ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានឆ្លៀត បង្ហាញសាររិះគន់អង្គភាពប្រឆាំងអំពើពុករលួយថា “មិនស្គាល់ពីតួនាទីរបស់ខ្លួន”។
សាររិះគន់របស់មេបក្សប្រឆាំងដែលសរសេរលើទំព័រហ្វេសប៊ុករបស់កាលពីអធ្រាត្រ ថ្ងៃទី២៨ ខែមីនា ម្សិលមិញនេះ គឺបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចបើកការស៊ើបអង្កេតករណីខ្សែអាត់សំឡេងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់ក្រុមយុវជនមួយក្រុមដែលតាំងខ្លួនថាជានិស្សិតក្នុងរាជធានីភ្នំពេញ។
លោក សម រង្ស៊ី បានសរសេរនិយមន័យ អំពើពុករលួយថា៖ «គឺជាទង្វើរបស់អ្នកមានអំណាច ដែលកេងប្រវ័ញ្ច និងលួចផលចំណេញពីការលក់ដូរ ឬការប្រើប្រាស់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ ជាពិសេស តាមរយៈការគ្រប់គ្រងថវិកាជាតិ ដែលបានមកពីញើសឈាមប្រជារាស្ត្រទាំងមូល»។
លោកបន្តថា៖ «មានតែមន្ត្រីគណបក្សកាន់អំណាចទេ ដែលអាចប្រព្រឹត្តទង្វើបែបនេះបាន ពីព្រោះវាជាការប្រើអំណាចរបស់រដ្ឋដោយខុសច្បាប់ ដើម្បីបំផ្លិចបំផ្លាញផលប្រយោជន៍សាធារណៈ»។
លោក សម រង្ស៊ី បន្ថែមថា មន្ត្រីគណបក្សប្រឆាំង (CNRP) មិនមានអំណាចអ្វី ជាតំណាងរដ្ឋ ឬតំណាង រដ្ឋាភិបាល ដើម្បីប្រព្រឹត្តអំពើពុករលួយ ដូចមានចែងខាងលើនេះទេ។ ប្រធានបក្សប្រឆាំងធំជាងគេនៅកម្ពុជារូបនេះបន្តថា ជនណាដែលមិនមានអំណាចក្នុងដៃយកទៅប្រើប្រាស់ក្នុងនាមរដ្ឋ ឬរាជរដ្ឋាភិបាលមិនអាចត្រូវនរណាចោទថា ជាអ្នកប្រព្រឹត្តអំពើពុករលួយដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ត្រូវតាមដាន និងស៊ើបអង្កេតនោះទេ។ រឿងដែលគេកំពុងតែនិយាយសព្វថ្ងៃ គឺជារឿងឯកជនទេ ពីព្រោះវាគ្មានប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឬផលប្រយោជន៍សាធារណៈ អ្វីទាល់តែសោះ។
លោកថា ធនធាន និងលុយកាក់ ដែលឯកជនចាយវាយគឺ មិនបានមកពីការកេងប្រវ័ញ្ច ឬលួចកឹបកេងទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ គឺជារឿងឯកជនសុទ្ធសាធ ដែលអង្គភាពប្រឆាំងអំពើពុករលួយ មិនមានសមត្ថកិច្ចឡើយ។
លោក សម រង្ស៊ី ក៏បានផ្ដល់ដំបូន្មានដល់អង្គភាពប្រឆាំងពុករលួយពីកិច្ចការមួយចំនួនដែលត្រូវធ្វើជាចំបាច់ដូចជា ៖
- ការប្លន់ដីប្រជារាស្ត្រ យកទៅប្រគល់ឱ្យក្រុមហ៊ុនឯកជន ដែលផ្តល់សំណូកសូកប៉ាន់
- ការកាប់បំផ្លាញព្រៃឈើ ដើម្បីនាំឈើទៅលក់ក្រៅប្រទេស ដោយលួចលាក់
- ការធ្វើអាជីវកម្ម បំផ្លាញបរិស្ថាន ដូចជាការវាយកម្ទេចភ្នំ និងការបូមខ្សាច់
- ការយកទ្រព្យសម្បត្តិរដ្ឋ ដូចជាអាគារសាធារណៈទៅលក់ ដើម្បីប្រមូលលុយដាក់ចូលហោប៉ៅបុគ្គលឬបក្ខពួក
- ការកឹបកេងថវិការដ្ឋ យកទៅចាយវាយ ដើម្បីគ្រាន់តែបម្រើផលប្រយោជន៍បុគ្គលឬបក្ខពួក
- ការផ្តល់កិច្ចសន្យាជាមួយរដ្ឋ ឱ្យទៅតែបក្ខពួករបស់ខ្លួន ដែលជាការបំប៉ោងចំណាយរបស់រដ្ឋ
- ការស៊ីសំណូកសូកប៉ាន់ពីថៅកែរោងចក្រ ដើម្បីឱ្យថៅកែគាបសង្កត់កម្មករ
- ការបែងចែកឡូត៍នេសាទ តាមតែសំណូកសូកប៉ាន់ ។ល។
វិទ្យុស្ត្រី FM 102 នៅមិនទាន់សុំការបំភ្លឺភ្លាមពីលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាននៅឡើយទេ ជុំវិញការរិះគន់របស់មេបក្សប្រឆាំងរូបនេះ៕