en     km
en     km

យុវជន​ ហាក់​ តុលា​ ​តន្ត្រីករ​​រនាត​ឯក​​ឲ្យ​​​តម្លៃ​​​ខ្លាំង​​លើ​​ឧបក​រណ៍​​ភ្លេង​បុរាណ​​ខ្មែរ​​

Share

ភ្នំពេញ៖ ​យុវជន​ ហាក់​ តុលា​ ជា​តន្ត្រីករ​និង​ជា​និស្សិត​​មហាវិទ្យាល័យតូ​រ្យតន្ត្រី​​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​​វិចិត្រសិល្បៈ​ បាន​ឲ្យ​តម្លៃ​​ខ្ពស់​ទៅ​លើ​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​។​ យុវជនរូបនេះ អាច​លេងភ្លេង​បុរាណ​ខ្មែរ​បានជា​ច្រើន​ប្រភេទ​ ហើយ​ឧបករណ៍​ភ្លេង​ដែល​ តុលា​ ចាប់​យក​ជា​ឯកទេស​នោះ​គឺ​រនាតឯក​។​

ដើម្បី​ជ្រាប​ច្បាស់​ ជា​បន្ត​សូម​នាង​ កញ្ញា​ លោក​ លោកស្រី​ សូម​អញ្ជើញ​ស្តាប់​​នាទី​កម្សាន្ត​​​រៀបរៀង​​ដោយ​កញ្ញា​ ប៉ូ​ សា​គុន​ ដូច​តទៅ​៖

 

HAK-TOLA-RONEATH--KHMER
យុវជន​ ហាក់​ តុលា​ ជា​តន្ត្រីករ​និង​ជា​និស្សិត​​មហាវិទ្យាល័យតូ​រ្យតន្ត្រី​​កំពុងលេងឧបករណ៍ភ្លេង«រនាតឯក»

​រនាតឯក​ គឺ​ជា​ឧបករណ៍​ភ្លេងបុរាណ​របស់ខ្មែរ​ដែល​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ​  ហើយ​បច្ចុប្បន្ន​ថ្វី​ត្បិត​តែ​​មាន​ឧបករណ៍​ភ្លេង​បរទេស​ជា​ច្រើន​​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​ក៏​ពិតមែន​ តែ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ នៅ​តែ​ហាត់​រៀន​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ និង​ចាត់​ទុក​ឧបករណ៍​ភ្លេងខ្មែរ​ជា​សម្បត្តិ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ដដែល​។​

​យុវជន​ ហាក់​ តុលា​ គឺជា​តន្ត្រីកររនាតឯក​មួយ​រូប​ បាន​និយាយ​ថា​ លោក​បាន​រៀន​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​នេះ​ តាំងពី​អាយុ​ប្រាំមួយ​ឆ្នាំ​មក​ម្លេះ​។​ តុលា​ ជាអ្នកមានកំណើតកើតជា​នៅ​ជាយ​រាជធានី​ភ្នំពេញ​។​ យុវជន​ តុលា​ បាន​​និយាយ​ថា ​រូបគេ​ចាប់ផ្តើម​រៀន​ឧបករណ៍​ភ្លេងខ្មែរ​ដំបូង​គឺ​នៅ​ក្នុង​វត្ត​មួយ​ ។​

«​ក្រៅ​​រៀន​​តាម​​វត្ត​ រៀន​ចាប់ពី​អាយុ​ប្រហែលជា​ប្រាំមួយ​ប្រាំពី​ឆ្នាំ​ អត់​មាន​ខ្សែស្រឡាយជា​​អ្នកសិល្បៈ​ទាំងអស់​ គឺ​ចូល​ហ្នឹង​ដោយសារ​ទី​មួយ​ថា​ជា​ក្មេង​វត្ត​ចោះ​ ព្រោះ​ខ្ញុំ​នៅ​ជាមួយ​យាយ​តាំងពី​តូច​ និយាយ​ទៅ​ដឹងក្តី​ម៉ោ​គឺ​នៅ​ក្នុង​វត្ត​អត់​ដឹង​ថា​នៅ​តាំងពី​ពេល​ណា​ ដល់​ពេល​ហើយ​នៅ​ក្នុង​វត្ត​ហ្នឹងមាន​គ្រូបង្ហាត់​ភ្លេង​ លោកយាយ​គាត់ក៏ឲ្យខ្ញុំ​ចូល​​ហាត់ជាមួយ​ចាស់ៗទៅ​»។​

​យុវជន​វ័យ ​២៥​ ឆ្នាំ​រូប​នេះ​ អាច​លេង​ឧបករណ៍​ភ្លេងខ្មែរ​បុរាណ​បាន​ច្រើន​ប្រភេទ​ មាន​ដូច​ជា​ រនាតឯក​ រនាតធុង​ គងតូច​ គង​វង់​ធំ​ ស្គរ​សម្ភោរ​ ស្រឡៃ​ធំ​ និង​មាន​ឧបករណ៍​ផ្សេង​ជា​ច្រើន​ទៀត​ ។​ « វង់ភ្លេង​ពិណពាទ្យ​គឺ​មាន​ដូច​ជា​រនាត​ឯក​ រនាតធុង​ គងតូច​ និង​គង​វង់​ធំ​ ស្គរ​សម្ភោរ​ ហើយ​ស្រលៃ​ធំ​សព្វ​ថ្ងៃនេះ​ខ្ញុំ​រៀន​នៅ​សាលា​ ខ្ញុំ​ចាប់​យក​ឯកទេស​គឺ​រនាតឯក​…»។

​យុវជន​ តុលា​ និយាយថា​ មូលហេតុ​ដែល​ខ្លួន​ចាប់​យក​ឧបករណ៍​ភ្លេង​ រនាតឯក​ ជា​ជំនាញ​ឯកទេស​នេះ​ គឺ​ដោយ​សារ​តែ​លោក​មាន​បំណិនប្រសប់នឹង​ឧក​រណ៍​នេះ​។​  «តាំងពី​ហាត់​មក​គឺ​ដើរ​លេង​តាម​កម្មវិធី​បុណ្យ​ ហើយ​ឥឡូវ​ហ្នឹង​​ក៏ជាប់​កុងត្រា​ធ្វើការ​នៅ​សណ្ឋាគារ​មួយ​កន្លែង​ដែរ​ សម្រាប់​លេង​ឧបករណ៍​រនាត​ហ្នឹង»។​

​អ្វី​ដែល​នាំ​ឲ្យ​ តុលា​ ចាប់អារម្មណ៍​រៀន​ឧបករណ៍​ភ្លេងខ្មែរ​បុរាណ​ គឺ​ដោយសារ​តែ​ តុលា​ បាន​រស់នៅ​ក្បែរ​វង់ភ្លេង​នេះ​ ព្រមទាំង​បាន​មើលឃើញ​ឧបករណ៍​ទាំងនោះ​តាំង​តែ​ពី​ក្មេង​មក​ម្លេះ​ ទើប​ធ្វើ​ឲ្យ​អារម្មណ៍​ដិតដាម​ជាមួយ​វង់​ភ្លេង​​​បុរាណ​។​

​យុវជន​ តុលា​ ក៏​បាន​សំណូមពរ​ទៅ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ សូម​ជួយ​លើក​ត​ម្តើ​ង​ និង​ឲ្យ​តម្លៃ​ឧបករណ៍​ភ្លេង​បុរា​ណ​​ខ្មែរ​ផង​ដែរ​។​ «សំ​ណូ​ពរ​ឲ្យ​យុវជន​ទាំងអស់​ឲ្យ​តំលៃ​មក​វង់​តន្ត្រីបុរាណ​ឲ្យ​ខ្ពស់​ កុំ​ឲ្យ​តំលៃ​ទៅ​លើ​គេ​ខ្ពស់​ជាង​​ខ្លួនឯង​ ហើយ​អ្វី​ដែល​ខ្លួនឯង​មាន​គួរតែ​ថែរក្សា​»។

យោង​តាម​សៀវភៅ​ “​តន្ត្រីបុរាណ​កម្ពុជា​”​ ឧបករណ៍​រនាតឯក​ មានមុខ​ងារ​សំខាន់​ក្នុង​វង់ភ្លេង​ពិណពាទ្យ​ផង​ ក្នុង​វង់​ភ្លេង​មហោរី​ផង​។​ តាម​ទម្លាប់​ពី​បរម​បុរាណ​មក​ បាន​កំណត់​រនាតឯក​ទៅ​តាម​វង់ភ្លេង​ គឺ​រនាតឯក​ណា​ដែល​ប្រើ​​ប្រាស់​ក្នុង​វង់ភ្លេង​ពិណពាទ្យ​ រនាតឯក​នោះ​ត្រូវ​មានសំនៀង​ទាប​ជាង​រនាតឯក​ដែល​ប្រើប្រាស់​ក្នុង​វង់ភ្លេង​មហោរី​មួយ​សំនៀង​ ដោយ​យក​សំនៀង​ត្រង់​ផ្លែ​ទី​១​ជា​ចំណុច​សម្គាល់​ទាប​ខ្ពស់​ ។​

​សៀវភៅ​ “​តន្ត្រីបុរាណ​កម្ពុជា​”​ ដដែល​បាន​សរសេរ​ទៀត​ថា​ ដូនតា​ខ្មែរ​បានឱ្យ​ឈ្មោះ​ឧបករណ៍​នេះ​ថា​ រនាតឯក​ មក​ពី​រនាត​នេះ​មាន​ទំហំ​តូច​ មានសំនៀង​ខ្ពស់​ជាង​រនាត​មួយទៀត​គឺ​រនាតធុង​។​ តាម​តួនាទី​របស់​រនាតឯក​ គឺ​នៅ​ពេល​ប្រគុំ​ម្តងៗ​ ឧបករណ៍​ដទៃ​ត្រូវ​តែ​រឹត​សំនៀង​តាម​រនាតឯក​ទាំងអស់​ យក​សំនៀង​ផ្លែ​រនាត​ជា​ធំ​ជា​គោល​ ម្យ៉ាង​​ទៀត​បើ​រនាតឯក​មិន​ចាប់ផ្តើម​ចេញ​បទ​មុន​ទេ​ ឧប​ករណ៍​ដទៃ​ទៀត​មិន​ហ៊ាន​ផ្តើម​បទ​ឡើយ​ បើ​រនាតឯក​មិន​ឱ្យ​សញ្ញា​ឈប់​ទេ​ ឧប​ក​រណ៍​​ដទៃ​ក៏​មិន​ហ៊ាន​ឈប់​តាម​ចិត្ត​ដែរ​ ឧបករណ៍​ទាំងអស់​ត្រូវ​តែ​គោរព​ស្តាប់​បញ្ជា​រនាតឯក​ជា​ដាច់ខាត​ ។​

​ចំពោះ​ការ​លើកតម្កើង​រនាតឯក​ជា​អធិបតី​ក្នុង​វង់ភ្លេង​នីមួយៗ​មាន​តាំងពី​បរម​បុរាណ​មក​ សូ​ម្បី​តែ​អ្នក​ដែល​ត្រូវ​លេង​រនាត​ក៏​ជា​អ្នក​ដែល​ត្រូវ​ចេះ​ច្រើន​ជាងគេ​ ជា​មេ​វង់ភ្លេង​ ជា​អ្នក​សម្រេច​កិច្ចការ​ធំៗ​ក្នុង​វង់ភ្លេង​ ហើយ​ក៏​ជា​អ្នក​ដែល​ត្រូវ​គេ​គោរព​ធ្វើ​តាម​ដែរ​៕

Share

Image
Image
Image