ក្រោយព្រឹត្តិការណ៍ថ្ងៃទី៣០ មិនា ឆ្នាំ១៩៩៧ មកដល់ពេលនេះ យុត្តិធម៌សម្រាប់ជនរងគ្រោះ នៅមិនទាន់ទទួលបាន។ បើយុត្តិធម៌សម្រាប់ជនរងគ្រោះនៅមិនកើតមាន តើអាចកើតមានការសងសឹកឬទេ?
ចំណុចនេះអ្នកវិភាគស្ថានការណ៍សង្គម បានមើញឃើញថា ពាក្យថាសងសឹកគឺមិនមានន័យថា ចងកំហឹងដោយហិង្សានោះទេ គឺគេត្រូវសងសឹកតាមរយៈរូបភាពអហិង្សា គឺតាមរយៈតុលាការ ឬតាមរយៈយន្តការពិសេសណាមួយ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សព្រមានពីការសងសឹក។ ចំណែកភាគីរាជរដ្ឋាភិបាលទាមទាររកភស្តុតាង ដើម្បីដំណើរការរឿងក្ដីនេះ។
ជាបន្ដ សូមស្ដាប់បទវិភាគដែលរៀបចំឡើងដោយកញ្ញា ជុំ ជោគជាតា ដូចតទៅ៖
ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកចំនួន៤គ្រាប់ លើហ្វូងបាតុករនៅមុខអតីតរដ្ឋសភា ថ្ងៃទី៣០ ខែ មីនា ឆ្នាំ១៩៩៧ ដែលធ្វើឱ្យពលរដ្ឋខ្មែរ ១៥០ នាក់របួសធ្ងន់ និង ១៦ នាក់បានស្លាប់នោះ ក្លាយជាការចងចាំមួយដ៏ភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋខ្មែរ និងរឿងដ៏រន្ធត់បំផុត សម្រាប់សាច់ញាតិជនរងគ្រោះ។
ការសោកសង្វេគដ៏រន្ធត់ចំពោះការបាត់បង់សាច់ញាតិមួយនេះ គួរមានអ្វីមកជួលជុល។ សោកនាដកម្មនេះប្រហែលជាអស់លោកអ្នកនៅមានចម្ងល់ថាតើអស់រយៈកាល ១៩ ឆ្នាំមកនេះ យុត្តិធម៌សម្រាប់ជនរងគ្រោះ រួមទាំងសាច់ញាតិដែលបានស្លាប់ក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក ឆ្នាំ១៩៩៧ ពីមុខរដ្ឋសភាមានហើយឬនៅ? អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សនៃអង្គការអាដហុកគឺលោក នី សុខា។ លោកបារម្ភខ្លាចថា សង្គ្រាមបង្ហូរឈាម នឹងអាចកើតមានខណៈដែលរឿងអយុត្តិធម៌នូវមិនទាន់បានដោះស្រាយ។
លោក នី សុខា បានពន្យល់លើករណីនេះថា៖ «ពីព្រោះជាធម្មតា កាលណាអំពើអយុត្តិធម៌ទុកវាយូរៗទៅ ហើយយើងអត់ព្រមដោះស្រាយ អាហ្នឹងវាអាចដែរ។ សង្គមយើងវាមានប្រវត្តិហ្នឹង ហើយប្រវត្តិតាំងពីដើមមក គឺថាមានវប្បធម៌រហូតដល់គេប្រើពាក្យមួយថាទឹក ឡើងត្រីស៊ីស្រមោច ទឹកខោចស្រមោលស៊ីត្រីហ្នឹង ដោយសារអី ដោយសារតែអ្នកដឹកនាំ ប្រទេសយើងមួយជំនាន់ៗហ្នឹង មិនសូវបានយកចិត្តទុកដាក់អំពី អំពើអយុត្តិធម៌នោះទេ មិន បានផ្ដល់យុត្តិធម៌ឱ្យបានត្រឹមត្រូវទៅដល់អ្នកដែលគាត់រងគ្រោះ គាត់ដែលក្រីក្រ គាត់ដែល មិនមានអំណាច ស្អីៗហ្នឹងហើយ ដែលធ្វើឱ្យការឈឺចាប់នៅក្នុងសង្គម វាមានបញ្ហា…»។
ត្រង់ចំណុចនេះ លោក នី សុខា ក៏បានលើកឡើងពីករណីធំមួយចំនួន ដែលបានកើតឡើងថា ព្រឹត្តិការណ៍កន្លងមកមិនមែនតែគប់គ្រាប់បែកនៅមុខរដ្ឋសភានេះទេ ដែលមិនទាន់ទទួលបាន យុត្តិធម៌ តែមានហេតុការណ៍បាញ់សម្លាប់ លោក ជា វិជ្ជា និងរឿងសម្លាប់តារាភាពយន្ដ មួយចំនួនក៏នៅមិនទាន់ទទួលបានយុត្ថិធម៌ដូចគ្នា។ លោកថា រឿងនេះ រដ្ឋាភិបាលកម្ពុជា គួរតែខិតខំជំរុញយ៉ាងណា គ្រប់សមត្ថកិច្ចដែលពាកក់ព័ន្ធធ្វើការស៊ើបអង្កេត និងផ្ដល់ យុត្ថិធម៌ត្រឹមត្រូវទៅដល់ជនរងគ្រោះ។
ប្រហាក់ប្រហែលនេះដែរ លោក សូ ចន្ថា អ្នកវិភាគព្រឹត្តិការណ៍សង្គម បានមើលឃើញថា មាន រឿងជាច្រើនណាស់ដែលកើតមាននៅប្រទេសកម្ពុជាទាក់ទងនឹងរឿងមិនបានផ្ដល់យុត្តិធម៌។ លោក បន្ដ ថា ជាក់ស្ដែងដូចជារឿងបំផ្ទុះគ្រាប់បែកនៅឆ្នាំ១៩៩៧ នេះ។ ប៉ុន្ដែទោះជាបែបនេះ ក្ដី លោកថា ការសងសឹកដោយការបង្ហូរឈាមគ្នា ឬការបង្កើតជាគុំនុំសងសឹក គួរតែបំភ្លេច ចោល។
លោក សូ ចន្ថា ថា ៖ «ខ្ញុំគិតថា ដើម្បីឱ្យសង្គមយើងមានការវិវឌ្ឍ ហើយមានឯកភាព គ្នារុងរឿងទៅមុខនោះ ខ្មែរគួរប្រកាន់នូវទស្សនៈមួយ គឺការរូបរួមគ្នាជំរុញឱ្យមានការចូលរួម និងកិច្ចអភិវឌ្ឍជាតិជាជាងបង្កើតជាគុំនុំសងសឹក ក៏ប៉ុន្ដែមិនមែនថា ខ្មែរយើងបំភ្លេចចោលនូវនីតិរដ្ឋ ឬការផ្ដល់យុត្ថិធម៌នៅក្នុងសង្គមនោះទេ»។
ការទាមទាររកយុត្តិធម៌មានរូបភាពច្រើន គឺរាប់ទាំងការសងសឹកមួយដែរ ប៉ុន្តែគេត្រូវគិតថា សងសឹកដោយហិង្សា មិនគួរមានចំពោះប្រទេសកម្ពុជាបច្ចុប្បន្ននេះឡើយ។ លោក អូ វីរៈ ប្រធានវេទិកាអនាគត យល់ស្របការបកស្រាយរបស់លោក សូ ចន្ថា។
លោក អូ វីរៈ មានប្រសាសន៍ថា ការសងសឹកដោយការបង្ហូរឈាមនោះ គឺពលរដ្ឋខ្មែរមិនធ្វើនោះទេ។ ប៉ុន្ដែបើការទាមទាររកយុត្ថិធម៌ពីអ្នកធ្វើបាប គឺនឹងកើតមាន។
លោក អូ វីរៈ ថា៖ «ការរកយុត្ថិធម៌មិនមានជាការសងសឹកទេ ជាពិសេសប្រជាពលរដ្ឋដែល ជាជនរងគ្រោះ អ្នកដែលរងរបួស និងគ្រួសារអ្នកស្លាប់ គាត់ចង់ដឹងនូវការពិត គឺមិនទាក់ទង នឹងការសងសឹកទេ ហើយវាធ្វើឱ្យពួកគាត់ស្ងប់នឹងអារម្មណ៍ផង។ ប៉ុន្ដែបើជាសងសឹក គឺខុសគ្នា។ សងសឹកបានន័យថា គាត់តាមធ្វើបាបអ្នកដែលបានប្រព្រឹត្តវិញ បែបនេះគឺ គ្រោះថ្នាក់មែនទែន។ វប្បធម៌សងសឹកទោះបី ក្នុងលក្ខខណ្ឌបែបណាក៏ដោយ ក៏គ្រោះថ្នាក់ ដល់ប្រទេសជាតិដែរ»។
ខុសពីការលើកឡើងរបស់អ្នកតាមដានស្ថានការណ៍សង្គម និងមន្ត្រីសិទ្ធិមនុស្ស លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី មានប្រសាសន៍ថា យុត្តិធម៌សម្រាប់ជនរងគ្រោះគឺមិនហួសពេលឡើយ។ តែលោកប្រតិកម្មចំពោះអ្វីដែលលោកថា គេព្រមានពីការសងសឹក។
«មិនមែនបានសេចក្ដីថា ដើមឈើមួយដើមគេកាប់មានន័យថា ដីនោះរលាយនោះទេ មិនមែនរឿងចឹងនោះទេ ហើយសូមឱ្យអង្គការមិនមែនរដ្ឋាភិបាល តាំងចិត្តឱ្យសុចរិត តែប៉ុណ្ណឹងទេ។ យើងទាំងអស់គ្នារួមគ្នា ដើម្បីកសាងយុត្តិធម៌ អត់អាចដឹកកប៉ាល់ហោះពី ស្រុកអាមេរិកយកមកដាក់នោះទេ។
បើតាមលោកផៃស៊ីផានករណីដែលផ្ទុះគ្រាប់បែកនៅមុខរដ្ឋសភា កាលពេលរយៈកន្លងមកយូរឆ្នាំមកហើយនោះ មានការស្រាវជ្រាវរួចស្រេចទៅហើយ ក៏ប៉ុន្ដែភស្ដុតាងទាំងអស់នោះ វាមិនជាក់ស្ដែង ហើយវាមិនច្បាស់លាស់ក្នុងការដាក់បន្ទុកទៅលើទោស អ្នកណានោះទេគឺ គ្រាន់តែជាការចោទប្រកាន់តែប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ទៀតថា៖ «អាស្រ័យហេតុដូចនេះ ខ្ញុំជឿថា គណបក្សប្រឆាំង ជាមនុស្សម្នាក់ដែលមានគុណធម៌ខ្លួនឯងដែរ គួរតែពិចារណឱ្យឌិតដល់ ហើយជាចំហទៀត បើគណបក្សប្រឆាំងគឺនរណាមួយដែលយល់ឃើញថា អ្នកណាជាអ្នក ប្រព្រឹត្ដហ្នឹងមានភស្ដុតាងសិនទៅ យកទៅដាក់នៅក្នុងតុលាការ ដោយគ្រាន់តែនិយាយឱ្យខ្ចាយតាមបណ្ដាញសារព័ត៌មាន គឺមនុស្សកំសាកបំផុត»។
នៅក្នុងព្រឹត្តិការណ៍ព្រឹកមិញនេះ ដែលជាការរំឭកខួប ១៩ ឆ្នាំនេះ ព្រឹត្តិការណ៍គប់គ្រាប់បែក ខាងមុខអតីតរដ្ឋសភា។ ជនរស់រានមានជីវិត និងអ្នកសង្កេតការណ៍ ភាគច្រើនមិនសង្ឃឹមថា ពួកគេនឹងបានឃើញយុត្តិធម៌សម្រាប់អ្នកស្លាប់បាត់បង់ជីវិត និងអ្នករងរបួសឡើយ។ពួកគាត់បានលើកឡើងប្រហាក់ប្រហែលគ្នាថា យុត្តិធម៌កើតមានលុះត្រាតែប្រទេសកម្ពុជា បញ្ចប់វប្បធម៌និទណ្ឌភាព៕