លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីបានលើកទ្បើងថា បញ្ហាប្រឈមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជានៅតែមានអត្រាខ្ពស់ដូចជា ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសាធារណៈនយោបាយ និងក្នុងវិស័យសេដ្ឋកិច្ចនៅមានកម្រិតនៅទ្បើយ។ ការថ្លែងបែបនេះធ្វើទ្បើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងកិច្ចការនារី ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ។
លោក ជួន សារ៉េត មានសេចក្តីរាយការណ៍៖
ថ្លែងនៅក្នុងពិធីនេះ លោកស្រី ម៉ែន សំអន បានលើកទ្បើងថា ស្ថាប័នពាក់ព័ន្ធត្រូវរូមគ្នាកាត់បន្ថយបញ្ហាប្រឈមរបស់ស្ត្រី ហើយត្រូវជំរុញឱ្យមានស្ត្រីនៅក្នុងវិស័យនយោបាយ និងវិស័យសាធារណៈបន្ថែមទៀតជាដើម។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានថ្លែងថា ការលើកកម្ពស់ការយល់ដឹងរបស់ស្ត្រី និងការចូលរួមរបស់ស្ត្រីក្នុងគ្រប់វិស័យ ជាពិសេស ការជំរុញលើកទឹកចិត្តឱ្សស្ត្រីជាថ្នាក់ដឹកនាំចូលរួមក្នុងវិស័យសាធារណៈ និងវិស័យនយោបាយ។
តាមប្រសាសន៍លោកស្រី ម៉ែន សំអន ការលុបបំបាត់អំពើហិង្សា និងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី ព្រមទាំងការបង្កើនកាលានុវត្តភាពក្នុងការទទួលបានូវចំណេះដឹង ជំនាញផ្សេងៗរបស់ស្ត្រី ពិតជាមានសារៈសំខាន់ និងចាំបាច់បំផុតក្នុងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។
លោកស្រី ម៉ែន សំអន បន្តថា រាជរដ្ឋាភិបាលបានអនុវត្តដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រកម្មវិធី និងផែនការសកម្មភាពជាច្រើន សំដៅលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងកុមារី ប៉ុន្តែលោកស្រី ថាស្ត្រីនៅតែមានជួបបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយបនែ្ថមទៀតដូចជា៖ «គ្រប់ក្រសួងស្ថាប័នត្រូវបន្តផ្តល់ឱកាសនិងគាំទ្រឱ្យស្ត្រីបានចូលរួមបញ្ចេញទេពកោសល្យសមត្ថភាពរបស់ខ្លួនព្រមទាំងត្រូវសកម្មចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ស្ត្រីដែលជាមន្ត្រីរាជការនិងបុគ្គលិកនៅតាមក្រសួងស្ថាប័ននីមួយៗ…»។
ទាក់ទងនឹងបញ្ហានេះដែរ នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា (GADC) លោកស្រី រស់ សុភាព បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា បញ្ហាប្រឈមនោះដោយសារតែអ្នកដែលធ្វើគោលនយោបាយលើកទឹកចិត្តស្ត្រីនោះមិនទាន់មានឆន្ទៈពិតប្រាកដនៅក្នុងការជួយស្មារតីទៅលើស្ត្រី។ លោកស្រី រស់ សុភាព បន្តថា រាជរដ្ឋាភិបាលត្រូវតែអនុវត្តតាមគោលនយោបាយរបស់ខ្លួនឱ្យបានគឺធ្វើទ្បើងតាមរយៈឆន្ទៈពិតប្រាកដនោះទើបស្ត្រីអាចកាត់បន្ថយបញ្ហាប្រឈមដែលកើតមានទ្បើងនៅក្នុងសង្គម។
«បញ្ហាប្រឈមបច្ចុប្បន្ន សំខាន់គឺទាក់ទងរឿងថវិកា បើយើងពិនិត្យទៅលើថវិការបស់រដ្ឋាភិបាលឬក៏យើងហៅថា ថវិកាជាតិដែលធ្វើការលុបបំបាត់រាល់ទម្រង់នៃការរើសអើង ឬក៏អំពើហិង្សាលើស្ត្រីហ្នឹងមិនមានទេ ហើយជាទូទៅ គឺថវិកាហ្នឹងយើងបានពីប្រទេសផ្តល់ជំនួយ…»។
សូមជម្រាបជូនផងដែរថាអង្គសន្និបាត បានបង្ហាញអំពីលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តការងារឆ្នាំ២០១៥ ហើយបានលើកទិសដៅអនុវត្តមួយចំនួនទៀត ដើម្បី កាត់បន្ថយការប្រឈមជាច្រើនរបស់ស្ត្រី គឺទាំងវិស័យសេដ្ឋកិច្ច នយោបាយ និង បញ្ហារើសអើងក្នុងសង្គម៕