ភ្នំពេញ៖ ផលិតផលសរុបក្នុងស្រុកត្រូវបានព្យាករណ៍ថានឹងកើនឡើង ០៧% ក្នុងឆ្នាំ ២០១៦ នេះ។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ។ របាយការណ៍បានអះអាងទៀតថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែមានភាពរឹងមាំក្នុងរយៈពេល ០២ ឆ្នាំខាងមុខនេះ។
របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB ដែលបានចេញផ្សាយនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៦ នេះ បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងអាចរក្សានៅថេរក្នុងកម្រិត ០៧% ក្នុងឆ្នាំ ២០១៦ និងកើនឡើងបន្តិចបន្តួចនៅក្នុងឆ្នាំ២០១៧ ។ ការរក្សាបាននូវកំណើនសេដ្ឋកិច្ចថេរនេះ ដោយមានការជម្រុញពីវិស័យឧស្សាហកម្មកាត់ដេរស្បែកជើង សំណង់ និងសេវាកម្ម។
របាយការណ៍ដដែលនេះ បានព្យាករណ៍ទៀតថា វិស័យសេវាកម្មនឹងមានការកើនឡើង ៧.៨% នៅក្នុងឆ្នាំនេះ ដោយសារតែមានកំណើនខ្ពស់នៃពាណិជ្ជកម្មលក់ដុំ និងរាយ អចលនទ្រព្យ ព្រមទាំងសេវាធុរកិច្ចនិងហិរញ្ញវត្ថុ។ ចំណែកវិស័យឧស្សាហកម្មនឹងមានកំណើន ៩.៥% ដោយមានការគាំទ្រពីពិពិធកម្មផលិតផលសម្លៀកបំពាក់ និងស្បែកជើង ទៅរកផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ រីឯវិស័យកសិកម្មត្រូវបានព្យាករណ៍ថានឹងមានកំណើន ១.៦% ។
ទន្ទឹមនឹងការព្យាករណ៍ពីការរក្សាបាននូវកំណើនសេដ្ឋកិច្ចថេរ កម្ពុជាក៏អាចនឹងមានហានិភ័យទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។ ពោលគឺ ហានិភ័យនៅក្រៅប្រទេស មានដូចជា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងទីផ្សារធំៗ និងការឡើងថ្លៃប្រាក់ដុល្លារអាមេរិក ដែលអាចធ្វើឱ្យប៉ះពាល់បន្ថែមទៀតដល់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក យ៉ាន់ ហាន់សិន (Jan Hansen) មន្ត្រីផ្នែកសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ។
លោកបន្តថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ តាមរយៈការវិនិយោគធនាគារនិងទេសចរណ៍៖ «ដោយសារតែប្រទេសចិនមានភ្ញៀវទេសចរណ៍មកលេងប្រទេសកម្ពុជា អញ្ចឹងមានន័យថា វាក៏អាចប៉ះពាល់ទៅលើរឿងហ្នឹង មួយទៀតប៉ះពាល់ទៅលើ FDI ហើយវាអាចប៉ះពាល់ទៅវិស័យហិរញ្ញវត្ថផងដែរ ដោយសារតែលំហូចូលនៃវិស័យហិរញ្ញវត្ថុ ក្នុងទីផ្សារចលនទ្រព្យ ហើយមួយទៀតទំនាក់ទំនងវិស័យពាណិជ្ជក៏សូវរឹងមាំដែរ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឯកភាពចំពោះការព្យាករណ៍នេះ។ លោកបានថ្លែងថា ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងហានិភ័យ ឬ វិបត្តិសេដ្ឋកិច្ចដែលអាចកើតមានឡើង រដ្ឋាភិបាលកម្ពុជា នឹងពង្រឹងពាណិជ្ជកម្មគ្រប់កន្លែងនៅក្នុងស្រុក និងពង្រីកទៅក្នុងតំបន់ និងអន្តរជាតិ៖«ប៉ុន្តែឱ្យកសិកម្មក្លាយទៅជាកសិឧស្សាកម្មឈានមិនទាន់អាចដល់ទេ ដោយសារអាស្រ័យទៅដោយរបៀបរបបរបស់យើង នៅក្នុងលក្ខណៈប្រពៃណី ដូច្នេះយើងកំពុងតែបង្កើតវិស័យឧស្សាហកម្មវិញ ដើម្បីឱ្យវិស័យទាំងពីរហ្នឹងអាចថ្លឹងថ្លែងគ្នាទៅវិញទៅមក»។
បើតាមរបាយកាណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងដែរថា កម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយនិរន្តរភាពជាមធ្យម ៧.៩% ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៥ ។ ប៉ុន្តែគំរូនៃកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើការទាក់ទាញ ការវិយោគពីបរទេសមកទាញប្រយោជន៍ពីភាពសំបូរហូហៀរនៃកម្លាំងពលកម្មដែលមានជំនាញទាប និងប្រាក់ឈ្នួលថោកទាំងនេះ ទំនងជាមិនអាចមានភាពស្ថិតស្ថេរទេ។
របាយការណ៍បន្តថា ថ្វីត្បិតតែប្រទេសកម្ពុជា មានការចូលរួមក្នុងទីផ្សារពលកម្មខ្ពស់ ហើយមនុស្សជាច្រើនមានការងារធ្វើក៏ដោយ តែការងារជាច្រើនជាការងារក្រៅផ្លូវការ ងាយរងគ្រោះ ពុំមានសុវត្តិភាព និងទទួលបានប្រាក់ខែទាប។ ដើម្បីបង្កើនគុណភាពមុខរបរ និងការងារ កម្ពុជាត្រូវដោះស្រាយនូវភាពខ្វះខាតក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ដើម្បីធ្វើយ៉ាងណាជួយកុមារឱ្យបានរៀនចប់ចុងចប់ដើម៕