សង្គ្រាមលើឧបទ្វីបកូរ៉េដែលបានផ្ទុះឡើងរវាងឆ្នាំ ១៩៥០ ដល់ ១៩៥៣ បណ្ដាលឲ្យកងទ័ពចិននិងកងទ័ពកូរ៉េខាងជើងស្លាប់ជាង ១លានប្រាំសែននាក់ ខណៈចិនបានរកឃើញអដិ្ឋធាតុទាហានរបស់ខ្លួន ៣៦នាក់បន្ថែមទៀត ដែលបានបាត់បង់ជីវិតនៅលើទឹកដីកូរ៉េខាងជើង។ កាលពីថ្ងៃម្សិលមិញអដ្ឋិធាតុទាហានចិនទាំងនេះ ត្រូវបានបញ្ជូនចូលទៅកាន់ប្រទេសចិនដើម្បីធ្វើពិធីទទួលជាផ្លូវការ។
សេចក្ដីរាយការណ៍របស់បណ្ដាញសារព័ត៌មាន BBC បានឲ្យដឹងថា កាលពីឆ្នាំ ២០១៤ អដ្ឋិធាតុកងទ័ពចិនចំនួន ៥០៥ នាក់ត្រូវបានរកឃើញនៅក្នុងទឹកដីកូរ៉េខាងជើង ហើយបានបញ្ជូនទៅប្រទេសចិន។
ប្រភពដដែលនេះបានបញ្ជាក់ថាក្នុងសង្គ្រាមឧបទ្វីបកូរ៉េ អាមេរិក បានបាត់បង់យុទ្ធជនរបស់ខ្លួនជិត ៣ម៉ឺននាក់ កូរ៉េខាងត្បូងជិត ៤០ម៉ឺននាក់ និងអង់គ្លេស ១ពាន់នាក់ហើយជនស៊ីវិលយ៉ាងតិច ២លាននាក់បានស្លាប់។
កូរ៉េខាងជើងប្រកាសថាខ្លួននឹងធ្វើសង្គ្រាមនៅថ្ងៃណាមួយជាថ្មីទៀតប្រឆាំងនិងកូរ៉េខាងត្បូងរួមនិងអាមេរិក ព្រោះអាមេរិកនិងកូរ៉េខាងត្បូងបានរំលោភបំពាន់យ៉ាងខ្លាំងសន្ដិសុខលើឧបទ្វីបកូរ៉េដោយសារតែធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជារៀងរាល់ឆ្នាំ៕
ប្រភពៈBBC