ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា កម្ពុជាគ្រោងបង្កើតពន្ធនាគារថ្មីមួយមានបន្ទប់ពិសេសសម្រាប់ឃុំខ្លួនអ្នកទោសមានទ្រព្យសម្បត្តិច្រើន។ នេះបើយោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃអង្គារនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បន្តថា ការបង្កើតពន្ធនាគារមានបន្ទប់ពិសេសនេះក្នុងគោលបំណងដើម្បីបង្កើតប្រាក់ចំណូលចូលរដ្ឋ។
ប៉ុន្តែប្រធាននាយកប្រតិបត្តិដើម្បីគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថា ពន្ធនាគារគឺជាកន្លែងឃុំឃាំងខ្លួន មិនមែនជាកន្លែងផ្តល់សេវាកម្សាន្តទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវឱ្យចូលស្នាក់នៅ ឬដើម្បីទាញថិវិកាចូលរដ្ឋ ព្រោះថាគ្មានអ្នកណាម្នាក់ចង់ចូលពន្ធនាគារ ដើម្បីស្នាក់នៅកន្លែងល្អពិសេសនោះទេ។
លោកបានបន្តថា កម្រិតនិទណ្ឌភាពនៅប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ គឺមិនគួរណារដ្ឋាភិបាលទៅចំណាយថវិការដ្ឋវិនិយោគលើកការសាងសងពន្ធនាគារថ្មីទំនើបឱ្យអ្នកមានទ្រព្យនោះទេ។
«ដោយសារកម្រិតនៃនិទណ្ឌភាពនៅកម្ពុជាមានកម្រិតខ្ពស់ ហើយការដែលរដ្ឋាភិបាលគិតគូររឿងត្រៀមពន្ធនាគារសម្រាប់អ្នកមាន ខ្ញុំគិតមើលឃើញទាំងលទ្ឋិផលនៃការអនុវត្តក្តី ឬផលប្រយោជន៍សេដ្ឋកិច្ចដែលបានមកពីការដាក់គុគអ្នកមានអី ខ្ញុំថាវានឹងមិនអាចទៅរួចទេ បើពិនិត្យមើលស្ថានភាពបច្ចុប្បន្ននៅកម្ពុជាហ្នឹង»។
ចំណែកអនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ងដា មានប្រសាសន៍ថា លោកពេញចិត្តនៅពេលមានការសាងសងពន្ធនាគារថ្មី តែលោកមិនគាំទ្រនូវការបែងចែកពន្ធនាគារសម្រាប់ដាក់អ្នកទោសមានទ្រព្យសម្បត្តិច្រើន និងអ្នកទោសដែលគ្មានទ្រព្យនោះទេ។ លោកថាអ្នកជាប់ឃុំឃាំងទាំងនោះគឺមានសិទ្ឋិដូចគ្នា ហើយពន្ធនាគារជាកន្លែងដកហូតតួនាទី និងជាកន្លែងកែប្រែអប់រំមនុស្សឱ្យកែខ្លួន។
«ពន្ធនាគារមិនមែនជាកន្លែងដាក់ទោសទណ្ឌទេ យើងចង់ឃើញពន្ធនាគារអប់រំកែប្រែមនុស្ស បានន័យថាពេលដែលគាត់ចេញពីពន្ធនាគារវិញ គាត់មានលទ្ឋភាពកសាងជីវិតថ្មី គាត់មានលទ្ឋភាងរកការងារធ្វើ គាត់មានចំណោះជំនាញថ្មីដែលបង្រៀនដោយពន្ធធនាគារ ដើម្បីឱ្យគាត់មានការងារថ្មី មុខរបបថ្មីមិនធ្វើជាឧក្រិដ្ឋជនទៀត»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងចាប់អារម្មណ៍ដូចនេះ នៅពេលលោកបានទៅប្រទេសអូស្ត្រាលី កាលពីថ្មីៗនេះហើយបានឱ្យដឹងថា ប្រទេសជឿនលឿនមួយនេះមាន ពន្ធនាគារមានបន្ទប់ល្អស្អាត ហើយគ្រួសារអ្នកទោសមកសួរសុខទុក្ខសមាជិកពួកគេ ដោយមានបន្ទប់ទទួលទានអាហារដែលលោកថា៖ «ជាសេរីភាពមួយដែរ»៕