en     km
en     km

មេ​បក្ស​ប្រឆាំង​ រិះគន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ “​មិន​ស្គាល់​ពី​តួនាទី​របស់​ខ្លួន​”

Share

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​ឆ្លៀត​ បង្ហាញ​សារ​រិះគន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ “​មិន​ស្គាល់​ពី​តួនាទី​របស់​ខ្លួន​”​។​

​សារ​រិះគន់​របស់​មេ​បក្ស​ប្រឆាំង​ដែល​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កាលពី​អធ្រាត្រ​ ថ្ងៃ​ទី​២៨​ ខែមីនា​ ម្សិលមិញ​នេះ​ គឺ​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​សម្រេច​បើក​ការ​ស៊ើបអង្កេត​ករណី​ខ្សែអាត់​សំឡេង​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ តាម​បណ្ដឹង​របស់​ក្រុម​យុវជន​មួយ​ក្រុម​ដែល​តាំងខ្លួន​ថា​ជា​និស្សិត​ក្នុង​រាជធានី​ភ្នំពេញ​។​

​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​ប្រតិកម្ម​តប​វិញ​ថា​ លោក​ សម​ រ​ង្ស៊ី​ ជា​មនុស្ស​អន់​ផ្នែក​ច្បាប់​បំផុត​ ហើយ​កំពុង​គំរាម​ដល់​ស្មារតី​ស៊ើបអង្កេត​របស់​ ACU​ លើ​ករណី​ពុក​រលួយ​របស់​លោក​ កឹ​ម​ សុខា​។​

​លោក​ កែវ​ សុខា​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

SRS-about-ACU-28.3.16​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​មុខ​ជំនួស​លោក​ កឹ​ម​ សុខា​ អនុប្រធាន​របស់​លោក​ ដោយ​រិះគន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​កំពុង​បើក​ស៊ើបអង្កេត​លើ​ករណី​លោក​ កឹ​ម​ សុខា​ តាម​បណ្ដឹង​របស់​ក្រុម​និស្សិត​ចោទ​ករណី​ពុក​រលួយ​ពាក់ព័ន្ធ​រឿងស្រី​ញី​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​រិះគន់​ចំៗ​ទៅ​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ កំពុង​តែ​ធ្វើការ​ ខុស​តួនាទី​ ពោល​គឺ​បាន​យក​រឿង​ការ​ចំណាយធនធាន​របស់​ឯកជន​ផ្ទាល់ខ្លួន​សុទ្ធសាធ​មក​បើក​ការ​ស៊ើបអង្កេត​ ដែល​ប្រការ​នេះ​គឺ​អង្គភាព​មួយ​នេះ​មិន​មាន​សមត្ថកិច្ច​នោះ​ឡើយ​។​

​ប្រតិកម្ម​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ គឺ​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​ចាត់ការ​តាម​បណ្ដឹង​ របស់​យុវជន​មួយ​ក្រុម​ ដែល​បាន​ចោទ​លោក​ កឹ​ម​ សុខា​ ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​បាន​ទិញ​ផ្ទះ​ ឱ​ស្រី​កំណាន់​។​

​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ក៏​បាន​ ផ្តល់​និយម​ន័យ​នៃ​អំពើ​ពុក​រលួយ​ថា​ គឺជា​ទ​ង្វើ​របស់​អ្នកមាន​អំណាច​ដែល​កេងប្រវ័ញ្ច​ និង​លួច​ផល​ចំណេញ​ពី​ការ​លក់ដូរ​ ឬ​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ជាតិ​ ទ្រព្យសម្បត្តិ​រាស្ត្រ​ និង​ទ្រព្យសម្បត្តិ​រដ្ឋ​ ជា​ពិសេស​តាម​រយៈ​ការ​គ្រប់គ្រង​ថវិកាជាតិ​ ដែល​បាន​មក​ពី​ញើស​ឈាម​ប្រជារាស្ត្រ​ទាំងមូល​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​បកស្រាយ​បន្ថែម​ដោយ​រិះគន់​ថា​៖​ «​មាន​តែ​មន្ត្រី​គណបក្សកាន់អំណាច​ (CPP)​ ទេ​ ដែល​អាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បែប​នេះ​បាន​ ពីព្រោះ​វា​ជា​ការ​ប្រើ​អំណាច​របស់​រដ្ឋ​ ដោយ​ខុសច្បាប់​ ដើម្បី​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​សាធារណៈ​។​ មន្ត្រី​គណបក្សប្រឆាំង​ (CNRP)​ មិន​មាន​អំណាច​អ្វី​ ជា​តំណាង​រដ្ឋ​ ឬ​ តំណាង​រដ្ឋាភិបាល​ ដើម្បី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ដូច​មាន​ចែង​ខាងលើ​នេះ​ទេ​»​។​

លោក ឱម យ៉ិនទៀង
លោក ឱម យ៉ិនទៀង

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ទេ​នៅ​ថ្ងៃនេះ​។​ តែ​តាម​សារព័ត៌មាន​ក្នុងស្រុក​ដែល​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ បាន​ស្រង់​សំដី​លោក​ ឱម​ យ៉ិ​ន​ទៀង​ ថា​ លោក​ចាត់​ទុក​ថា​៖​ «​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​មនុស្ស​អន់​ផ្នែក​ច្បាប់​បំផុត​ ហើយ​កំពុង​គំរាម​ដល់​ស្មារតី​ស៊ើបអង្កេត​របស់​ ACU​ លើ​ករណី​ពុក​រលួយ​របស់​លោក​ កឹ​ម​ សុខា​»​។​

​លោក​ ឱម​ យ៉ិ​ន​ទៀង​ បន្ត​ថា​ លោក​ កឹ​ម​ សុខា​ គឺជា​តំណាងរាស្ត្រ​ និង​ជា​បុគ្គល​សាធារណៈ​ គឺ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ តម្រូវ​ឱ្យ​អនុវត្ត​ចំពោះ​បុគ្គល​ប្រភេទ​នេះ​ដែរ​។​

​លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​លើក​ឡើង​ថា​ ការ​រិះគន់​របស់​លោក​ សម​ រ​ង្ស៊ី​ ពេល​នេះ​ក៏​មិន​ខុស​ពី​ប្រតិកម្ម​របស់​មហាជន​ដែល​បាន​បញ្ចេញមតិ​រិះគន់​តាម​បណ្ដេញ​សង្គម​ហ្វេ​ស​ ប៊ុ​ក​នា​ពេល​កន្លង​មកនេះ​ប៉ុន្មាន​នោះ​ទេ​។​ តែ​យ៉ាង​លោក​ មាស​ នី​ ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គួរតែ​បើក​ការ​ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​ គឺ​ត្រូវ​ស៊ើប​សង្កេត​ទាំង​មន្ត្រី​រដ្ឋាភិបាល​ផង​ ដើម្បី​ជៀសវាង​ការ​រិះគន់​ថា​ អង្គភាព​មួយ​នេះ​នៅ​ក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​។​

លោក មាស​ នី
លោក មាស​ នី

​លោក​ មាស​ នី​៖​ «​ខ្ញុំ​គិត​ថា​ បើ​ ACU​  ហ៊ាន​ធ្វើ​ពលី​កម្ម​ដើម្បី​តាមដាន​រឿង​ទាំងអស់​ នោះ​រឿង​ទាំង​ឡើយ​វា​ហ្នឹង​ចេញ​មក​ទាំងអស់​ ក៏​ប៉ុន្មាន​ការ​តាមដាន​តែ​មួយ​ វា​ហាក់ដូចជា​មិន​ទាន់​ផ្តល់​យុត្តិធម៌​សម្រាប់​សង្គម​ទូទៅ​។​ អ​ញ្ចឹ​ង​វា​នៅ​តែ​ថា​ ACU​ នេះ​គឺ​គ្រាន់តែ​ជា​ឧបករណ៍​មួយ​ដែល​រដ្ឋាភិបាល​បង្កើត​ឡើង​សម្រាប់​គាប់សង្កត់​ទៅ​លើក​អ្នក​ណា​ដែល​មិនមែន​ជា​គ្នា​របស់​គេ​ ដែល​នរណា​មិនជា​បក្សពួក​របស់​គេ​តែ​ប៉ុណ្ណឹង​ នេះ​បើ​តាម​អ្វី​ដែល​យើង​មើលឃើញ​»​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ក៍បាន​ចេញ​លិខិត​រំលឹក​ឱ្យ​លោក​ កឹ​ម​ សុខា​ ឆាប់​មក​បំភ្លឺ​តាម​ពាក្យបណ្ដឹង​របស់​ក្រុម​យុវជន​ ដែល​ទាមទារ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ចេញ​មក​ បកស្រាយ​ដែរ​។​ ប៉ុន្តែ​ លោក​ អេ​ង​ ឆៃ​អាង​ ប្រធាន​គណៈកម្មការ​ទទួល​ពាក្យបណ្ដឹង​នៃ​រដ្ឋសភា​ បាន​សរសេរ​លិខិត​ទៅ​កាន់​សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ថា​ តាម​រដ្ឋធម្មនុញ្ញ​ និង​បទបញ្ជាផ្ទៃក្នុង​របស់​សភា​ គឺ​រដ្ឋសភា​មិន​មាន​សិទ្ធ​អំណាច​ កោះហៅ​លោក​ កឹ​ម​ សុខា​ មក​បំភ្លឺ​រឿង​នេះ​ឡើយ​។​

​សូម​បញ្ជាក់​ថា​ នៅ​ក្នុង​សារ​ប្រតិកម្ម​របស់​លោក​ សម​ រ​ង្ស៊ី​ នេះ​ដែល​ លោក​ក៏​បាន​ផ្ដល់​ដំបូន្មាន​ដល់​អង្គភាព​ប្រឆាំង​ពុក​រលួយ​ ពី​កិច្ចការ​មួយ​ចំនួន​ដែល​ត្រូវធ្វើ​ជា​ចំ​បាច់​ដូច​ជា​៖
-​ ការ​ប្លន់​ដី​ប្រជារាស្ត្រ​ យក​ទៅ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ដែល​ផ្តល់​សំណូក​សូកប៉ាន់​
-​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ដើម្បី​នាំ​ឈើ​ទៅ​លក់​ក្រៅប្រទេស​ ដោយ​លួចលាក់​
-​ ការ​ធ្វើ​អាជីវកម្ម​ បំផ្លាញ​បរិស្ថាន​ ដូច​ជា​ការ​វាយ​កម្ទេច​ភ្នំ​ និង​ការ​បូម​ខ្សាច់​
-​ ការ​យក​ទ្រព្យសម្បត្តិ​រដ្ឋ​ ដូច​ជា​អាគារ​សាធារណៈ​ទៅ​លក់​ ដើម្បី​ប្រមូល​លុយ​ដាក់​ចូល​ហោប៉ៅ​បុគ្គល​ឬ​បក្ខពួក​
-​ ការ​កឹ​ប​កេង​ថវិការដ្ឋ​ យក​ទៅ​ចាយវាយ​ ដើម្បី​គ្រាន់តែ​បម្រើ​ផលប្រយោជន៍​បុគ្គល​ឬ​បក្ខពួក​
-​ ការ​ផ្តល់​កិច្ចសន្យា​ជាមួយ​រដ្ឋ​ ឱ្យទៅ​តែ​បក្ខពួក​របស់​ខ្លួន​ ដែល​ជា​ការ​បំប៉ោង​ចំណាយ​របស់​រដ្ឋ​
-​ ការ​ស៊ីសំណូកសូកប៉ាន់​ពី​ថៅកែ​រោងចក្រ​ ដើម្បី​ឱ្យ​ថៅកែ​គាបសង្កត់​កម្មករ​
-​ ការ​បែងចែក​ឡូត៍​នេសាទ​ តាមតែ​សំណូក​សូកប៉ាន់​៕

Share

ព័ត៌មានទាក់ទង

Image