បណ្តាញសហគមន៍ព្រៃឡង់ អំពាវនាវឱ្យរាជរដ្ឋាភិបាលធ្វើការស៊ើបអង្កេត និងចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ករណីវាយប្រហារលើសកម្មជនព្រៃឡង់ឱ្យរងរបួសធ្ងន់ធ្ងរ។
បណ្តាញសហគមន៍ព្រៃឡង់ ក៍បានទទូចឱ្យរាជរដ្ឋាភិបាលត្រូវបិទការទិញលក់ឈើទាំងស្រប់ច្បាប់ និងខុសច្បាប់នៅជុំវិញបរិវេណព្រៃឡង់ ហើយស្វែងរកអ្នកនៅពីក្រោយខ្នងបទល្មើសព្រៃឈើ។
សេចក្តីថ្លែងការណ៍មួយរបស់សហគមន៍ព្រៃឡង់ស្តីពីព្រឹត្តការណ៍ប៉ុនប៉ងមនុស្សឃាតមកលើសកម្មជនបណ្តាញសហគមន៍ព្រៃឡង់បានឱ្យដឹងថា សកម្មជនម្នាក់គឺ កញ្ញា ផន សុភាក់ ដែលធ្លាប់ទទួលបានពានរង្វាន់អេក្វាទ័រប្រាយនៅទីក្រុងបារីស ប្រទេសបារាំងកាលពីចុងឆ្នាំ ២០១៥ កន្លងទៅ ត្រូវបានជនល្មើសកាប់ ២ ពូថៅចំប្រអប់ជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរហើយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅខេត្តក្រចេះ។
សេចក្តីថ្លែងការណ៍បានបញ្ចាក់ថា នៅចន្លោះម៉ោង ១:៣០ នាទី ដល់ម៉ោង ១:៤០ នាទី មានជនល្មើសមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានប៉ុនប៉ងមនុស្សឃាតមកលើ កញ្ញា ផន សុភាក់ កាប់ នឹងពូថៅរងរបួសជើងយ៉ាងធ្ងន់ធ្ងរ នៅត្រង់ភូមិសាស្ត្រឃុំបឹងចារ នៅពេលសហគមន៍បោះជំរំសម្រាកនៅក្បែរអូតាជើលក្នុងតំបន់ព្រៃឡង់។
សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងដែរថា ក្នុងពេលចុះល្បាត ៥ ថ្ងៃមកនេះ បណ្តាញសហគមន៍ព្រៃឡង់ចំនួន ៤ ខេត្ត មានក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ បានចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសព្រៃឡង់ រកឃើញឈើជាច្រើនម៉ែត្រគូប និងរឹបអូសម៉ាស៊ីនរណាយន្ត ឬម៉ាស៊ីអាឈើពីជនល្មើសទាំង ៤ ខេត្តចំនួន ៣៥ គ្រឿង រួមទាំងឧបករណ៍សម្រួលដល់ការអាឈើមួយចំនួនទៀត។
បណ្តាញសហគមន៍ព្រៃឡង់ហៅហេតុការណ៍ជាការប៉ុនប៉ងមនុស្សឃាតមកលើសកម្មជនបណ្តាញសហគមន៍ព្រៃឡើង៕