en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ផ្តល់​ប្រាក់​ឧបត្ថម្ភ​ ៥​ ម៉ឺន​រៀល​ ដល់​មន្ត្រីរាជការ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

Share

ភ្នំពេញ​៖​  ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​ ហ៊ុន​ សែន​ បាន​សម្រេច​ឧបត្ថម្ភ​ថវិកា​ ៥​ ម៉ឺន​រៀល​ ដល់​មន្ត្រីរាជការ​គ្រប់​ក្រសួង​ស្ថាប័ន​និង​កង​ប្រដាប់​អាវុធ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ខែមេសា​ ឆ្នាំ​២០១៦​នេះ​។​

សេចក្ដីសម្រេច​នេះ​ ធ្វើ​ឡើង​តាម​រយៈ​អនុក្រឹត្យ​ដែល​ចេញ​ដោយ​នាយក​រដ្ឋមន្ដ្រី​អំពី​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ចុះ​នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​។​ មន្ដ្រីរាជការ​ដែល​ទទួល​បាន​ប្រាក់​ទាំងនោះ​ មាន​ដូច​ជា​ មន្ដ្រី​ឬ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ស្ថាប័ន​នីតិ​ប្បញ្ញា​ត្តិ​ នីតិប្រតិបត្តិ​ តុលាការ​ មន្ដ្រី​នគរបាល​ជាតិ​កម្ពុជា​ មន្ដ្រី​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​ យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​។​

អនុក្រឹត្យ​បាន​បញ្ជាក់​ថា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ ប្រធាន​ភូមិ​ អនុប្រធាន​ភូមិ​ សមាជិក​ភូមិ​ មន្ដ្រី​ជាប់កិច្ចសន្យា​ និង​បុគ្គលិក​បណ្ដែត​ដែល​កំពុង​បម្រើ​ការងារ​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ ព្រមទាំង​និវត្ដជន​ ជន​បាត់បង់​សម្បទាន​ វិជ្ជាជីវៈ​ ជន​បាត់បង់​សមត្ថភាព​ការងារ​ និង​ជន​ពិការ​ដែល​ជា​អតីតមន្ដ្រី​រាជការ​ស៊ី​វិល​ អតីត​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​ អតីតមន្ដ្រី​នគរបាល​ជាតិ​កម្ពុជា​ក៏​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​តាម​អនុក្រឹត្យ​ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​មន្ដ្រីរាជការ​ខាងលើ​នេះ​ ក្រសួង​ស្ថាប័ន​សាមី​ដែល​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ជូន​មន្ត្រីរាជការ​បុគ្គលិក​ និង​ភ្នាក់ងារ​សាធារណៈ​របស់​ខ្លួន​ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​៕

cover-RGC-decree-on-KNY-money-for-officials-1
cover-RGC-decree-on-KNY-money-for-officials-2

Share

Image
Image
Image