ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រចតែងតាំងរដ្ឋលេខាធិការថ្មី ៤ រូប នៅក្រសួងចំនួន ៣ គឺក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះ គឺជាការបន្ថែមលើ ការតែងតាំង សមាសភាពមួយចំនួនទៀត ដែលសភានឹងបោះឆ្នោតទុកចិត្តនៅដើមខែមេសាខាងមុខនេះ។
តាមសេចក្ដីជូនដំណឹងរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផ្ញើជូនសម្ដេច ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសតាំងសមាសភាព ៤ រូប ឱ្យឡើងកាន់មុខងារដូចខាងក្រោម៖
ទី១. តែងតាំង លោក អ៊ី ឈាន ជារដ្ឋលេខាធិការក្រសួងការពារជាតិ
ទី២. តែងតាំង លោក លុយ ដាវិត ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្ដរជាតិ
ទី៣. តែងតាំង លោក ណៅ ធួក ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ទី៤. តែងតាំង លោក លី ផល្លា ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមសេចក្ដីជូនដំណឹងរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន ផ្ញើជូនសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានឱ្យដឹងបន្ថែមថា ការសម្រេចតែងតាំងរដ្ឋលេខាធិការទាំង ៤ រូបនេះ ដោយសារផ្អែកលើសមត្ថភាព និងបទពិសោធការងាររួមទាំងសេចក្ដីត្រូវការចាំបាច់របស់រាជរដ្ឋាភិបាល។
តែសូមរំឭកថា សមាសភាពរដ្ឋលេខាធិការ ៤ រូបបន្ថែមនេះ បើបូកបញ្ចូលសមាសភាព ដែលត្រូវសភាបោះឆ្នោតទុកចិត្តនៅដើមខែមេសាខាងមុខនេះ គឺចំនួនរុះរើគណៈរដ្ឋមន្ត្រី មាន ជិត ៣០ រូប ក្នុងនោះ ឧបនាយករដ្ឋមន្ត្រីម្នាក់ គឺលោក គាត ឈន់ ត្រូវបានបញ្ចប់តំណែង និង ម្នាក់ទៀតគឺលោក ហោ ណាំហុង ត្រូវបានបញ្ចប់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស៕