en     km
en     km

វិភាគ​៖​ ចិន​ពង្រីក​ភូមិសាស្ត្រ​សេដ្ឋកិច្ច​នៅ​អាស៊ី​អាគ្នេយ៍​ ជា​សញ្ញា​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន​

Share

​អ្នកវិភាគ​បាន​លើក​ទ្បើ​ង​ថា​ ការ​ផ្តល់​ប្រាក់​កម្ចីអនុគ្រោះ​ខាង​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​ ទៅ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ជា​ពិសេស​ប្រទេស​ដែល​នៅ​តាម​ដង​ទន្លេមេគង្គ​ចំនួន​ ៥​ គឺជា​ការ​ព​ង្រឹ​ក​គោលនយោបាយ​ធំ​មួយ​របស់​ប្រទេស​ចិន​ ដើម្បី​ពង្រីក​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​ ក៏​ដូច​ជា​ពង្រីក​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​ទៅ​លើ​បណ្តា​ប្រទេស​ទាំងនោះ​។​  ចលនា​នេះ​អាច​នាំ​ឱ្យ​ប្រទេស​ក្រីក្រ​មួយ​ចំនួន​ភ្លេច​គិត​ពី​ផល​លំបាក​របស់​ខ្លួន​ទៅ​ខាង​មុខ​។​ តែ​មន្ត្រី​បក្ស​កាន់​អំណាច​ថា​ ជា​ទស្សនៈ​អគតិ​ និង​អន់​ថយ​។​

​លោក​ ជួន​ សា​រ៉េ​ត​ មាន​សេចក្ដីរាយការណ៍​លម្អិត​

ប្រទេស​ចិន​ បាន​ឈាន​ដល់​លំដាប់​ទី​ ២​ នៃ​មហាអំណាច​ខាង​សេដ្ឋកិច្ច​ គឺ​នៅ​សតវត្សរ៍​ទី​ ២១​ នេះ​ បន្ទាប់​ពី​នាំមុខ​ប្រទេស​ជប៉ុន​ ។​ មហិច្ឆតា​របស់​ប្រទេស​មាន​ចំនួន​ ប្រជាជន​ជាង​ ១២០០​ លាន​នាក់​នេះ​ នៅ​មាន​ច្រើ​ម​ទៀត​ គឺ​ទាំង​សេដ្ឋកិច្ច​ កងទ័ព​ និង​នយោបាយ​ វាទ​ទី​បូរណភាព​ទឹកដី​។​ ប្រទេស​ធំ​មួយ​នេះ​ បាន​បង្កើន​សក្ដានុពល​លើ​វិស័យ​កងទ័ព​ទ្វេគុណ​ ហើយ​ជិត​ស្មើនឹង​អា​មេ​រិ​ក​ ប្រទេស​មហាអំណាច​ លំដាប់​ទី​១​ ទាំង​សេដ្ឋកិច្ច​ និង​យោធា​។​

នៅ​ពេល​ចិន​មាន​ជម្លោះ​ដ៏​តានតឹង​ជាមួយ​ប្រទេស​ជិតខាង​ លើ​ដែន​អធិបតេយ្យ​គឺ​ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​ និង​ជាមួយ​ជប៉ុន​លើ​ដែន​ សមុទ្រ​ចិន​ខាងកើត​  គេ​សង្កេត​ឃើញ​ក្រុង​ប៉េ​កាំ​ង​ព្យាយាម​ធ្វើ​ឱ្យ​ឥទ្ធិពល​របស់​ខ្លួន​កាន់តែ​ធំ​ នៅ​ក្នុង​តំបន់​។​ ឧបករណ៍​យុទ្ធសាស្ត្រ​របស់​ចិន​ គឺ​ទី​១​ អំណោយ​ ឬ​ប្រាក់​កម្ចីអនុគ្រោះ​ខាង​សេដ្ឋកិច្ច​ និង​ទី​២​ ជំនួយ​ផ្នែក​យោធា​។​ គេ​ធ្លាប់​ឮ​តែ​អា​មេ​រិ​កមួយ​ប៉ុណ្ណោះ​ ផ្ដល់​ជំនួយ​ ផ្នែក​យោធា​មក​កាន់​ប្រទេស​សមាគម​អាស៊ាន​ តែ​ចុង​ក្រោយ​នេះ​ ប្រទេស​ចិន​បាន​ប្ដេជ្ញា​ចិត្ត​ខ្លាំងក្លា​ជួយ​ប្រទេស​តំបន់​នេះ​ខ្លាំង​ផង​ដែរ​។​

ដូច​នា​ពេល​ថ្មីៗ​នេះ​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ចិន​ លោក​ លី​ កែ​ឃាង​ បាន​ប្រកាស​ថា​ចិន​បាន​ផ្តល់​ប្រាក់​កម្ចីអនុគ្រោះ​ជា​ថ្មី​ចំនួន​ ១,៥៤​ ពាន់​លាន​ដុល្លារ​ និង​ឥណទាន​ជា​ថ្មី​ចំនួន​ ១០​ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​នៅ​ដង​ទន្លេមេគង្គ​ចំនួន​ ៥​ មាន​ដូច​ជា​ កម្ពុជា​ ថៃ​ វៀតណាម​ ឡាវ​ និង​ភូមា​។​

cover-CN-&-ASEAN-leaders-(Reuters)
មេដឹកនាំអាស៊ានដីគោកទាំង ៥ ប្រទេស និងមេដឹកនាំចិន (ទី៣ ពីខាងស្ដាំ) ក្នុងកិច្ចប្រជុំមេគង្គ-ឡានឆាង  (រូបភាពតំណាង៖ Reuters)

តើ​មហាអំណាច​ចិន​ ចង់បាន​អ្វី​ពី​ប្រទេស​ដែល​ខ្លួន​ផ្ដល់​ ជំនួយ​ប្រាក់​កម្ចីអនុគ្រោះ​ខាង​សេដ្ឋកិច្ច​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ ហើយ​ប្រទេស​ទទួល​ជំនួយ​ពី​ចិន​អាច​ជួប​ហានិភ័យ​ឬទេ​ទៅ​ខាង​មុខ​?

​នេះ​ជា​ការ​ចោទសួរ​មួយ​បន្ថែម​ទៀត​ ដែល​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុ​ជាមួយ​ចំនួន​ធ្វើការ​បកស្រាយ​។​

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ FM​ ១០២​ លោក​ បណ្ឌិត​ ចាន់​ វិបុល​ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ ពិនិត្យ​ឃើញ​ថា​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ចិន​បាន​ពង្រីក​អំណាច​សេដ្ឋកិច្ច​របស់​ខ្លួន​គួរ​ឱ្យ​កត់សម្គាល់​ ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ជំនួយ​ទាំងនោះ​ ភាគច្រើន​ផ្តោត​ទៅ​លើ​ការ​វិនិយោគទុន​ទៅ​លើ​វិស័យ​ធនធានធម្មជាតិ​ ឬ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។​

លោក ចាន់ វិបុល
លោក ចាន់ វិបុល

ប៉ុន្តែ​លោក​ ចាន់​ វិបុល​ មើលឃើញ​មួយ​ជ្រុង​ទៀត​ថា​ ការ​ពង្រីក​ឥ​ទ្ធ​ពល​នយោបាយ​ និង​ការ​ពង្រីក​ឥ​ទ្ធ​ពល​សេដ្ឋកិច្ច​ពី​ប្រទេស​ចិនតា​មរយៈ​ការ​ផ្តល់​ប្រាក់​កម្ចីអនុគ្រោះ​ទៅ​លើ​ប្រទេស​ដែល​នៅ​តាម​ដង​ទន្លេមេគង្គ​នេះ​លោក​ថា​ ប្រទេស​ដែល​ទទួល​ប្រាក់​កម្ចី​ទាំងនេះ​ត្រូវ​មាន​គោលនយោបាយ​ការ​បទេស​ឱ្យ​បាន​ច្បាស់លាស់​ គឺ​មិន​ត្រូវ​ក្រោម​ឥទ្ធិពល​ចិន​ដោយសារ​តែ​ជំនួយ​នេះ​ទេ​ព្រោះ​ចិន​ផ្ដល់​ជំនួយ​ គិតតែ​ពី​ចំណេញ​ បើ​មិន​ខាង​សេដ្ឋកិច្ច​ ក៏​ចំណេញ​ខាង​ នយោបាយ​ មាន​ន័យ​ថា​ អវិជ្ជមាន​ ច្រើន​ជាង​ វិជ្ជមាន​។​

«​អត្ថប្រយោជន៍​មាន​ន័យ​ថា​ អាច​ផ្តល់​ឱកាស​ក្នុង​ការ​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ទាំង​ ៥​ ហ្នឹង​ព្រោះ​ភាគច្រើន​ជំនួយ​របស់​សាធារណរដ្ឋ​ចិន​ គឺ​ផ្តោត​ទៅ​លើ​ប្រព័ន្ធ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដូច​ជា​ផ្លូវថ្នល់​ ស្ពាន​ ដូច​ជា​អាគារ​ធំៗ​ ប៉ុន្តែ​មាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​ គឺ​តម្រូវការ​របស់​ជំនួយ​របស់​ប្រទេស​ចិន​មិន​ដែល​លើ​កម្ពស់​ផ្នែក​វិស័យ​ប្រជាធិបតេយ្យ​ ហើយនឹង​វិស័យ​សិទ្ធិ​មនុស្ស​ទេ​…»​។​

សម្រាប់​ប្រទេស​កម្ពុជា​វិញ​ លោក​ ចាន់​ វិបុល​ មើលឃើញ​ថា​ កម្ពុជា​ត្រូវ​តែ​ពិចារណា​ទ្បើ​ង​វិញ​ទៅ​លើ​ផែនការ​អភិវឌ្ឍ​រយៈពេល​វែង​ ហើយ​ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់​ពី​លក្ខខណ្ឌ​នៃ​ការ​ទទួលយក​ប្រាក់​ជំនួយ​ពី​បរទេស​ថា​តើ​ជំនួយ​បរទេស​ត្រូវ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​ណា​ដើម្បី​ជួយ​ទៅ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ជា​ពិសេស​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​វិស័យសេដ្ឋកិច្ច​ឱ្យ​បាន​ច្រើន​ជា​ជាង​ពឹងផ្អែក​ជំនួយ​ពី​បរទេស​។​

ប្រទេស​ចិន​មាន​គោលនយោបាយ​បក្ស​តែ​មួយ​។​ ប្រទេស​នេះ​ មិន​ចាប់អារម្មណ៍​ច្រើន​ទេ​ ចំពោះ​វិស័យ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​។​ រយៈពេល​ ១០​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​ កម្ពុជា​បាន​ជាប់បំណុល​បរទេស​ រាប់​សិប​ពាន់​លាន​ដុល្លារ​ ហើយ​ប្រទេស​ដែល​កម្ពុជា​ ជាប់បំណុល​ច្រើន​ជាងគេ​ គឺ​ប្រទេស​ចិន​។​

នៅ​ក្នុង​កិច្ចប្រជុំ​របស់​មេដឹកនាំ​អាស៊ាន​ជាមួយ​ចិន​ នៅ​ឆ្នាំ​២០១២​  ប្រទេស​ចិន​បាន​ជោគជ័យ​ ហើយ​សាទរ​កាលដែល​ក្រុម​មេដឹកនាំ​អាស៊ាន​ មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​អំពី​សមុទ្រ​ចិន​ខាងត្បូង​ ដែល​សំដៅ​គាប​ស​ង្គ​ត់​ចិន​ ទទួលយក​ក្រុម​ប្រតិបត្តិ​សមុទ្រ​។​ ដោយ​ចាប់ពី​ពេល​នោះ​មក​ ចិន​ក៍​ប្រើ​យុទ្ធសាស្ត្រ​មួយទៀត​ គឺ​វាយលុក​ឥទ្ធិពល​សេដ្ឋកិច្ច​ លើ​ប្រទេស​ក្រីក្រ​ គឺ​ឱ្យ​ជួយ​ទប់​សភាពការណ៍​មិន​ឱ្យ​ប្រទេស​ជាប់​ពាក់ព័ន្ធ​ មានឱកាស​ឆ្លើយ​តប​។

លោក មាស​ នី
លោក មាស​ នី

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ម្នាក់​ទៀត​គឺ​ លោក​បណ្ឌិត​ មាស​ នី​ បាន​លើក​ឡើង​ ថា​ ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ប្រទេស​ចិន​ទៅ​លើ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ គឺ​ចិន​ប្រាថ្នា​ម្យ៉ាង​គត់​ ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ ទាញ​យក​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ឱ្យ​នៅ​កៀក​ខ្លួន​ដើម្បី​អាច​គ្រប់គ្រង​ប្រទេស​ទាំងនេះ​ ក្នុង​គោលបំណង​ឱ្យ​ជួយ​ចិន​នៅ​ពេល​មានការ​មិន​ចុះសម្រុង​គ្នា​ជាមួយ​ប្រទេស​ជម្លោះ​ក្នុង​តំបន់​។​ គេ​នៅ​ចាំ​បាន​ថា​ ប្រទេស​ចិន​ សម្ដែង​ការ​ពេញចិត្ត​ នៅ​ពេល​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ មិន​បាន​ចុះសម្រុង​គ្នា​ ដើម្បី​ទាមទារ​ឱ្យ​ចិន​គោរព​ក្រម​ប្រតិបត្តិ​សមុទ្រ​ ហើយ​បញ្ឈប់​ការ​វាទ​ទី​ទឹកដី​។​

លោក​ មាស​ នី​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​ចិន​តែងតែ​បង្ហាញ​វត្តមាន​មន្ត្រីជាន់ខ្ពស់​របស់​ខ្លួន​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​លូកដៃ​ចូល​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ដូច​ជា​ប្រទេស​កម្ពុជា​ជាដើម​៖ «​ចិន​កំពុង​ទាញ​យក​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ហ្នឹង​ទៅ​ដាក់​នៅ​ខាង​ខ្លួន​រៀងខ្លួន​ ម្ខាង​កំពុង​ប្រើ​ឥទ្ធិពល​ផ្នែក​នយោបាយ​និង​ការទូត​ ក៏​ប៉ុន្តែ​ម្ខាង​ទៀត​ក៏​ដូច​ជា​ប្រទេស​ចិន​នេះ​វា​ជា​ផ្នែក​នយោបាយ​មួយ​នៃ​នយោបាយ​របស់​ចិន​ដើម្បី​ធ្វើការ​គ្រប់គ្រង​ទៅ​លើ​ប្រទេស​អាស៊ី​ហ្នឹង​ដោយ​ប្រើ​មធ្យោបាយ​ប្រាក់​កម្ចី​…»​។

តែ​បែប​នេះ​ក្ដី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន​ យល់​ឃើញ​ផ្ទុយ​ពី​អ្នកវិភាគ​ខាងលើ​។​ លោក​ ថា​ ការ​ផ្តល់​ប្រាក់​ម្ចី​ពី​ប្រទេស​ចិន​មាន​តែ​ផល​វិជ្ជមាន​តែ​ប៉ុណ្ណោះ​ ពុំ​មាន​ផល​អវិជ្ជមាន​នោះ​ទេ​ហើយ​ ប្រទេស​កូនបំណុល​ក៏​មាន​ស្មារតី​ ទទួលយក​ប្រាក់​កម្ចី​នោះ​ ស្រប​ទៅ​តាម​កម្មវិធី​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​ប្រទេស​និ​មួយៗ​។​

លោក សុខ ឥសាន
លោក សុខ ឥសាន

លោក​ សុខ​ ឥ​សាន​៖​ «​ការ​យល់​ឃើញ​វា​អត់​ដូច​គ្នា​នោះ​ទេ​អ្នកវិភាគ​ គាត់​និយាយ​ទៅ​តាម​ការ​យល់​ឃើញ​របស់​គាត់​ជា​ឯកជន​របស់​គាត់​ទេ​បាទ​ ក៏​ប៉ុន្តែ​យើង​យល់​ថា​តំណាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ប៉ុន្មាន​នៅ​ទន្លេមេគង្គ​គេ​យល់​ផ្សេង​ពី​គាត់​ បើ​តា​យល់​ដូច​គាត់​អាហ្នឹង​គេ​មិន​ទទួលយក​ជំនួយ​នោះ​ទេ​ដោយសារ​តែ​ឃើញ​ផល​វិជ្ជមាន​ អត់​មាន​ផល​អវិជ្ជមាន​អី​នោះ​ទេ​…»​។​

កាលពី​ស​ប្ដា​ហ៍​មុន​នេះ​ មេដឹកនាំ​ប្រទេស​ដែល​នៅ​តាម​ដង​ទន្លេ​នេ​គ​ង្គ​ចំនួន​ ៥​ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​ នៅ​ទីក្រុង​សាន់​យ៉ា​ (Sanya)​ និង​ចូលរួម​សន្និសីទ​ប្រចាំឆ្នាំ​នៃ​វេទិកា​បូ​អាវ​ នៅ​ទីក្រុង​បូ​អាវ​ (Bo​ Ao)​ ខេត្ត​ហៃ​ណា​ន​ប្រទេស​ចិន​ ដោយនៅ​ឯ​កិច្ចប្រជុំ​នោះ​ លោក​ លី​ កែ​ឃាង​ បាន​បញ្ជាក់​ថា​ ជំនួយ​កម្ចីអនុគ្រោះ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ទាំង​ ៥​ នេះ​ គឺ​ម្យ៉ាង​គត់​ ចង់​ ធ្វើ​ឱ្យ​ប្រទេស​មាន​កម្លាំង​សេដ្ឋកិច្ច​រឹង​មាំ​ប្រហាក់ប្រហែល​គ្នា​ដោយ​សំដៅ​អភិវឌ្ឍ​តំបន់​រួម​គ្នា​។​

ប៉ុន្តែ​បែប​នេះ​ក្ដី​ អ្នកវិភាគ​នៅ​តែ​បារម្ភ​ថា​ ជំនួយ​ប្រាក់​កម្ចី​ឥណទាន​សេដ្ឋកិច្ច​មាន​ផល​ចំណេញ​សម្រាប់​ចិន​ច្រើន​ជាងគេ​ គឺ​ប្រទេស​មហាអំណាច​នេះ​ ចំណេញ​ទាំង​ការ​ប្រាក់​ ចំណេញ​ទាំង​ការ​អនុគ្រោះ​ដល់​វិនិយោគិន​ របស់​ខ្លួន​ និង​ចំណេញ​លើ​កិច្ចការ​នយោបាយ​យ៉ាង​ខ្លាំង​ ប្រយោជន៍​ធ្វើ​ឱ្យ​មាន​តុល្យភាព​ ទាំង​កម្លាំង​សេដ្ឋកិច្ច​ និង​យោធា​ជាមួយ​អា​មេ​រិ​ក​ និង​ជប៉ុន​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង