ភ្នំពេញ៖ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបញ្ចប់បេសកម្មរបស់ខ្លួនទាំងមិនបានទទួលការសន្យាអ្វីទាំងអស់ពីមន្ដ្រីរដ្ឋាភិបាល អំពីការលើកកម្ពស់ផ្នែកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា ។
ការថ្លែងរបស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី ៣១ មីនានេះ ដែលលោកស្រីវាយតម្លៃអំពីសិទិ្ធមនុស្សនៅកម្ពុជាក្នុងអំឡុងលោកស្រីបំពេញទស្សនកិច្ច លើកទី ២ ហើយបិទបញ្ចប់នៅថ្ងៃនេះ។
ក្នុងសន្និសីទសារណ៍ត័ព៌មាននេះ លោកស្រីបានបង្ហាញក្ដីស្រងាកចិត្ដ ក្រោយពីលោកស្រីបានចុះធ្វើការអង្កេត និងស្វែងយល់ពីការគោរពសិទ្ធិមនុស្សនៅកម្ពុជារយៈពេល ១០ ថ្ងៃ មកនេះ ពិសេសគឺសិទ្ធិជនជាតិដើមភាគតិច។
លោកស្រីបានថ្លែងថា លោកស្រីបានជួបជាមួយរដ្ឋមន្ត្រីមួយចំនួនរបស់រដ្ឋាភិបាល ប៉ុន្តែលោកស្រីថា សម្ដេចនាយករដ្ឋមន្ត្រី មិនបានជួបលោកស្រី ព្រោះសម្ដេចជាប់រង្វល់ការងារច្រើន ។ លោកស្រីថា រដ្ឋមន្ត្រីដែលលោកស្រីបានជួបបាន គឺពួកគាត់មិនបានសន្យាថានឹងបន្តកែទម្រង់ ឬក៏ធ្វើឱ្យប្រសើរចំពោះបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ។
ស្របពេលជាមួយគ្នានេះ លោកស្រីស្ដ្រាចារ្យ រ៉ូណា ស្មីត បានមានប្រសាសន៍ថា ក្រោយពីបានចុះតាមដានដោយផ្ទាល់ទៅកាន់សហគមន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចរួចមក គឺលោកស្រីបានសង្កេតឃើញ ការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និង ក្រុមឈ្មួញអ្នកមានអំណាចមួយចំនួនបានរំលោភសិទ្ធិជនជាតិដើមភាគតិច ។
លោកស្រីបញ្ជាក់ថា តំបន់អភិវឌ្ឍន៍មួយចំនួនមានការរំលោភលើដៃព្រៃសហគម ដែលជាតំបន់ដីផ្នូរដូនតា ហើយជាមួយគ្នានេះ រដ្ឋាភិបាល ព្រមទាំងក្រុមហ៊ុនឯកជនមួយចំនួន មិនដែលធ្លាប់បានផ្ដល់សំណងសមស្របតាមការទាមទាររបស់ក្រុមជនជាតិដើមភាគតិចនោះឡើយ។
អ្នករាយការណ៍ពិសេសរូបនេះ បានបញ្ចាក់ទៀតថា បញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជានៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភនៅឡើយ ជាក់ស្ដែងដូចជា ការបញ្ចេញមតិជាសាធារណៈ ត្រូវបានហាមឃាត់និងរងការគំរាមគំហែងនិងដាក់ទោសទៀតផង។ យ៉ាងណាក៍ដោយ វិទ្យុស្ត្រី FM ១០២ មិនទាន់សុំប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលបាននៅឡើយ ។ ប៉ុន្តែកន្លងមក រដ្ឋាភិបាលតែងតែអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរជាងប្រទេសដទៃ ៕