វៀតណាម៖ តុលាការក្រុងហាណូយកាលពីថ្ងៃទី៣០ មីនា បានកាត់ទោសស្ដ្រីបីនាក់ ដែលដឹកនាំការតវ៉ា ហើយលើកទង់ជាតិអតីតរដ្ឋាភិបាលខាងត្បូងពីបទឃោសនាប្រឆាំងរដ្ឋគឺ បន្ទាប់ពីពួកគេបានឆ្លងកាត់ការជំនុំជម្រះក្ដីរយៈពេលពេញមួយព្រឹក។
ស្ដ្រីជនជាប់ចោទនោះត្រូវបានរកឃើញកំហុសក្រោមមាត្រានៃក្រមព្រហ្មទណ្ឌដោយប្រើប្រាស់ឧបករណ៍ឃោសនាប្រឆាំងនឹងនយោបាយរបស់រដ្ឋវៀតណាម។ ប៉ុន្ដែក្រុមសិទ្ធិមនុស្សនិយាយថាប្រទេសកម្មុយនីស្ដមួយនេះកំពុងតែរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាជន។
បណ្ដាញផ្សាយព័ត៌មានរដ្ឋប្រទេសវៀតណាមបានរាយការណ៍ថាស្ដ្រីទាំងបីនាក់នោះ បានតវ៉ារឿងជម្លោះដៃធ្លីរបស់ពួកគេ ហើយនៅក្នុងការតវ៉ានោះពួកគេបានកាន់ទង់ជាតិអតីតរបបសាធារណរដ្ឋវៀតណាមខាងត្បូង។
ស្ដ្រីទាំងបីនាក់នេះត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០១៤ ខណៈដែលពួកគេស្រែកតវ៉ាប្រឆាំង និងការរំលោភដីធ្លីនៅខាងក្រៅស្ថានកុងសុលអាមេរិកនៅទីក្រុងហូជីមិញដែលពីមុនគេហៅថាទីក្រុងសៃហ្កន។ ស្ដ្រីទាំងបីនាក់នេះត្រូវបានផ្ដន្ទាទោសឱ្យមានទោសបីឆ្នាំ ហើយត្រូវបានដោះលែងវិញនៅថ្ងៃនេះ ប៉ុន្ដែបានដាក់កំហិតបង្ខំឱ្យឃុំខ្លួននៅក្នុងផ្ទះរយៈពេលបីឆ្នាំបន្តទៀត។
ស្ត្រីទាំង៣នាក់នេះមានឈ្មោះ Ngo Thi Minh Uoc អាយុ ៥៧ ឆ្នាំ Nguyen Thi Tri និង Nguyen Thi Be Hai អាយុ ៥៨ ឆ្នាំ។
វៀតណាមខាងជើងបានផ្ដូលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យ ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅឆ្នាំ១៩៧៥ ហើយបានបង្កើតរដ្ឋកុម្មុនីយស្ដមួយកាលពីពេលនោះមក។ ប្រទេសវៀតណាមបច្ចុប្បន្ននេះពុំមានគណបក្សប្រឆាំងនោះទេ៕