ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា ៥ ម៉ឺនរៀល ដល់មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ននិងកងប្រដាប់អាវុធនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខែមេសា ឆ្នាំ២០១៦នេះ។
សេចក្ដីសម្រេចនេះ ធ្វើឡើងតាមរយៈអនុក្រឹត្យដែលចេញដោយនាយករដ្ឋមន្ដ្រីអំពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចុះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។ មន្ដ្រីរាជការដែលទទួលបានប្រាក់ទាំងនោះ មានដូចជា មន្ដ្រីឬបុគ្គលិកដែលធ្វើការនៅស្ថាប័ននីតិប្បញ្ញាត្តិ នីតិប្រតិបត្តិ តុលាការ មន្ដ្រីនគរបាលជាតិកម្ពុជា មន្ដ្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ។
អនុក្រឹត្យបានបញ្ជាក់ថាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្ដ្រីជាប់កិច្ចសន្យា និងបុគ្គលិកបណ្ដែតដែលកំពុងបម្រើការងារនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្ដជន ជនបាត់បង់សម្បទាន វិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតមន្ដ្រីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ អតីតមន្ដ្រីនគរបាលជាតិកម្ពុជាក៏ទទួលបានប្រាក់ឧបត្ថម្ភនេះដែរ។
គួរបញ្ជាក់ផងដែរថា បើតាមអនុក្រឹត្យ ការផ្ដល់ប្រាក់ឧបត្ថម្ភជូនដល់មន្ដ្រីរាជការខាងលើនេះ ក្រសួងស្ថាប័នសាមីដែលពាក់ព័ន្ធត្រូវរៀបចំជូនមន្ត្រីរាជការបុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួនឱ្យបានរួចរាល់មុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ៕