ភ្នំពេញ៖ នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យក្រសួងពីរ គឺក្រសួងកិច្ចការនារី និង ក្រសួងអប់រំយុវជន និង កីទ្បា ត្រូវពិចារណាទ្បើងវិញ អំពីការកាត់បន្ថយគម្លាតរវាងសិស្សស្រី និងសិស្សប្រុសចាប់ពីថ្នាក់មធ្យមសិក្សាទុតិយភូមិទ្បើងទៅ។ ការស្វែងរកដំណោះស្រាយនេះ ដោយសារចំនួនសិស្សស្រីចាប់ពីថ្នាក់មធ្យមសិក្សាទុតិយ នៅមានចំនួនទាបជាងសិស្សប្រុសនៅទ្បើយ។ ការជំរុញបែបនេះក្នុងគោលបំណងដើម្បីឱ្យក្រសួងទាំងពីរខាងលើ រកដំណោះស្រាយយ៉ាងណាចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាតរវាងសិស្សស្រី និងសិស្សប្រុសឱ្យមានចំនួនទាបបំផុត។
វិសមភាពយេនឌ័រក្នុងវិស័យអប់រំនៅតែមាននៅទ្បើយ ជាពិសេសនោះនៅក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ និង ឧត្តមសិក្សា។ ទាក់ទងនឹងវិសមភាពនេះ រដ្ឋាភិបាលបានជំរុញឱ្យក្រសួងដែលពាក់ព័ន្ធមានដូចជាក្រសួងកិច្ចការនារី និង ក្រសួងអប់រំយុវជន និងកីទ្បា ត្រូវស្វែងរកវិធីសាស្ត្រយ៉ាងណាដើម្បីឱ្យមានចំនួនសិស្សស្រីអាចចូលសិក្សាប្រហាក់ប្រហែលនឹងសិស្សប្រុស។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា ក្រសួងកិច្ចនារី និងក្រសួងអប់រំយុវជននិងកីទ្បាកំពុងតែអនុវត្តន៍ផែនការរបស់ខ្លួន ដើម្បីកាត់បន្ថយគម្លាតរវាងសិស្សស្រី និងសិស្សប្រុសតាមការជំរុញរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីរដ្ឋមន្ត្រីបានបន្តថា ដើម្បីចូលរួមចំណែកកាត់បន្ថយគម្លាតរវាងសិស្សស្រី និងសិស្សប្រុស ក្រសួងកិច្ចការនារី និងក្រសួងអប់រំបានបង្កើតអន្តេវាសិកដ្ឋានដើម្បីឱ្យសិស្សស្រីស្នាក់នៅ និងងាយស្រួលធ្វើដំណើរទៅសិក្សានៅថ្នាក់មហាវិទ្យាល័យ។
បន្ថែមពីនេះទៀតក្រសួងទាំងពីរខាងលើ បានរកឃើញថា សិស្សស្រីនៅថ្នាក់មធ្យមសិក្សាទុតិយភូមិក៏មានចំនួនទាបជាងសិស្សប្រុសផងដែរ ដូច្នេះក្រសួងនិងរកដំណោះស្រាយបន្ថែមទៀត ដើម្បីកាត់បន្ថយនៅគម្លាតទាំងនោះ។ ប៉ុន្តែលោកស្រីមិនទាន់អាចប្រាប់បានពីមធ្យោបាយក្នុងការដោះស្រាយបន្តទៀតនោះទេ ដោយរង់ចាំក្រសួងទាំងពីរពិភាក្សាគ្នាបន្តទៀតសិន។
លោកស្រី អ៊ឹង កន្ថាផាវីបានបញ្ជាក់ផងដែរថា នៅពេលដែលមានចំនួនស្ត្រីរៀនបានកាន់តែច្រើន នោះនឹងអាចជួយទៅដល់សង្គមជាតិទាំងមូលផងដែរ។ «យើងឃើញថាស្ត្រីមានចំនួនពាក់កណ្តាលនៃចំនួនសរុបប្រជាពលរដ្ឋនៅប្រទេសច្រើននៅក្នុងពិភពលោក ហើយប្រទេសកម្ពុជាយើងជាប្រទេសមួយដែលមាន ៥២ % នៃចំនួនប្រជាពលរដ្ឋសរុបដែលជាស្ត្រីដូច្នេះពេលយើងបង្កើនគេហៅថាចំណេះដឹងរបស់ស្ត្រីយើងបង្កើនគុណភាពនៅធនធានមនុស្សដែលមាននៅស្រុកខ្មែរយើងដែលអាចចូលរួមចំណែកយ៉ាងសកម្ម ហើយយ៉ាងប្រសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍរបស់ប្រទេសជាតិ»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ វិទ្យុស្ត្រីមិនទាន់អាចសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីទ្បា លោក រស់ សាលីន បានទេនៅថ្ងៃនេះ ។
ចំណែកឯប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី បានផ្តល់បទម្ភាសន៍ជាមួយ វិទ្យុស្ត្រីនៅថ្ងៃនេះថា ទោះបីជាក្រសួងកិច្ចការនារី និងក្រសួងអប់រំចូលរួមកាត់បន្ថយគម្លាតរវាងសិស្សស្រី-សិស្សប្រុសយ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមិនមានប្រសិទ្ធភាពដដែល។ មិនមានប្រសិទ្ធិភាព ព្រោះថាដើម្បីកាត់បន្ថយគម្លាតរវាងសិស្សស្រី និងសិស្សប្រុសបាននោះលុះត្រាតែរាជរដ្ឋាភិបាលអាចកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានជាមុនសិន ក្នុងនោះកត្តាភាពក្រីក្រ បានរារាំងមិនឱ្យស្ត្រីអាចមានឱកាសសិក្សាបានច្រើនដូចបុរស។
«កត្តាជំរុញរបស់គាត់គឺសិស្សស្រីគាត់មានកាតព្វកិច្ចមួយ ជួយសម្រួលការងារជំនួសម្តាយគ្រួសាររបស់គាត់អ៊ីញ្ចឹងគាត់ត្រូវតែរៀនតិចតួចទៅធ្វើការរោងចក្រ ដើម្បីបានប្រាក់ខែជួយដោះបំណុលជួយក្នុងការទ្រទ្រង់ជីវភាពរបស់ក្រុមគ្រួសារហើយបង្ខំចិត្តបោះបង់ការសិក្សា»។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី លើកឡើងទៀតថា សម្តេច ហ៊ុនសែន ធ្លាប់បានលើក ទ្បើងពីបញ្ហាគម្លាតរវាងសិស្សស្រី និងសិស្សប្រុសនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នឹងបានលើកទ្បើងជាថ្មីម្តងទៀត នៅក្នុងទិវានារីអន្តរជាតិ ០៨ មីនា ឆ្នាំ២ ០១៦ ដោយស្នើឱ្យក្រសួងកិច្ចការនារី និងក្រសួងអប់រំត្រូវពិចារណាទ្បើងវិញ ពីការកាត់បន្ថយគម្លាតចំនួនសិស្សស្រី និងសិស្សប្រុសនៅថ្នាក់មធ្យមសិក្សាទុតិយភូមិទ្បើងទៅ ដោយធ្វើយ៉ាងណាឱ្យមានចំនួនសិស្សស្រីអាចចូលសិក្សាប្រហាក់ប្រហែលនិងសិស្សប្រុសដែរ៕