en     km
en     km

សហគមន៍​ដីធ្លី​ស្នើ​ឱ្យ​រដ្ឋសភា​កោះហៅ​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ និង​លោក​ កែប​ ជុតិមា​ បំភ្លឺ​រឿង​លុប​បឹង​ក្នុង​រាជធានី​ភ្នំពេញ​

Share

ភ្នំពេញ៖  ​សហគមន៍​រង​គ្រោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំ​ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ មាន​គ្នា​ប្រមាណ​ ៥០​ នាក់​ បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ឱ្យ​កោះហៅ​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ និង​លោក​ កែប​ ជុតិមា​ អតីត​អភិបាលក្រុង​ភ្នំពេញ​ បកស្រាយ​បំភ្លឺ​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​អាជ្ញាធរ​លុប​បឹង​ធម្មជាតិ​ប្រមាណ​ជាង​ ២០​ ក្នុង​រាជធានី​ភ្នំពេញ​។​

​ការ​ដាក់​ញត្តិ​របស់​ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទៅ​រដ្ឋ​សភាជាតិ​នេះ​ ធ្វើ​ឡើង​នៅ​ម៉ោង​ប្រមាណ​ ១១​ ព្រឹក​ ថ្ងៃ​ទី​៣១​ ខែមីនា​នេះ​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ហាមឃាត់​មិន​ឱ្យ​ដង្ហែរ​ក្បួន​នៅ​ចំណុច​តំបន់​បឹង​កក់​រួច​មក​។​

cover-Boeng-Kak-petition-at-Nat-Assemblyតំណាង​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​សហគមន៍​បឹង​កក់​ អ្នកស្រី​ ទេព​ វ​ន្នី​ លើក​ឡើង​ថា​ សហគមន៍​ទាំងអស់​ដែល​នាំ​យក​ញត្តិ​មក​ជូន​រដ្ឋសភា​នា​ពេល​នេះ​ គឺ​ចង់ឱ្យ​រដ្ឋសភា​ធ្វើការ​កោះហៅ​លោក​  លោក​ ប៉ា​ សុ​ជាតិ​វង្ស​ និង​លោក​ កែប​ ជុតិមា​ ឱ្យ​ឆ្លើយ​បំភ្លឺ​អំពី​ការ​លុប​បឹង​ធម្មជាតិ​ដែល​មាន​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ ២០​កាលពី​អតីតកាល​ និង​កំពុង​បន្ត​លុប​នា​ពេល​សព្វ​ថ្ងៃនេះ​។​ អ្នកស្រី​បន្ត​ថា​ ការ​ស្នើ​នេះ​ ក៏​ព្រោះតែ​សហគមន៍​សង្ស័យ​ថា​ ការ​លុប​បឹង​ទាំងនោះ​ គឺ​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ពី​សំណាក់​អាជ្ញាធរ​ជាមួយ​ក្រុមហ៊ុន​។​

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ​២០១៥​ របស់​សមាគម​ធាងត្នោត​ បាន​រក​ឃើញ​ថា​ បឹង​ធម្មជាតិ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​លុប​ក្រោម​ហេតុផល​នៃ​ការ​អភិវឌ្ឍ​នោះ​ មាន​ចំនួន​ ២៥​ រួម​មាន​៖​ បឹង​ត្របែក​១​ និង​បឹង​ត្របែក​២,​ បឹង​ទំពុន​១,​ បឹង​ទំពុន​២,​ បឹង​ជើងឯក​,​ បឹង​ស្នោរ​,​ បឹង​ឈូក​,​ បឹង​សាឡា​ង​,​ បឹង​កក់​,​ បឹង​តា​មោក​ ឬ​ទំនប់​កប់​ស្រូវ​,​ បឹង​ពោងពាយ​ និង​បឹង​បា​យ៉ាប​ជាដើម​។​

​សូម​បញ្ជាក់​ថា​ នៅ​ក្នុង​យុទ្ធនាការ​បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ​នេះ​ សហគមន៍​ទាំង​ ៤០​ ក៏​នឹង​នាំ​យក​ញត្តិ​ដាក់​ជូន​រដ្ឋសភា​ដើម្បី​ឱ​រដ្ឋសភា​ពិនិត្យ​ និង​អន្តរាគមន៍​ជា​បន្ទាន់​ ទៅ​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ការ​ផ្តល់​សិទ្ធិ​ដល់​អ្នក​វិនិយោគ​ ឈ្មួញ​ និង​អ្នកមាន​អំណាច​ ព្រមទាំង​ការពារ​ឱ្យបាន​រឹង​មាំ​នូវ​បឹង​ធម្មជាតិ​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image