en     km
en     km

​លោកស្រី​ រ៉ូ​ណា ​​ស្មី​ត​ បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​

Share

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ (Rhona​ Smith)​ អ្នក​​រាយ​ការណ៍​​ពិសេស​របស់​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​)​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​បាន​ជួប​​លោក​ កឹ​ម​ សុខា​ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​។​ ក្នុង​ជំនួប​នោះ​ លោកស្រី​បាន​សម្តែង​ក្តី​បារម្ភ​អំពី​បញ្ហា​​រំលោភ​សិទ្ធ​មនុស្ស​នៅ​កម្ពុជា​បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ បាន​ប្រាប់​បញ្ហា​នយោបាយ​នៅ​កម្ពុ​ជានា​ពេល​​​បច្ចុ​ប្បន្ន​នេះ​ ។​ ចំណែ​ក​មន្ត្រី​​ជាន់​​ខ្ពស់​​គណ​បក្សកាន់​អំណាច​​ថា​​បញ្ហា​​រំលោភ​​សិទ្ធិ​​​មនុស្ស​​នៅ​​មាន​​ការ​​ថយ​​ចុះ​​គួរ​ឲ្យ​គាត់​សម្គាល់​​។​

Rona-Smite
លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ អ្នក​​រាយ​ការណ៍​​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ លោកស្រី​  រ៉ូ​ណា​ ស្មី​ត​ នឹង​លើក​ឡើង​ពី​បញ្ហា​ ការ​ឡើងក​ម្តៅ​​នយោបាយ​នៅ​កម្ពុជា​ និង​ បញ្ហា​សេរីភាព​អ្នកនយោបាយ​ប្រឆាំង​ ទៅ​ជជែក​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ ។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ មាន​ប្រសាសន៍​ទៀត​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ថ្លែងប្រាប់​ទៅ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ អំពី​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ចាប់​ឃុំខ្លួន​មក​លើ​សមាជិក​គណបក្ស​សមរ​ង្ស៊ី​ លោក​ ហុង​ សុខ​ហួរ​ និង​ករណី​ឃុំខ្លួន​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ រួម​ទាំង​សកម្មជន​គណបក្ស​ជំនា​ស់​ ១០​ នាក់​ផ្សេង​ទៀត​។​

​អ្នកនាំពាក្យ​រូប​នេះ​ បន្ត​ថា​ លោកស្រី​  រ៉ូ​ណា​ ស្មី​ត​ នឹង​ជួយ​ជំរុញ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ដំណើរ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធ​មនុស្ស​ទៅ​លើ​គណបក្ស​ជំនា​ស់​ដ៏​មាន​ប្រជា​បិ​យ​ភាព​។​

​លោក​ យឹ​ម​ សុវណ្ណ​ មាន​ប្រសាសន៍​ថា ​​៖ «​ជា​ការ​ពិត​គាត់​សម្តែង​ការ​បារម្ភ​ ហើយ​គាត់​បន្ត​តាមដាន​យក​ចិត្ត​ទុក​ដាក់​​​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​គ្រប់​ភាគី​ខិតខំ​អនុវត្ត​គោលការណ៍​លិ​ទ្ធិ​ប្រជាធិបតេយ្យ…​»​។

​ទាក់ទិន​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​ឆ្លើយ​តប​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​​ដោះ​​ស្រាយ​​រួច​រាល់​​ជា​​ច្រើន​​ករណី​​គួរ​​ឲ្យ​​កត់​សំគាល់​​ដែរ​ ហើយ​​គណ​បក្ស​កាន់​អំណាច​​មិន​​បាន​​កៀប​សង្កត់​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

«​ខ្ញុំ​យល់​ថា​គ្មាន​អ្វី​រឹត​ត្បឹ​ត​សេរីភាព​ពី​គណបក្សកាន់អំណាច​ តាម​ពិត​ទៅ​ផលវិបាក​នៃ​ការ​ប្រព្រឹត្តិ​នៃ​សមី​ជន​ម្នាក់​ៗ​​ ទោះ​បី​ជា​អ្នក​នយោ​បាយ​​ក៏​​ដោយ​​ឲ្យ​​តែ​​ប្រព្រឹត្តិ​បទ​ល្មើស​​ខុស​ច្បាប់​ត្រូវ​​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់…​»​។​

​ចំណែក​​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ លោក​បណ្ឌិត​ មាស​ នី​ យល់​ឃើញ​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​លិទ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពុំ​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅឡើយ​ ព្រោះ​សិទ្ធិ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​នៅ​មានការ​រឹតត្បិត​ខ្លាំង​ ដូច​ជា​ករណី​អាជ្ញាធរ​រារាំង​សង្គម​ស៊ី​វិល​ និង​ជនជាតិ​ដើម​ភាគតិច​មិន​ឲ្យ​ធ្វើ​សិក្ខាសាលា​ក្នុង​ខេត្តរតនគិរី​ និង​ខេត្តព្រះវិហារ​ កាលពី​ថ្មីៗ​នេះ​ជាដើម​។​

លោក​បណ្ឌិត​ មាស​ នី​ និយាយ​ថា​ ៖​ «​ទោះបីជា​រដ្ឋាភិបាល​ខំ​ប​ដិ​សេ​ដ​ក៏​ដោយ​ ប៉ុន្តែ​សកម្មភាព​ជាក់ស្តែង​បាន​បង្ក​​ឲ្យ​ប្រជាពលរដ្ឋ​មើលឃើញ​ច្បាស់​ថា​ ស្ថានការណ៍​សិទ្ធិ​មនុស្ស​ហាក់​មិន​ទាន់​ទូលំ​លាយ​ដោយ​រួម​ទាំង​ការ​ហាមឃាត់​មិន​ឲ្យ​មានការ​ប្រជុំ​ និង​ ការ​រៀនសូត្រ​របស់​សហគមន៍​នៅ​ខេត្តរតនគិរី​ ព្រះ​វិហារ​ថ្មី​នេះ…​»​។​

អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​រូប​នេះ​ថា​ បើ​ទោះបីជា​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ ជំរុញ​ទៅ​គណបក្ស​ប្រជា​ជន​​កម្ពុជា​ ឲ្យ​យកចិត្តទុកដាក់​ក្នុង​ដំណើរ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធ​មនុស្ស​ក៏​ដោយ​ លោក​ហាក់​ពុំ​មាន​ជំនឿ​ថា​រដ្ឋាភិបាល​កម្ពុជា​អាច​ធ្វើ​បាន​នោះ​ទេ​។​

កាលពី​ថ្ងៃ​ទី​ ២៩​ ខែមីនា​  ឆ្នាំ​ ២០១៦​ នេះ​ អង្គការ​មួយ​ធ្វើ​ការងារ​ខាង​បោះ​ឆ្នោត​នៅ​កម្ពុជា​ គឺ​អង្គការ ខមហ្វ្រែល​បាន​​បង្ហាញ​របាយការណ៍​វាយតម្លៃ​របស់​ខ្លួន​ថា​ ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​នៅ​រយៈពេល​ ចុង​ក្រោយ​នេះ​ គឺ​ដូច​ជា​ករណី​ លោក​សមរ​ង្ស៊ី​ ករណី​លោក​ ហុង​សុ​ហួរ​ ករណី​ សកម្ម​ជ​ បក្ស​សង្គ្រោះ​ជាតិ​កំពុង​ឃុំខ្លួន​នៅ​ព​ន្ធា​គារ​ព្រៃ​ស​ និង​ករណី​លោក​ កឹ​ម​ សុខា​ ថែម​ទៀត​នេះ​៕

Share

ព័ត៌មានទាក់ទង

Image