ថៃ៖ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ ប្រកាសឱ្យពលរដ្ឋបោះឆ្នោតប្រជាមាតិលើរដ្ឋធម្មនុញ្ញថ្មី នៅថ្ងៃទី៧ សីហា ដោយរំពឹងថា ប្រជាជនចេញទៅបោះឆ្នោត ៨០% ខណៈរាជាណាចក្រនេះ មានរដ្ឋធម្មនុញ្ញថ្មី ២០ លើកមកហើយ។ រដ្ឋធម្មនុញ្ញថ្មីនេះ បានតាក់តែងឡើង បន្ទាប់ពីពួកយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់ នៅខែឧសភា ឆ្នាំ២០១៤។
លោក Somchai Srisuthiyakorn សមាជិក គណៈកម្មការរៀបចំការបោះឆ្នោត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រជាជនប្រហែលជា ជាង ៥០ លាននាក់ នឹងទៅបោះឆ្នោត ហើយគិតជាភាគរយគឺ ៨០%។ ប៉ុន្តែសមាជិកម្នាក់នៃគណបក្សភឿថៃ បានរិះគន់រដ្ឋធម្មនុញ្ញនេះ ហើយបានអះអាងថានឹងមិនមានអ្នកចេញទៅបោះឆ្នោតច្រើនទេ។
Samart Kaewmechai និយាយថា មាត្រាមួយចំនួនបានរឹតត្បិតគោលការណ៍ ប្រជាធិបតេយ្យ និងសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ។ រាជាណាចក្រថៃ បានឆ្លងកាត់ ការធ្វើរដ្ឋប្រហារចំនួន ២០ រួចលើកមកហើយ។ រាជាណាចក្រនេះ មានរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ តាំងពីឆ្នាំ១៩៣២ ហើយក៍បានមានរដ្ឋធម្មនុញ្ញចំនួន ២០ ដងហើយដែរ៕
ប្រភព៖ CNA