en     km
en     km

សហគមន៍​មាន​ទំនាស់​ដីធ្លី​នានា​នៅ​រាជធានី​ភ្នំពេញ​ បើក​យុទ្ធនាការ​ទាមទារ​ឱ្យ​បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ​

Share

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​ ៣១​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ នេះ​ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​ អង្គការ​សង្គម​ស៊ី​វិល​ ព្រមទាំង​ព្រះសង្ឃ​ប្រមាណ​ ៣០០​ នាក់​និង​អង្គ​ បាន​ចាប់ផ្តើម​យុទ្ធនាការ​ បញ្ឈប់​ការ​លុប​បឹង​ធម្ម​ជាតិ​​នៅ​​ក្នុង​រាជធានី​ភ្នំពេញ​។​ ការ​ផ្តើម​ឱ្យ​មាន​យុទ្ធនាការ​នេះ​ ដោយ​ពួក​គេ​មើលឃើញ​ថា​ បឹង​មួយ​ចំនួន​នៅ​​ក្នុង​​រាជ​ធានី​ភ្នំពេញ​ត្រូវ​បាន​លុប​ ហើយ​ការ​លុប​ទឹក​ទាំងនោះ​បាន​ បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​ការ​​រស់នៅ​របស់​ប្រជាពលរដ្ឋ​ បរិស្ថាន​ និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​។​ បឹង​ធម្មជាតិ​នៅ​រាជធានី​ភ្នំពេញ​ មាន​ចំនួន​ ២៥​ ត្រូវ​បាន​លុប​នៅ​ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ​ជា​អកុសល​យុទ្ធនាការ​នេះ​ ត្រូវ​ខកខាន​ដោយ​តែ​សមត្ថកិច្ច​ឡោម​ព័ន្ធ​ មិន​ឱ្យ​ចេញ​ដើរ​ក្បួន​ ដែល​ពួក​គេ​បាន​មក​ប្រមូលផ្ដុំ​គ្នា​នៅ​តំបន់​បឹង​កក់​ ។​

​ដើម្បី​ជ្រាប​ បញ្ហា​នេះ​ ជា​បន្ត​ថា​ សូម​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ ឆេ​ង​ ណា​តា​ដូច​តទៅ​៖

 

Boeng-Kok-Women-WMC-2
ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ រារាំងការតវ៉ារបស់ប្រជាសហគមន៍មានទំនាស់ដីធ្លី នៅតំបន់បឹងកក់

​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​នានា​នៅ​រាជធានី​ភ្នំពេញ​ ផ្តើម​ឱ្យ​មាន​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​លុប​បឹង​ធម្មជាតិ​ បាន​ចាប់ផ្តើម​ជួបជុំ​ នៅ​ម៉ោង​ ៨​ ព្រឹក​ នៅ​វាល​ខ្សាច់​ក្នុង​តំបន់​បឹង​កក់​ ដែល​អតីត​ជា​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ​។​ យុទ្ធ​នា​ការ​កាលពី​ព្រឹក​មិ​ញ​នេះ​ ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​ មាន​គោលបំណង​ដាក់​ញតិ​ទៅ​រដ្ឋសភា​ ដើម្បី​អន្តរាគមន៍​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​លប់​បឹង​ធម្មជាតិ​។​

​មុន​ពេល​ហែ​រញ​តិ្ត​ ប្រជាពលរដ្ឋ​បាន​ដាំ​ផ្កាឈូក​នៅ​លើ​ដីខ្សាច់​ តំណាង​ឱ្យ​ឈូក​ដែល​ដុះ​ក្នុង​បឹង​។​ បន្ទាប់​ពី​បាន​ឡើង​​អាន​ញត្តិ​ និង​ បញ្ចេញមតិ​ផ្សេងៗ​នៅ​លើ​វាល​ខ្សាច់​ សកម្មជន​ដីធ្លី​បាន​រៀបចំ​ក្បួន​ជា​ពីរ​ជួរ​ ដើម្បី​ដើរ​ហែរ​ញត្តិ​ទៅ​កាន់​រដ្ឋសភា​។​

​គម្រោង​ហែរ​ក្បួន​ដើម្បី​យក​ញត្តិ​នៅ​រដ្ឋ​សភាជាតិ​ មិន​បាន​ប្រព្រឹត្តិ​ដូច​បំណង​ឡើយ​។​ ការ​ខកខាន​នេះ​  គឺ​បន្ទាប់​ពី​​ពួក​គាត់​បាន​ដើរ​ហែរ​បាន​ចំងាយ​ ៥០​ ម៉ែត្រ​ ត្រូវ​បាន​អាជ្ញាធរ​ រួម​មាន​កងកម្លាំង​សន្តិសុខ​របស់​សាលា​រាជធាន​ភ្នំ​ព​ញ​ និង​កម្លាំង​ដែល​ប្រដាប់​ទៅ​ដោយ​ខែល​ ប្រមាណ​ជា​ ១០០​ នាក់​រារាំង​មិន​ឲ្យ​ពួក​គេ​។​ អាជ្ញាធរ​ លើក​ឡើង​ថា​ ការ​ហែរ​ក្បួន​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ធ្វើ​កកស្ទះ​ចរាចរណ៍​។​

​ការ​រារាំង​នេះ​ ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ី​វិល​មួយ​រូប​រិះគន់​ថា​ ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​មាន​ស្តង់ដារ​ពីរ​។​ លោក​ ណៃ​ វ៉ង​ដា​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​អា​ដ​ហុ​ក​ ដែល​ឃ្លាំមើល​ការ​ហែរ​ក្បួន​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ប្រ​ឆាំង​​ការ​​លុប​បឹង​ធម្មជាតិ​ បាន​និយាយ​ថា​ បើ​គេ​ពិនិត្យ​ទៅ​លើ​ ការ​តវ៉ា​របស់​ក្រុម​និស្សិត​ ទាមទារ​ឱ្យ​លោក​ កឹ​ម​ សុខា​ បកស្រាយ​រឿង​ខ្សែអាត់​សំឡេង​ឆ្លង​ឆ្លើយ​រឿង​ស្នេហា​ គឺ​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ ។​ លោក​បន្ត​ថា​ការ​តវ៉ា​របស់​ក្រុម​​និស្សិត​ត្រូវ​បាន​អាជ្ញាធរ​ ប៉ូ​លី​ស​ចរាចរណ៍​ ជួយ​សម្រួល​យ៉ាង​រលូន​ ចំណែក​ប្រជាពលរដ្ឋ​ដែល​ហែ​ក្បួន​ដោយ​​សន្តិវិធី​ បែរជា​ត្រូវ​បាន​អាជ្ញាធរ​រារាំង​។​

​លោក​បន្ត​ថា​ ករណី​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ មិន​ស្មើភាព​គ្នា​ មាន​និយាម​ពីរ​ខុស​គ្នា​ ដែល​លោក​ថា​ថា​នេះ​ជា​ការ​រើសអើង​ចំពោះ​ប្រជាពលរដ្ឋ​ករណី​រង​គ្រោះ​ដីធ្លី​។​

Boeng-Kok-Women-WMC
ព្រះសង្ឃនិងប្រជាពលរដ្ឋរងគ្រោះបញ្ហាដីធ្លី ដង្ហែរក្បួនតវ៉ាប្រឆាំងនឹងការអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ

លោក​ ណៃ​ វ៉ង​ដា​ ៖ «​យើង​គ្រាន់តែ​មានការ​ចម្លែក​ ថា​ហេតុ​អី​បានជា​ការ​អនុវត្ត​ មាន​លក្ខណៈ​ស្តង់ដារ​ ការ​អនុវត្ត​មិន​ស្មើភាព​គ្នា​ រវាង​ក្រុម​អ្នក​ដង្ហែរ​ដោយ​សន្តិវិធី​ដូច​គ្នា​។​ខ្ញុំ​ថា​សមត្ថកិច្ច​ ជា​ពិសេស​ខាង​សមត្ថកិច្ច​ចរាចរណ៍​ អាច​រៀបរយ​ចរាចរណ៍​ថា​តើ​ឥឡូវ​ ត្រូវ​រៀប​ក្បួន​យ៉ាងម៉េច​ អាច​ដង្ហែរ​ដោយ​មិន​ស្ទះចរាចរណ៍​ ដោយ​មិន​ប៉ះពាល​សណ្តាប់ធ្នាប់​។​»

​បន្ទាប់​ពី​មាន​ចរចា​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា​ និង​ សមត្ថកិច្ច​ចម្រុះ​ អស់​រយៈពេល​ជាង​មួយ​ម៉ោង​ និង​ក្រោយ​ពេល​ដែល​ក្បូន​បាន​រំសាយ​។​ សមត្ថកិច្ច​បាន​បើកផ្លូវ​ ហើយ​ក្រុម​អ្នក​ប្រជាពលរដ្ឋ​ដែល​សល់​គ្នា​ប្រមាណ​ ៥០​ នាក់​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជិះ​ម៉ូតូ​ និង​រ៉ឺ​ម៉ក​កង់​បី​ ទៅ​រដ្ឋសភា​ ដើម្បី​ដាក់​ញតិ​តាម​ការ​គ្រោងទុក​ដោយ​គ្មាន​ការ​ប៉ះទង្គិច​គ្នា​នោះ​ឡើយ​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ តំណាង​សហគមន៍​បឹង​កក់​ ឈរ​កាន់​មេក្រូ​ខាង​មុខ​ប្រជាពលរដ្ឋ​  ឈរ​កាន់​បណ្តា​នៅ​មុខ​រដ្ឋ​ស​ភា​​ បាន​ថ្លែង​ថា​ការ​លុប​បឹង​ធម្មជាត​ងិ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​បង្ក​ផល​លំបាក​យ៉ាង​ធ្ង​ធ្ង​រ​ដល់​ប្រ​ជា​​ពលរដ្ឋ​ ហើយ​វា​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ប្រទេស​ជាតិ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ការ​លុប​​​បឹង​ បាន​បង្ក​ឱ្យ​មាន​បម្រែបម្រួល​អាកាសធាតុ​ ធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ​បាត់បង់​នូវ​សោ​ភ័​ណ្ឌ​ភាព​ និង​ទីក្រុង​លិច​លង់​​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ជាដើម​។​

​លើក​បង្ហាញ​រូបថត​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ និង​លោក​ កែវ​ ជុតិមា​ អតីត​អភិបាល​រាជ​ធា​នី​​ភ្នំ​ ពេញ​  និង​ ជា​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ តំណាង​សហគមន៍​រង​គ្រោះ​ដីធ្លី​រូប​នេះ​ បាន​ស្រែ​ក​​តាម​ឃោស​ន​ស័ព្ទ​ ដោយ​ចោទប្រកាន់​ទៅ​លើ​ទៅ​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ និង​លោក​ កែវ​ ជុតិមា​ ថា​រួម​គ្នា​ជា​មួយ​​ឈ្មួញ​ ដើម្បី​លុប​បឹង​កក់​ ដែល​ជា​បឹង​ធម្មជាតិ​មាន​អាយុកាល​ជា​ច្រើន​រយ​ឆ្នាំ​មក​ហើយ​។​

​ទន្ទឹម​នឹង​នេះ​ អ្នកស្រី​ ទេព​ វ​ន្នី​ បាន​ស្នើ​ឱ្យ​រដ្ឋសភា​ កោះហៅ​អភិបាល​រាជធានី​ភ្នំពេញ​ និង​អតីត​អភិបាល​រាជ​ធានី​​ភ្នំ​ពេញ​ មក​ឆ្លើយ​បំភ្លឺ​ទាក់ទង​នឹង​នឹង​ការ​លុប​បឹង​ជា​ច្រើន​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

«​យើង​មិន​ត្រូវការ​ឱ្យ​​បុគ្គល​​ណា​​ម្នាក់​មក​លុប​​បឹង​ ​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង​ ដើម្បី​ផលប្រយោជន៍​ក្រុម​បក្ស​ហើយ​​បំផ្លាញ​​​នូវ​ទ្រព្យសម្បត្តិ​ជាតិ​ ហើយ​បំផ្លាញ​នូវ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​ឡើយ​។​»

​ជា​ការ​កត់សម្គាល់​នៅ​ ព្រឹក​នេះ​ មិន​មាន​តំណាងរាស្ត្រ​ ឬ​ មន្ត្រី​រដ្ឋសភា​ចេញ​មក​ទទួល​ញតិ​ដូច​សព្វមួយដង​គឺ​ ខុស​​ពី​ញ​តិ្ត​របស់​ក្រុម​យុវជន​ដែល​អះអាង​ថា​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ​ ដែល​ដឹក​នាំ​ដោយ​យុវជន​ ស្រី​ ចំរើន​ ត្រូវ​​បាន​លោក​ ឈាង​ វុន​ សមាជិក​រដ្ឋ​សភាព​ចេញ​មក​ទទួល​ និង​សន្យា​ថា​ចាត់​វិធាន​​ឱ្យ​បាន​លឿន​។​

Boeng-Kok-Women-WMC-01
អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីបឹងកក់ និងពលរដ្ឋរងគ្រោះបញ្ហាដីធ្លីតវ៉ា និង ដាក់ញត្តិនៅរដ្ឋសភា

​តំណាង​សហគមន៍​ចំនួន​ ០៤​ រូប​ បាន​អនុ​ញ្ញ​តយ​ក​ញ្ញ​តិ្ត​ទៅ​ដាក់​ខាង​ផ្នែក​រដ្ឋបាល​របស់​រដ្ឋសភា​។​  បន្ទាប់​ពី​បាន​ដាក់​​ញ្ញត្តិ​រួច​ហើយ​ អ្នកស្រី​ ប៉ូវ​ សោភា​ តំណាង​សហគមន៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖«​គេ​អត់​និយាយ​សន្យា​អី​ផង​ គ្រា​ន់​​​តែ​សំណូម​ហើយ​សូម​ឱ្យ​ញត្តិ​របស់​យើង​ហ្នឹង​ សុំ​ឱ្យ​មានការ​អន្តរាគមន៍​ ដូច​ញត្តិ​របស់​ក្រុម​និស្សិត​ ស្រី​ ចំរើន​ ផង​​ !​ ព្រោះ​អី​ ញត្តិ​របស់​សហគមន៍​រង​គ្រោះ​​ដីធ្លី​ហ្នឹង​ច្រើន​មែនទែន​ …​ គេ​ថា​អាហ្នឹង​ជា​រឿង​របស់​ថ្នាក់លើ​គេ​ មិនដឹង​ទេ​»​។​

​ជុំវិញ​ការ​លុប​បឹង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​លោក​ អ៊ី​ សា​រ៉ុ​ម​ នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​ មាន​ប្រសាសន៍​ថា​ មក​​ដល់​​ពេល​នេះ​ បឹង​នៅ​ក្នុង​រាជ​ធា​នៅ​ភ្នំពេញ​មិន​តិច​ជាង​ ២៥​ បឹង​ដែល​ត្រូវ​បាន​លុប​។​ លោក​សង្កេត​ឃើញ​ថា​ បឹង​ជា​ច្រើន​ត្រូវ​បាន​លុប​ គឺ​អំឡុង​មុន​ឆ្នាំ​ ២០០០​ ។​

«​ថ្មីៗ​នេះ​ ឃើញ​ថា​នៅ​ឆ្នាំ​ ២០០០​ ជាង​ ឃើញ​ថា​មានការ​លុប​បន្តបន្ទាប់​ច្រើន​។​ យើង​ឃើញ​ថា​ ចុង​ក្រោយ​នេះ​ឃើញ​​មាន​លុប​បឹង​ស្នោរ​ ។​ យើង​មើលឃើញ​ចំណុច​សំខាន់​មួយទៀត​នៅ​បឹង​ទំនប់​កប់​ស្រូវ​ ដែល​ជា​បឹង​មួយ​លាត​សន្ធឹង​ធំ​មែនទែន​ ហើយ​បច្ចុប្បន្ន​នេះ​សាលា​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​ធ្វើការ​លុប​មួយ​ចំនួន​ ហើយ​មានការ​អភិវឌ្ឍ​មួយ​ចំនួន​ប៉ះពាល់​ទៅ​លើ​បឹង​…»​។​

​នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​រូប​នេះ​ បញ្ជាក់​ថា​នា​ពេល​បច្ចុប្បន្ន​នេះ​ បឹង​នៅ​រាជធានី​ភ្នំពេញ​សល់​មិន​ច្រើន​ទៀត​​ទេ​ នៅ​មាន​តែ​បឹង​ទំនប់​កប់​ស្រូវ​ និង​បឹង​ត្របែក​តែ​ប៉ុ​ណ្ណោ​ ។​ លោក​ថា​ បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​អនុញ្ញាត​ ឱ្យ​​​លុប​​បឹង​ នោះ​វា​នឹង​បង្ក​ឱ្យ​មាន​​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ និង​បាត់បង់​នូវ​អត្តសញ្ញាណ​បឹង​ធម្មជាតិ​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​ ២៨​ មីនា​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​លុប​បឹង​នៅ​ក្នុង​​រាជធានី​ភ្នំពេញ​ផង​ដែរ​។​ យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ​ ២០១៥​ របស់​សមាគម​ធាងត្នោត​ បាន​រក​ឃើញ​​ថា​ បឹង​ធម្មជាតិ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​លុប​ក្រោម​ហេតុផល​នៃ​ការ​អភិវឌ្ឍ​នោះ​ មាន​ចំនួន​ ២៥​ រួម​​មាន​៖​ បឹង​ត្របែក​១​ និង​បឹង​ត្របែក​២,​ បឹង​ទំពុន​១,​ បឹង​ទំពុន​២,​ បឹង​ជើងឯក​,​ បឹង​ស្នោរ​,​ បឹង​ឈូក​,​ បឹង​សាឡា​ង​,​ បឹង​កក់​,​ បឹង​តា​មោក​ ឬ​ទំនប់​កប់​ស្រូវ​,​ បឹង​ពោងពាយ​ និង​បឹង​បា​យ៉ាប​ជាដើម​៕​

Share

Image
Image
Image