្រាយ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការងារ​បាន​នៅ​ទ្បើ​យ​។​

​បើ​តាម​លិខិត​ជូនដំណឹង​របស់​ក្រុមហ៊ុន​ វី​ន​ ស៊ី​ង​តិច​ ដែល​មា​នទី​តាំងនៅ​ ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​ ២០១៦​ ស្តី​ពី​កា​រំលាយ​កិច្ចសន្យាការងារ​មុន​ពេល​កំណត់​បានឱ្យ​ដឹង​ថា​ ដោយសារ​តែ​ក្រុមហ៊ុន​មិន​ទទួល​បាន​នូវ​ការ​បញ្ជា​ទិញ​ថ្មី​ក្នុងឆ្នាំនេះ​ពី​អតិថិជន​ក្រៅប្រទេស​ ជា​ហេតុ​ធ្វើ​ឱ្យ​សង្វា​ក់​ផលិតកម្ម​ និង​ការ​ផលិត​របស់​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ពុំ​អាច​ដំណើរការ​ត​ទៀត​បាន​ជាដើម​។​

​សូម​ជំរាប​ផង​ដែរ​ថា​ យោង​តាម​លិខិត​សុំ​អន្តរាគមន៍​របស់​កម្មករ​ និយោជិត​ បានឱ្យ​ដឹង​ថា​ក្រុម​ ហ៊ុន​ វី​ន​ ស៊ី​ង​តិច​ ជូនដំណឹង​រំលាយ​កិច្ចសន្យាការងារ​របស់​កម្មករនិយោជិត​ទាំងអស់​ចំនួន​ ៥៥០​នាក់​ តាំងពី​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​២​ ០១៦​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​ពុំ​ទាន់​បាន​ទូទាត់​ប្រាក់​បំណាច់​កិច្ចសន្យា​តាម​ច្បាប់​ស្តី​ពី​ការងារ​នោះ​ទ្បើ​យ​។​

​ចំណុច​ដែល​ក្រុម​កម្មករ​ និយោជិត​ទាមទារ​មាន​ពីរ​ចំនុច​ធំៗ​ ទី​មួយ​ សុំ​ឱ្យ​ក្រុមហ៊ុន​បើកប្រាក់​បំណាច់​គ្រប់​ប្រភេទ​តាម​ច្បាប់​ការងារ​ជូន​កម្មករ​ទាំងអស់​ និង​ទី​ពីរ​ សុំ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​ឈ្នួល​ពេញ​ក្នុង​ខែមីនា​ ជូន​កម្មករនិយោជិត​៕

Share

Image
Image
Image