en     km
en     km

សហគមន៍​ព្រៃ​ឡង់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​តាម​ចាប់ខ្លួន​ជនល្មើស​បង្ក​របួស​លើ​សកម្មជន​មក​ផ្តន្ទាទោស​

Share

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ធ្វើការ​ស៊ើបអង្កេត​ និង​ចាប់ខ្លួន​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់​ករណី​វាយប្រហារ​លើ​សកម្មជន​ព្រៃ​ឡង់​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​។​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ក៍បាន​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​ត្រូវ​បិទ​ការ​ទិញ​លក់​ឈើ​ទាំង​ស្រប់ច្បាប់​ និង​ខុសច្បាប់​នៅ​ជុំវិញ​បរិវេណ​ព្រៃ​ឡង់​ ហើយ​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ខ្នង​បទល្មើស​ព្រៃឈើ​។​

សេចក្តីថ្លែងការណ៍​មួយ​របស់​សហគមន៍​ព្រៃ​ឡង់​ស្តី​ពី​ព្រឹ​ត្ត​ការណ៍​ប៉ុនប៉ង​មនុស្សឃាត​មក​លើ​សកម្មជន​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បានឱ្យ​ដឹង​ថា​ សកម្មជន​ម្នាក់​គឺ​ កញ្ញា​ ផ​ន​ សុភា​ក់​ ដែល​ធ្លាប់​ទទួល​បាន​ពានរង្វាន់​អេក្វាទ័រ​ប្រាយ​នៅ​ទីក្រុង​បារី​ស​ ប្រទេស​បារាំង​កាលពី​ចុងឆ្នាំ​ ២០១៥​ កន្លង​ទៅ​ ត្រូវ​បាន​ជនល្មើស​កាប់​ ២​ ពូថៅ​ចំ​ប្រអប់ជើង​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ​ហើយ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ខេត្តក្រចេះ​។​

សេចក្តីថ្លែងការណ៍​បាន​បញ្ចា​ក់ថា​ នៅ​ចន្លោះ​ម៉ោង​ ១:៣០​ នាទី​ ដល់​ម៉ោង​ ១:៤០​ នាទី​ មាន​ជនល្មើស​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ប៉ុនប៉ង​មនុស្សឃាត​មក​លើ​ កញ្ញា​ ផ​ន​ សុភា​ក់​ កាប់​ នឹង​ពូថៅ​រង​របួស​ជើង​យ៉ាងធ្ងន់ធ្ងរ​ នៅ​ត្រង់​ភូមិសាស្ត្រ​ឃុំ​បឹង​ចារ​ នៅ​ពេល​សហគមន៍​បោះជំរំ​សម្រាក​នៅ​ក្បែរ​អូ​តា​ជើ​ល​ក្នុង​តំបន់​ព្រៃ​ឡង់​។​

សេចក្តីថ្លែងការណ៍​ដដែល​ក៏​បានឱ្យ​ដឹង​ដែរ​ថា​  ក្នុង​ពេល​ចុះ​ល្បាត​ ៥​ ថ្ងៃ​មកនេះ​ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ចំនួន​ ៤​ ខេត្ត​ មាន​ក្រចេះ​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ និង​កំពង់ធំ​ បាន​ចុះ​ល្បាត​ ត្រួតពិនិត្យ​ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឡង់​ រក​ឃើញ​ឈើ​ជា​ច្រើន​ម៉ែត្រគូប​ និង​រឹបអូស​ម៉ាស៊ីន​រណា​យន្ត​ ឬ​ម៉ា​ស៊ី​អា​ឈើ​ពី​ជនល្មើស​ទាំង​ ៤​ ខេត្ត​ចំនួន​ ៣៥​ គ្រឿង​ រួម​ទាំង​ឧបករណ៍​សម្រួល​ដល់​ការ​អា​ឈើ​មួយ​ចំនួន​ទៀត​។​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ហៅ​ហេតុការណ៍​ជា​ការ​ប៉ុនប៉ង​មនុស្សឃាត​មក​លើ​សកម្មជន​បណ្តាញ​សហគមន៍​ព្រៃ​ឡើង​៕

Share

Image
Image
Image