en     km
en     km

សហគមន៍​ព្រៃ​ឡង់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​តាម​ចាប់ខ្លួន​ជនល្មើស​បង្ក​របួស​លើ​សកម្មជន​មក​ផ្តន្ទាទោស​

Share

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ អំពាវនាវ​រាជរដ្ឋាភិបាល​ធ្វើការ​ស៊ើបអង្កេត​ និង​ចាប់ខ្លួន​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់​ករណី​វាយប្រហារ​លើ​សកម្មជន​ព្រៃ​ឡង់​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​។​ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ក៍បាន​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​ត្រូវ​បិទ​ការ​ទិញ​លក់​ឈើ​ទាំង​ស្រប់ច្បាប់​ និង​ខុសច្បាប់​នៅ​ជុំវិញ​បរិវេណ​ព្រៃ​ឡង់​ ហើយ​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ខ្នង​បទល្មើស​ព្រៃឈើ​។​
​តែ​ជាមួយ​គ្នា​នេះ​ស្នងការ​នគរបាល​ខេត្តក្រចេះ​អះអាង​ថា​ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​រួច​ហើយ​។​

​កញ្ញា​ ជុំ​ ជោគ​ជាតា​ ជូន​សេចក្ដីរាយការណ៍​៖​

រូបស្ត្រីរងគ្រោះ
រូបស្ត្រីរងគ្រោះ

ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ FM​ 102​ នៅ​រសៀល​នេះ​ លោក​ ផៃ​ ប៊ុ​ន​លាង​ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តក្រចេះ​បានឱ្យ​ដឹង​ថា​ ការ​ចេញ​សេចក្ដីថ្លែងការណ៍​អំពាវនាវ​របស់​បណ្ដាញ​សហ​គម​ន៍​ព្រៃ​ឡង់​ដោយ​ចំហ​នេះ​  គឺ​កើតឡើង​ក្រោយ​ពី​មាន​ជនល្មើស​មួយ​ក្រុម​ បាន​ប៉ុនប៉ង​មនុស្សឃាត​មក​លើ​ កញ្ញា​ ផ​ន​ សុភា​ក់​ សកម្មជន​ព្រៃ​ឡង់​បាន​ចុះ​ល្បាត​ និង​ត្រួតពិនិត្យ​ព្រៃឈើ​នៅ​ត្រង់​ភូមិសាស្ត្រ​ឃុំ​បឹង​ចារ​ ក្បែរ​អូរ​តា​ជើ​ល​ ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​។

លោក​ ផៃ​ ប៊ុ​ន​លាង​ ថា​ ៖​ «​ក្រោយ​អំពី​ថ្ងៃ​ទី​២៦​ យើង​បាន​ចុះចូល​រួម​ស្ម័គ្រចិត្ត​បង្ក្រាប​បទល្មើស​នៅ​អូរ​តា​ជើ​ល​ហ្នឹង​ យើង​ត្រូវ​បាន​ជនល្មើស​លប​កាប់​ហ្នឹង​ពូថៅ​ ២​ ពូថៅ​»​។​ លោក​ បាន​លើក​ឡើង​បន្ដ​ទៀត​ថា​  តាំងពី​ថ្ងៃ​កើតហេតុ​មក​ដល់​ពេល​នេះ​ជន​រង​គ្រោះ​កញ្ញា​ ផ​ន​ សុភា​ក់​ ដែល​ត្រូវ​បាន​ជនល្មើស​កាប់​ ២​ ពូថៅ​ចំ​ប្រអប់ជើង​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ​នោះ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ខេត្តក្រចេះ​។

ត្រង់​ចំណុច​នេះ​ដែរ​ លោក​ ផៃ​ ប៊ុ​ន​លាង​ តំណាង​ឱ្យ​សហគមន៍​ព្រៃ​ឡង់​ក៏​បាន​អំពាវនាវ​ជា​ចំហ​ ដល់​រដ្ឋាភិបាល​កម្ពុជា​ជួយ​រកមុខ​ជនល្មើស​មក​ដាក់ទោស​តាម​ច្បាប់​ និង​សុំ​ឱ្យ​អាជ្ញាធរ​ គ្រប់​តំបន់​ជួយ​រក្សា​នូវ​សុវត្ថិភាព​ដល់​សកម្មជន​ ដែល​បាន​ចូលរួម​ការពារ​ព្រៃ​ឡង់​ដោយ​ ស្ម័គ្រចិត្ត​ផង​ដែរ​។​

លោក​ ផៃ​ ប៊ុ​ន​លាង​ ថា​ ៖​ «​ខ្ញុំ​ សូម​សំណូមពរ​ និង​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ខេត្ដ​ គួរតែ​ជួយ​រក​ជនសង្ស័យ​ ដើម្បី​ដាក់ទោស​តាម​ផ្លូវច្បាប់​ ហើយ​ម្យ៉ាងទៀត​ក៏​គួរ​ ជួយ​ដល់​គាំទ្រ​ទៅ​ដល់​បណ្ដាញ​ព្រៃ​ឡង់​ ដែល​ជា​ព្រៃរបស់​ប្រជាជន​យើង​ទាំងអស់​គ្នា​»​។​

ទាក់ទង​នឹង​រឿង​សកម្មជន​ការពារ​បរិស្ថាន​នេះ​ ដែរ​ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​ច្រាក់​ កម្ពុជា​លោក​ សួន​ សា​រ៉េ​ត​ បាន​ចូលរួម​សោកស្ដាយ​ និង​ជំរុញ​រដ្ឋាភិបាល​ យកចិត្តទុកដាក់​ និង​តាម​ចាប់​ជនល្មើស​ឱ្យ​បាន​ឆាប់​ដើម្បី​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​។​

សួន​ សា​រ៉េ​ត​ថា​៖​ «​ជា​ដំណាក់កាល​ទី​មួយ​ នៅ​ក្នុង​ឋានៈ​ជាម​ន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ដែល​ គួរ​អោយ​សោកស្ដាយ​ អំពី​ឧ​បវ​ទ្ទេវ​ហេតុ​ហ្នឹង​ ហើយ​ក៏​សូម​អំពាវនាវ​អោយ​រដ្ឋាភិបាល​ ចាត់​ វិធានការ​ឱ្យ​បាន​ម៉ត់ចត់​ទៅ​លើ​ជនល្មើស​ ដែល​បាន​ប៉ុនប៉ង​សម្លាប់​ទៅ​លើ​អ្នក​ការពារ​ព្រៃ​ឡង់​ ដែល​ជា​ធនធាន​ដ៏​សំខាន់​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ដែរ​ លោក​ អ៊ុំ​ ភី​ ស្នងការ​ង​ខេត្តក្រចេះ​ បាន​អះអាង​ថា​ នៅ​ពេល​នេះ​ សមត្ថកិច្ច​បាន​ស្វែងរក​មុខសញ្ញា​ជនល្មើស​ឃើញ​ហើយ​ ហើយ​កំពុង​តែ​តាម​ចាប់​ជនល្មើស​ ឱ្យ​បាន​ផង​ដែរ​។​ លោក​ អ៊ុំ​ ភី​ ថា​៖​ «​យើង​កំពុង​ធ្វើ​ដំណើរការ​ស៊ើបអង្កេត​ ហើយ​គេ​បានដឹង​តម្រុយ​ខ្លះ​ហើយ​ ថា​នៅ​ទីណា​ ទីណា​ និង​អាសយដ្ឋាន​នៅឯណា​ គេ​កំពុង​តាម​មើល​ ហើយ​នៅ​ពេល​ដែល​វា​ចូល​មក​ យើងខ្ញុំ​ប្ដេជ្ញា​ថា​ មិន​អោយ​វា​គេច​ផុត​ពី​សំណាក់​ច្បាប់​ទេ​»​។​

សេចក្តីថ្លែងការណ៍​មួយ​របស់​សហគមន៍​ព្រៃ​ឡង់​ ស្តី​ពី​ព្រឹ​ត្ត​ការណ៍​ប៉ុនប៉ង​មនុស្សឃាត​មក​លើ​សកម្មជន​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ បានឱ្យ​ដឹង​ថា​ សកម្មជន​ម្នាក់​ គឺ​កញ្ញា​ ផ​ន​ សុភា​ក់​ ដែល​ធ្លាប់​ទទួល​បាន​ពានរង្វាន់​អេក្វាទ័រ​ប្រាយ​នៅ​ទីក្រុង​បារី​ស​ ប្រទេស​បារាំង​កាលពី​ចុងឆ្នាំ​ ២០១៥​ កន្លង​ទៅ​ ត្រូវ​បាន​ជនល្មើស​កាប់​ ២​ ពូថៅ​ចំ​ប្រអប់ជើង​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ​ ហើយ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ខេត្តក្រចេះ​។​

សេចក្តីថ្លែងការណ៍​បាន​បញ្ចា​ក់ថា​ នៅ​ចន្លោះ​ម៉ោង​ ១:៣០​ នាទី​ ដល់​ម៉ោង​ ១:៤០​ នាទី​ មាន​ជនល្មើស​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ប៉ុនប៉ង​មនុស្សឃាត​មក​លើ​ កញ្ញា​ ផ​ន​ សុភា​ក់​ កាប់​នឹង​ពូថៅ​រង​របួស​ជើង​យ៉ាងធ្ងន់ធ្ងរ​ នៅ​ត្រង់​ភូមិសាស្ត្រ​ឃុំ​ បឹង​ចារ​ នៅ​ពេល​សហគមន៍​បោះជំរុំ​សម្រាក​នៅ​ក្បែរ​អូ​តា​ជើ​ល​ក្នុង​តំបន់​ព្រៃ​ឡង់​។

​សេចក្តីថ្លែងការណ៍​ដដែល​ក៏​បានឱ្យ​ដឹង​ដែរ​ថា​  ក្នុង​ពេល​ចុះ​ល្បាត​ ៥​ ថ្ងៃ​មកនេះ​ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ចំនួន​ ៤​ ខេត្ត​ មាន​ក្រចេះ​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ និង​កំពង់ធំ​ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឡង់​ រក​ឃើញ​ឈើ​ជា​ច្រើន​ម៉ែត្រគូប​ និង​រឹបអូស​ម៉ាស៊ីន​រណា​យន្ត​ ឬ​ម៉ា​ស៊ី​អា​ឈើ​ពី​ជនល្មើស​បាន​ចំនួន​ ៣៥​ គ្រឿង​ រួម​ទាំង​ឧបករណ៍​សម្រួល​ដល់​ការ​អា​ឈើ​មួយ​ចំនួន​ទៀត​៕​

Share

ព័ត៌មានទាក់ទង

Image