ភ្នំពេញ៖ សហគមន៍រងគ្រោះដីធ្លីក្នុងរាជធានីភ្នំ និងតាមបណ្តាខេត្តមួយចំនួន មានគ្នាប្រមាណ ៥០ នាក់ បានដាក់ញត្តិទៅរដ្ឋសភាឱ្យកោះហៅលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបច្ចុប្បន្ន និងលោក កែប ជុតិមា អតីតអភិបាលក្រុងភ្នំពេញ បកស្រាយបំភ្លឺពីមូលហេតុដែលនាំឱ្យអាជ្ញាធរលុបបឹងធម្មជាតិប្រមាណជាង ២០ ក្នុងរាជធានីភ្នំពេញ។
ការដាក់ញត្តិរបស់ក្រុមពលរដ្ឋមានទំនាស់ដីធ្លីទៅរដ្ឋសភាជាតិនេះ ធ្វើឡើងនៅម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី៣១ ខែមីនានេះ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចហាមឃាត់មិនឱ្យដង្ហែរក្បួននៅចំណុចតំបន់បឹងកក់រួចមក។
តំណាងពលរដ្ឋរងគ្រោះដីធ្លីសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី លើកឡើងថា សហគមន៍ទាំងអស់ដែលនាំយកញត្តិមកជូនរដ្ឋសភានាពេលនេះ គឺចង់ឱ្យរដ្ឋសភាធ្វើការកោះហៅលោក លោក ប៉ា សុជាតិវង្ស និងលោក កែប ជុតិមា ឱ្យឆ្លើយបំភ្លឺអំពីការលុបបឹងធម្មជាតិដែលមានក្នុងរាជធានីភ្នំពេញប្រមាណ ២០កាលពីអតីតកាល និងកំពុងបន្តលុបនាពេលសព្វថ្ងៃនេះ។ អ្នកស្រីបន្តថា ការស្នើនេះ ក៏ព្រោះតែសហគមន៍សង្ស័យថា ការលុបបឹងទាំងនោះ គឺមានជាប់ពាក់ព័ន្ធអំពើពុករលួយពីសំណាក់អាជ្ញាធរជាមួយក្រុមហ៊ុន។
យោងតាមរបាយការណ៍ស្រាវជ្រាវឆ្នាំ២០១៥ របស់សមាគមធាងត្នោត បានរកឃើញថា បឹងធម្មជាតិក្នុងរាជធានីភ្នំពេញដែលត្រូវបានលុបក្រោមហេតុផលនៃការអភិវឌ្ឍនោះ មានចំនួន ២៥ រួមមាន៖ បឹងត្របែក១ និងបឹងត្របែក២, បឹងទំពុន១, បឹងទំពុន២, បឹងជើងឯក, បឹងស្នោរ, បឹងឈូក, បឹងសាឡាង, បឹងកក់, បឹងតាមោក ឬទំនប់កប់ស្រូវ, បឹងពោងពាយ និងបឹងបាយ៉ាបជាដើម។
សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការបញ្ឈប់ការលុបបឹងធម្មជាតិនេះ សហគមន៍ទាំង ៤០ ក៏នឹងនាំយកញត្តិដាក់ជូនរដ្ឋសភាដើម្បីឱរដ្ឋសភាពិនិត្យ និងអន្តរាគមន៍ជាបន្ទាន់ ទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការផ្តល់សិទ្ធិដល់អ្នកវិនិយោគ ឈ្មួញ និងអ្នកមានអំណាច ព្រមទាំងការពារឱ្យបានរឹងមាំនូវបឹងធម្មជាតិពិសេសនៅក្នុងរាជធានីភ្នំពេញ៕