ប៉ារីស៖ ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសប្រាប់ជនរងគ្រោះដោយសារការវាយប្រហារបំផ្ទុះគ្រាប់បែក នៅថ្ងៃទី ៣០ មីនា ឆ្នាំ ១៩៩៧ ថា តុលាការព្រហ្មទណ្ឌប្រទេសបាំរាំង កំពុងសិក្សានិងស៊ើបអង្កេតករណីវាយប្រហារដែលសម្លាប់មនុស្ស ១៦ នាក់នេះ។
ថ្លែងនៅក្នុងពិធីបង្សុកូលឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារគ្រាប់បែកចំនួន ០៤ គ្រាប់ នៅលើហ្វូងបាតុករ កាលពីថ្ងៃទី ៣០ មីនា ឆ្នាំ ១៩៩៧ ហើយព្រឹត្តិការណ៍នេះ ជាខួប ១៩ ឆ្នាំ លោក សម រង្ស៊ី បានថ្លែងតាមវីដេអូ Conference ថា តុលាការព្រហ្មទណ្ឌនៃប្រទេសបារាំង បានសម្រេចចូលខ្លួនស៊ើបអង្កេតករណីនេះឡើងវិញ។
លោកបានបញ្ជាក់ថា តុលាការប្រទេសបារាំងស៊ើបអង្កេតករណីនេះ គឺក្នុងនាមតុលាការអន្ដរជាតិដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ដោយការវាយប្រហារនេះ និងជនរងរបួសក្នុងព្រឹត្តិការណ៍នេះផងដែរ ។
បើទោះយ៉ាងនេះក្ដី លោក សម រង្ស៊ី មិនបានបញ្ជាក់ថា ចំណាត់ការរបស់ប្រទេសបារាំង ធ្វើឡើងតាមបណ្ដឹងរបស់លោក ឬក៏តាមបណ្ដឹងរបស់ជនរងគ្រោះនោះទេ។
សូមរំឭកថា លោក សម រង្ស៊ី ដឹកនាំបាតុកម្មនៅពេលនោះ ក្នុងនាមជាប្រធានគណបក្សប្រឆាំង គឺគណបក្សជាតិខ្មែរ ហើយបាតុកម្មនៅពេលនោះ បានទាមទារអោយមានការកែទម្រង់ប្រព័ន្ធតុលាការឡើងវិញ ដោយបាតុករបានមកប្រមូលផ្ដុំគ្នានៅខាងមុខអតីតរដ្ឋសភា។ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ គឺប្រហែលជាម៉ោង ៨ ទៅ ៩ព្រឹក ថ្ងៃទី ៣០ មីនា ១៩៩៧ មានការគប់គ្រាប់បែកចំនួន ០៤ គ្រាប់ចូលទៅក្នុងហ្វូងបាតុករ ដោយសម្លាប់ មនុស្ស ១៦ នាក់ និង ១៥០ នាក់ផ្សេងទៀតរងរបួស។ ចំណែក លោក សម រង្ស៊ី ត្រូវបានដឹកទៅមន្ទីរពេទ្យកាល់ម៉ែត្រ ព្រោះដងខ្លួនលោកប្រឡាក់ដោយឈាម៕