en     km
en     km

លោក​ សម​ រ​ង្ស៊ី​ អះអាង​ថា​ តុលាការ​ព្រហ្មទណ្ឌ​ក្រុងប៉ារីស​ស៊ើបអង្កេត​ករណី​គប់​គ្រាប់បែក​ថ្ងៃ​៣០​មីនា​

Share

ប៉ារីស៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាសប្រាប់​ជន​រង​គ្រោះ​​ដោយសារ​ការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ នៅ​ថ្ងៃ​ទី​ ៣០ ​មី​នា​ ឆ្នាំ ​១៩៩៧​ ថា​ តុលាការ​ព្រហ្មទណ្ឌ​ប្រទេស​បាំ​រាំង​ កំពុង​សិក្សា​និង​ស៊ើបអង្កេត​ករណី​វាយ​ប្រហារ​​ដែល​សម្លាប់​មនុស្ស​ ១៦ នាក់​នេះ​។​

Sam-Rangsy-19970330-Google
លោក​ សម​ រ​ង្ស៊ី​ ​​ប្រធាន​គណបក្ស​ជាតិខ្មែរ​ រងគ្រោះដោយសារការបំផ្ទុះគ្រាប់បែក នៅថ្ងៃទី ៣០ មីនា ១៩៩៧

​ថ្លែង​នៅ​ក្នុង​ពិធី​បង្សុកូល​​​ឧទ្ទិស​កុសល​​​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ ដែល​បាន​បាត់បង់​ជីវិត ​​​នៅ​ក្នុង​​ការ​វាយ​​ប្រហារ​​​គ្រាប់​បែក​ចំនួន ០​៤ ​គ្រាប់​ នៅ​លើ​ហ្វូង​បាតុករ​ កាលពី​ថ្ងៃ​ទី​ ៣០​ មីនា​ ឆ្នាំ​ ១៩៩៧​ ហើយ​ព្រឹត្តិការណ៍​នេះ​ ជា​ខួប​ ១៩​ ឆ្នាំ​ លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​តាម​វី​ដេ​អូ​ Conference​ ថា​ តុលាការ​ព្រហ្មទណ្ឌ​នៃ​ប្រទេស​បារាំង​ បាន​​សម្រេច​​ចូលខ្លួន​ស៊ើប​អង្កេត​ករណី​នេះ​ឡើង​វិញ​។​

លោក​បាន​បញ្ជាក់​ថា​ តុលាការ​ប្រទេស​បារាំង​ស៊ើបអង្កេត​ករណី​នេះ​ គឺ​ក្នុង​នាម​តុលាការ​អន្ដរជាតិ​ដើម្បី​រក​យុត្តិ​ធម៌​​ជូន​ជន​រង​គ្រោះ​ ​ដោយ​ការ​វាយ​ប្រហារ​នេះ​ និង​ជន​រង​របួស​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ ។​

​បើ​ទោះ​យ៉ាងនេះ​ក្ដី​ លោក​ សម​ រ​ង្ស៊ី​ មិន​បាន​បញ្ជាក់​ថា​ ចំណាត់ការ​របស់​ប្រទេស​បារាំង​ ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​លោក​ ឬ​ក៏​តាម​បណ្ដឹង​របស់​ជន​រង​គ្រោះ​នោះ​ទេ​។​

​សូម​រំឭក​ថា​ លោក​ សម​ រ​ង្ស៊ី​ ដឹកនាំ​បាតុកម្ម​នៅ​ពេល​នោះ​ ក្នុង​នាម​ជា​ប្រធាន​គណបក្សប្រឆាំង​ គឺ​គណបក្ស​ជាតិខ្មែរ​ ហើយ​បាតុកម្ម​នៅ​ពេល​នោះ​ បាន​ទាមទារ​អោយ​មានការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឡើង​វិញ​ ដោយ​បាតុ​ករ​​បាន​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​អតីត​រដ្ឋសភា​។​ រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ គឺ​ប្រហែលជា​ម៉ោង ​៨​ ទៅ ​៩​ព្រឹក​ ថ្ងៃ​ទី​ ៣០​ មីនា​ ១៩៩៧​ មានការ​គប់​គ្រាប់បែក​ចំនួន​ ០៤ ​គ្រាប់​ចូល​ទៅ​ក្នុង​ហ្វូង​បាតុករ​ ដោយ​សម្លាប់​ មនុស្ស ​១៦​ នាក់​ និង​ ១៥០ ​នាក់​ផ្សេង​ទៀត​រង​របួស​។​ ចំណែក​ លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត្រ​ ព្រោះដងខ្លួនលោក​ប្រឡាក់​ដោយ​ឈាម​៕​

Share

Image
Image
Image