en     km
en     km

ADB​ ព្យាករណ៍​ថា​ កម្ពុជា​នឹង​អាច​រក្សា​​បាន​​កំណើន​សេដ្ឋ​កិច្ច​ ០៧%​ ​នៅ​​ឆ្នាំ​ ​២០១៦​ ​និង​​កើនឡើង​បន្តិច​ឆ្នាំ​ ២០១៧

Share

​ភ្នំពេញ​៖​ ផលិតផល​សរុប​ក្នុងស្រុក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ០៧%​ ក្នុង​ឆ្នាំ​ ២០១៦​ នេះ​។​ នេះ​បើ​យោង​តាម​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ ហៅ​កាត់​ថា​ ADB​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​។​ របាយការណ៍​បាន​អះអាង​ទៀត​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​កាន់តែ​មាន​ភាពរឹងមាំ​ក្នុង​រយៈពេល​ ០២ ​ឆ្នាំ​ខាង​មុខ​នេះ​។​

​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា​ ADB​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ៣០​ ខែមីនា​ ឆ្នាំ​ ២០១៦​ នេះ​ បាន​បង្ហាញ​ថា​ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ នឹង​អាច​រក្សា​នៅ​ថេរ​ក្នុង​កម្រិត​ ០៧%​ ក្នុង​ឆ្នាំ​ ២០១៦​ និង​កើនឡើង​បន្តិចបន្តួច​នៅ​ក្នុង​ឆ្នាំ​២០១៧​ ។​ ការ​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ថេរ​នេះ​ ដោយ​មានការ​ជម្រុញ​ពី​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ស្បែកជើង​ សំណង់​ និង​សេវាកម្ម​។​

World-Bank
លោក​ យ៉ា​ន់​ ហាន់​សិន​ ( Jan​ Hansen )​ មន្ត្រី​ផ្នែក​សេដ្ឋកិច្ច​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ក្នុង​សន្និសីទ​សារព័ត៌​មាន

​របាយការណ៍​ដដែល​នេះ​ បាន​ព្យាករណ៍​ទៀត​ថា​ វិស័យ​សេវាកម្ម​នឹង​មានការ​កើនឡើង​ ៧.៨%​ នៅ​ក្នុងឆ្នាំនេះ​ ដោយសារ​តែ​មាន​កំណើន​ខ្ពស់​នៃ​ពាណិជ្ជកម្ម​លក់ដុំ​ និង​រាយ​ អចលនទ្រព្យ​ ព្រមទាំង​សេវា​ធុរកិច្ច​និង​ហិរញ្ញវត្ថុ​។​ ចំណែក​វិស័យ​ឧស្សាហកម្ម​នឹង​មាន​កំណើន​ ៩.៥%​ ដោយ​មានការ​គាំទ្រ​ពី​ពិពិធ​កម្ម​ផលិតផល​សម្លៀក​បំពាក់​ និង​ស្បែកជើង​ ទៅ​រក​ផលិតផល​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​។​ រីឯ​វិស័យ​កសិកម្ម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​កំណើន​ ១.៦%​ ។​

ទន្ទឹម​នឹង​ការ​ព្យាករណ៍​ពី​ការ​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ថេរ​ កម្ពុជា​ក៏​អាច​នឹង​មាន​ហានិភ័យ​ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​ផង​ដែរ​។​ ពោល​គឺ​ ហានិភ័យ​នៅ​ក្រៅប្រទេស​ មាន​ដូច​ជា​ ការ​ធ្លាក់​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ទីផ្សារ​ធំៗ​ និង​ការ​ឡើងថ្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​បន្ថែម​ទៀត​ដល់​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​កម្ពុជា​។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ យ៉ា​ន់​ ហាន់​សិន​ (Jan​ Hansen)​  មន្ត្រី​ផ្នែក​សេដ្ឋកិច្ច​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃនេះ​។​

លោក​បន្ត​ថា​  ការ​ធ្លាក់​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​ តាម​រយៈ​ការ​វិនិយោគ​ធនាគារ​និង​ទេសចរណ៍​៖​ «​ដោយសារ​តែ​ប្រទេស​ចិន​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​ប្រទេស​កម្ពុជា​ អ​ញ្ចឹ​ង​មាន​ន័យ​ថា​ វា​ក៏​អាច​ប៉ះពាល់​ទៅ​លើ​រឿង​ហ្នឹង​ មួយទៀត​ប៉ះពាល់​ទៅ​លើ​ FDI​ ហើយ​វា​អាច​ប៉ះពាល់​ទៅ​វិស័យ​ហិរញ្ញ​វត្ថ​ផង​ដែរ​ ដោយសារ​តែ​លំហូ​ចូល​នៃ​វិស័យ​ហិរញ្ញវត្ថុ​ ក្នុង​ទីផ្សារ​ចលនទ្រព្យ​ ហើយ​មួយទៀត​ទំនាក់ទំនង​វិស័យ​ពាណិជ្ជ​ក៏​សូវ​រឹង​មាំ​ដែរ​»​។​

លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ឯកភាព​ចំពោះ​ការ​ព្យាករណ៍​នេះ​។​ លោក​បាន​ថ្លែង​ថា​ ដើម្បី​ត្រៀមលក្ខណៈ​ទប់ទល់​នឹង​ហានិភ័យ​ ឬ​ វិបត្តិ​សេដ្ឋកិច្ច​ដែល​អាច​កើត​មាន​ឡើង​ រដ្ឋាភិបាល​កម្ពុជា​ នឹង​ពង្រឹង​ពាណិជ្ជកម្ម​គ្រប់កន្លែង​នៅ​ក្នុងស្រុក​ និង​ពង្រីក​ទៅ​ក្នុង​តំបន់​ និង​អន្តរជាតិ​៖«​ប៉ុន្តែ​ឱ្យ​កសិកម្ម​ក្លាយទៅជា​ក​សិ​ឧស្សា​កម្ម​ឈាន​មិន​ទាន់​អាច​ដល់​ទេ​ ដោយសារ​អាស្រ័យ​ទៅ​ដោយ​របៀបរបប​របស់​យើង​ នៅ​ក្នុង​លក្ខណៈ​ប្រពៃណី​ ដូច្នេះ​យើង​កំពុង​តែ​បង្កើត​វិស័យ​ឧស្សាហកម្ម​វិញ​ ដើម្បី​ឱ្យ​វិស័យ​ទាំង​ពីរ​ហ្នឹង​អាច​ថ្លឹងថ្លែង​គ្នា​ទៅ​វិញ​ទៅ​មក​»​។​

បើ​តាម​របាយ​កាណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ បានឱ្យ​ដឹង​ដែរ​ថា​ កម្ពុជា​បាន​សម្រេច​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​និរន្តរភាព​ជា​មធ្យម​ ៧.៩%​ ចាប់ពី​ឆ្នាំ​ ២០០០​ ដល់​ឆ្នាំ​២០១៥​ ។​ ប៉ុន្តែ​គំរូ​នៃ​កំណើនសេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ការ​ទាក់ទាញ​ ការ​វិយោគ​ពី​បរទេស​មក​ទាញ​ប្រយោជន៍​ពី​ភាព​សំបូរហូហៀរ​នៃ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ទាប​ និង​ប្រាក់​ឈ្នួល​ថោក​ទាំងនេះ​ ទំនងជា​មិន​អាច​មាន​ភាព​ស្ថិតស្ថេរ​ទេ​។​

របាយការណ៍​បន្ត​ថា​ ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា​ មានការ​ចូលរួម​ក្នុង​ទីផ្សារពលកម្ម​ខ្ពស់​ ហើយ​មនុស្ស​ជា​ច្រើន​មានការ​ងារ​ធ្វើ​ក៏​ដោយ​ តែ​ការងារ​ជា​ច្រើន​ជា​ការងារ​ក្រៅផ្លូវការ​ ងាយ​រង​គ្រោះ​ ពុំ​មាន​សុ​វត្តិភាព​ និង​ទទួល​បាន​ប្រាក់ខែ​ទាប​។​ ដើម្បី​បង្កើន​គុណភាព​មុខរបរ​ និង​ការងារ​ កម្ពុជា​ត្រូវ​ដោះស្រាយ​នូវ​ភាព​ខ្វះខាត​ក្នុង​វិស័យ​អប់រំ​ និង​បណ្តុះបណ្តាល​ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​កុមារ​ឱ្យ​បាន​រៀន​ចប់​ចុង​ចប់​ដើម​៕​

Share

Image
Image
Image