en     km
en     km

មេ​បក្ស​ប្រឆាំង​ រិះគន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ “​មិន​ស្គាល់​ពី​តួនាទី​របស់​ខ្លួន​”

Share

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​ឆ្លៀត​ បង្ហាញ​សារ​រិះគន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ “​មិន​ស្គាល់​ពី​តួនាទី​របស់​ខ្លួន​”​។

សារ​រិះគន់​របស់​មេ​បក្ស​ប្រឆាំង​ដែល​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កាលពី​អធ្រាត្រ​ ថ្ងៃ​ទី​២៨​ ខែមីនា​ ម្សិលមិញ​នេះ​ គឺ​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​សម្រេច​បើក​ការ​ស៊ើបអង្កេត​ករណី​ខ្សែអាត់​សំឡេង​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ តាម​បណ្ដឹង​របស់​ក្រុម​យុវជន​មួយ​ក្រុម​ដែល​តាំងខ្លួន​ថា​ជា​និស្សិត​ក្នុង​រាជធានី​ភ្នំពេញ​។​

SRS-about-ACU-28.3.16លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​និយម​ន័យ​ អំពើ​ពុក​រលួយ​ថា​៖​ «​គឺជា​ទ​ង្វើ​របស់​អ្នកមាន​អំណាច​ ដែល​កេងប្រវ័ញ្ច​ និង​លួច​ផល​ចំណេញ​ពី​ការ​លក់ដូរ​ ឬ​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ជាតិ​ ទ្រព្យសម្បត្តិ​រាស្ត្រ​ និង​ទ្រព្យសម្បត្តិ​រដ្ឋ​ ជា​ពិសេស​ តាម​រយៈ​ការ​គ្រប់គ្រង​ថវិកាជាតិ​ ដែល​បាន​មក​ពី​ញើស​ឈាម​ប្រជារាស្ត្រ​ទាំងមូល​»​។​

លោក​បន្ត​ថា​៖​ «​មាន​តែ​មន្ត្រី​គណបក្សកាន់អំណាច​ទេ​ ដែល​អាច​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​បាន​ ពីព្រោះ​វា​ជា​ការ​ប្រើ​អំណាច​របស់​រដ្ឋ​ដោយ​ខុសច្បាប់​ ដើម្បី​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​សាធារណៈ​»​។​

លោក​ សម​ រ​ង្ស៊ី​ បន្ថែម​ថា​ មន្ត្រី​គណបក្សប្រឆាំង​ (CNRP)​ មិន​មាន​អំណាច​អ្វី​ ជា​តំណាង​រដ្ឋ​ ឬ​តំណាង​    រដ្ឋាភិបាល​ ដើម្បី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ដូច​មាន​ចែង​ខាងលើ​នេះ​ទេ​។​ ប្រធាន​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​រូប​នេះ​បន្ត​ថា​ ជន​ណា​ដែល​មិន​មាន​អំណាច​ក្នុង​ដៃ​យក​ទៅ​ប្រើប្រាស់​ក្នុង​នាម​រដ្ឋ​ ឬ​រាជរដ្ឋាភិបាល​មិន​អាច​ត្រូវ​នរណា​ចោទ​ថា​ ជា​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ ត្រូវ​តាមដាន​ និង​ស៊ើបអង្កេត​នោះ​ទេ​។​ រឿង​ដែល​គេ​កំពុង​តែ​និយាយ​សព្វថ្ងៃ​ គឺជា​រឿង​ឯកជន​ទេ​ ពីព្រោះ​វា​គ្មាន​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ ឬ​ផលប្រយោជន៍​សាធារណៈ​ អ្វី​ទាល់តែ​សោះ​។​

​លោក​ថា​ ធនធាន​ និង​លុយកាក់​ ដែល​ឯកជន​ចាយវាយ​គឺ​ មិន​បាន​មក​ពី​ការ​កេងប្រវ័ញ្ច​ ឬ​លួច​កឹ​ប​កេង​ទ្រព្យសម្បត្តិ​ជាតិ​ ទ្រព្យសម្បត្តិ​រាស្ត្រ​ និង​ទ្រព្យសម្បត្តិ​រដ្ឋ​ គឺជា​រឿង​ឯកជន​សុទ្ធសាធ​ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មិន​មាន​សមត្ថកិច្ច​ឡើយ​។​

លោក​ សម​ រ​ង្ស៊ី​ ក៏​បាន​ផ្ដល់​ដំបូន្មាន​ដល់​អង្គភាព​ប្រឆាំង​ពុក​រលួយ​ពី​កិច្ចការ​មួយ​ចំនួន​ដែល​ត្រូវធ្វើ​ជា​ចំ​បាច់​ដូច​ជា​ ៖
-​ ការ​ប្លន់​ដី​ប្រជារាស្ត្រ​ យក​ទៅ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ដែល​ផ្តល់​សំណូក​សូកប៉ាន់​
-​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ដើម្បី​នាំ​ឈើ​ទៅ​លក់​ក្រៅប្រទេស​ ដោយ​លួចលាក់​
-​ ការ​ធ្វើ​អាជីវកម្ម​ បំផ្លាញ​បរិស្ថាន​ ដូច​ជា​ការ​វាយ​កម្ទេច​ភ្នំ​ និង​ការ​បូម​ខ្សាច់​
-​ ការ​យក​ទ្រព្យសម្បត្តិ​រដ្ឋ​ ដូច​ជា​អាគារ​សាធារណៈ​ទៅ​លក់​ ដើម្បី​ប្រមូល​លុយ​ដាក់​ចូល​ហោប៉ៅ​បុគ្គល​ឬ​បក្ខពួក​
-​ ការ​កឹ​ប​កេង​ថវិការដ្ឋ​ យក​ទៅ​ចាយវាយ​ ដើម្បី​គ្រាន់តែ​បម្រើ​ផលប្រយោជន៍​បុគ្គល​ឬ​បក្ខពួក​
-​ ការ​ផ្តល់​កិច្ចសន្យា​ជាមួយ​រដ្ឋ​ ឱ្យទៅ​តែ​បក្ខពួក​របស់​ខ្លួន​ ដែល​ជា​ការ​បំប៉ោង​ចំណាយ​របស់​រដ្ឋ​
-​ ការ​ស៊ីសំណូកសូកប៉ាន់​ពី​ថៅកែ​រោងចក្រ​ ដើម្បី​ឱ្យ​ថៅកែ​គាបសង្កត់​កម្មករ​
-​ ការ​បែងចែក​ឡូត៍​នេសាទ​ តាមតែ​សំណូក​សូកប៉ាន់​ ។​ល​។​

​វិទ្យុ​ស្ត្រី​ FM​ 102​ នៅ​មិន​ទាន់​សុំ​ការ​បំភ្លឺ​ភ្លាម​ពី​លោក​ ឱម​ យិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​នៅឡើយ​ទេ​ ជុំវិញ​ការ​រិះគន់​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​៕​

Share

Image
Image
Image