en     km
en     km

ទុក្ខ​កង្វល់​របស់​អ្នក​ភូមិ​ចក់​ចារ​ស្រុក​កែវ​សីមា​ករណី​ទន្ទ្រាន​ដី​ដូនតា​នៅ​តែ​គ្មាន​ដំណោះស្រាយ​

Share

​ភ្នំពេញ​៖​ រហូត​មក​ដល់​ឆ្នាំ​ ២០១៦​ នេះ​ ទុក្ខ​កង្វល់​ពី​បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ​ចក់​ចារ​ ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែ​ឈូក​ ស្រុក​កែវ​សីមា​ ខែត្រ​មណ្ឌល​គី​រី​នៅ​តែ​គ្មាន​ដោះស្រាយ​នៅឡើយ​។​ តំណាង​សហគមន៍​ជនជាតិ​ដើម​​ភាគតិច​ព្នង​នៅ​ភូមិ​ចក់​ចារ​ បាន​លើក​ឡើង​ថា​ សកម្មភាព​រុក​ទន្ទ្រាន​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ​ សកម្ម​ភាព​កាប់​ឈើ​ព្រៃ​ ការ​ឈូស​ឆាយ​ព្រៃ​អារក្ស​-​អ្នកតា​ កំពុង​តែ​រំលោភសិទ្ធិ​របស់​​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​​ ព្រមទាំង​​កំពុង​​​បំផ្លាញ​វប្បធម៌​ពលរដ្ឋ​ជនជាតិ​ព្នង​។

​ដើម្បី​ជ្រាប​ឱ្យ​កាន់តែ​ច្បាស់​ពី​បញ្ហា​នេះ​ ជា​បន្ត​សូម​នាង​ កញ្ញា​ លោក​ លោកស្រី​ ស្តាប់​បទ​យកការណ៍​ដែល​​​រៀបចំ​​ឡើង​​ដោយ​​លោក​ ម៉ៅ​ សំណាង​ ដូច​​តទៅ​​៖​

 

Chok-Cha-Mondulkiry
អ្នកស្រី ម៉ែន សុគន្ធា និងលោក ប្រប់ ជីប ​ពលរដ្ឋ​តំណាងសហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ភូមិ​ចក់​ចារ

​កាល​ពី​ស​ប្ដា​ហ៍​មុន​ នៅ​ក្នុង​កម្មវិធី​មួយ​របស់​អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ​ដែល​ធ្វើការ​លើ​សិទ្ធិ​ជាតិ​ដើម​ភាគ​តិច​​​នៅ​​កម្ពុជា​    ក្រុម​ជនជាតិ​ដើម​មក​ពី​ខេត្ត​ម​ណ្ឌ​គី​រី​ បាន​ឡើង​ថ្លែង​ការ​តស៊ូ​របស់​ពួក​គាត់​កន្លង​ប្រឆាំង​ការ​រាន​កាន់​​​កាប់​ដី​ដូនតា​ ដោយ​ក្រុម​មួយ​ឈ្មោះ​ថា​ ក្រុមហ៊ុន​ ប៊ិ​ញ​ហ្វឿ​ក​ក្រចេះ​រ៉ាប់​ប៊ឺ​១​ ។​ ក្នុង​ចំណោម​ជន​ជាត់​ដើម​ភាគ​​តិច​​​នោះ មាន​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ឡើង​ថ្លែង​ពី​ទុក្ខ​លំបាក​ និង​ការ​វិនាស​ហិច​ហោច​ដី​ដូច​តា​របស់​ពួក​គេ​ក្នុង​ពេល​​បច្ចុប្ប​ន្ន និង​ទៅ​ថ្ងៃ​ខាង​មុខ​។​

​មាន​សម្បុរ​ខ្មៅ​ស្រ​អែប​ សក់រួញ​អង្គាស​ដី​ មាន​ពានា​ក្រមា​តំណាង​ឱ្យ​អត្តសញ្ញាណ​ជនជាតិ​ព្នង​នៅ​លើ​ស្មា​លើ​អាវ​​របស់​ខ្លួន​ មាន​អាយុ​ជាង​ ៣០​ ឆ្នាំ​ ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ភូមិ​ចក់​ចារ​ ឃុំ​ស្រែ​ឈូក​ ស្រុក​​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ លោក​ ប្រប់​ ជីប​ បាន​និយាយ​ថា​ ក្តី​សង្ឃឹម​រស់នៅ​ដោយ​សុខសាន្ត​ក្នុង​សហ​​គមន៍​របស់​អ្នក​ភូមិ​ចក់​ចារ​ ហាក់​រសាត់​បាត់​ឆ្ងាយ​ពី​ដួងចិត្ត​ពលរដ្ឋ​ ស្រប​ពេល​គម្រោង​អភិវឌ្ឍន៍​កំពុង​យារ​យី​សេច​ក្តី​សុខ​របស់​អ្នក​ភូមិ​ជាង​ ១៨០​ គ្រួសារ​។​

Brok-Chip-Ckok-Cha-Mondulkiry
លោក ប្រប់ ជីប ​ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ភូមិ​ចក់​ចារ

«​ខ្ញុំ​មិន​យល់​សោះ​ ហេតុ​អ្វី​ប្រជាជន​ម្ចាស់​ស្រុក​​ដូច​​ពួក​​ខ្ញុំ​​ក្លាយ​ជា​​ជន​​រង​​គ្រោះ​ គេ​​ចោទ​​ថា​​រស់នៅ​​ប្រក​ប​របរ​​ខុស​​ច្បាប់​​​លើ​​ដី​​ដូន​តា​​របស់​​ខ្លួន​​ ត្រង់​​ក្រុម​ហ៊ុន​​យក​​គ្រឿង​ចក្រ​​មក​​ឈូស​​ឆាយ​ដី​ បំពាន​​សិទ្ធិ​​ពល​​រដ្ឋ​​​ម្តេច​​គ្មាន​​ច្បាប់​​ហាម​​ឃាត់​​»​។ ​នេះ​​ជាស​ម្តី​​របស់​​​លោក​​​ ប្រ​ប់​ ​ជីប​ ​លើក​​ឡើង​​ទាំង​​អស់​​សង្ឃឹម​​ចំពោះ​​ការ​​អនុ​វត្ត​​ច្បាប់​​នៅ​​ក្នុង​​សង្គម​​កម្ពុជា​​ ដែលមាន​​ប្រ​សិទ្ធិ​​ភាព​​ចំពោះ​​តែ​ប្រជា​​ពល​​រដ្ឋ​​ក្រីក្រ​​។​​

​ពល​រដ្ឋ​​​តំណាង​​សហ​គមន៍​​ជន​ជាតិ​​ដើម​​ភាគ​តិច​​ព្ន​ង​​ភូមិ​​ចក់​​ចារ​​រូប​​នេះ​​ បាន​​រៀបរាប់​​ទៀត​​ថា​​ អ្នក​​ភូមិ​ចក់​ចារ​ បាន​​បាត់​បង់​​មុខ​របរ​​ចិញ្ចឹម​ជីវិត​​របស់​​ខ្លួន​ស្ទើរ​អស់​ទៅ​ហើយ​។​ លោកថា របរ​រក​ជ័រទឹក​បាន​មក​ពី​ដើម​ច្បោះ​ ត្រូវ​​វិនាស​អស់​ព្រោះ​គម្រោង​អភិវឌ្ឍ​របស់​​ក្រុមហ៊ុន​ ប៊ិ​ញ​ភឿ​ក​១​ ចាប់តាំងពី​ឆ្នាំ​ ២០១២​ មក​ម្ល៉េះ​។ ទន្ទឹម​គ្នា​នេះ​ ដីចម្ការវិលជុំ​របស់ពល​រដ្ឋ​ក៏​ត្រូវ​ក្រុម​ហ៊ុន​ទន្ទ្រាន​ឈូស​​ឆាយ​​យ​ក​ដែរ​​។

លោក​ ប្រប់​ ជីប​ បានឱ្យ​ដឹង​ថា​ មូលហេតុ​ដំបូង​ដែល​នាំ​ឱ្យ​ទំនាក់​ដីធ្លី​និង​ការ​កាប់​ឈើ​ព្រៃ​កើតឡើង​ ដោយសារ​អ្នក​​មាន​​អំណាច​​ អ្នក​មាន​បុណ្យ​សក្តិ​ក្នុង​តំបន់​ នាំ​ឈ្មួញ​ចូល​ឈូស​យក​ដី​ កាប់​ឈើ​ព្រៃ​ និង​បំផ្លាញ​ព្រៃ​ជំនឿ​របស់​​ជន​ជាតិ​​ដើម​​ភាគ​តិច​​ព្ន​ង​​។​

​តាម​របាយការណ៍​ស៊ើបអង្កេត​របស់​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្តី​ពី​កម្ពុជា​ ឬហៅថា NGO​ Forum ចេញ​ផ្សាយ​​នា​​ពេល​​ថ្មី​​នេះ​ បាន​បង្ហាញ​ថា​ ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ ក្រុមហ៊ុន​ ប៊ិ​ញ​ហ្វឿ​ក​ ក្រចេះ​ រ៉ាប់​ប៊ឺ​១​ នៅ​ភូមិ​ចក់​ចារ​ ឃុំ​ស្រែ​ឈូក​ ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌល​គី​រី​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​​យ៉ាង​ធ្ងន់​ធ្ងរ​​ទៅ​​លើ​​សហ​គមន៍​​ជន​ជាតិ​​ដើម​ភាគ​តិច​ ជា​​ពិសេស​​ការ​​រំលោភ​ដីធ្លី​ចំនួន​ជាង​ ៣៧៥​ ហិច​តា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​រំលោភសិទ្ធិ​ជន​ជាតិ​​ដើម​​ភាគ​តិច​ ព្រម​ទាំង​សមា​ជិក​​បណ្តាញ​​ជន​ជាតិ​​ដើម​​ភាគ​តិច​​ផងដែរ។​

​ក្នុង​របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​ដី​សម្បទាន​នេះ​ មិន​ទាន់​ចុះបញ្ជី​ជា​ដី​ឯកជន​របស់​រដ្ឋ​នៅ​ឡើយ​ ហើយ​ក្រុមហ៊ុន​ក៍​មិន​ទាន់​ធ្វើការ​វាយតម្លៃ​ផល​ប៉ះពាល់​​ផ្នែក​បរិស្ថាន​​និង​សង្គម​ ព្រមទាំង​មិន​​បាន​​ធ្វើ​ការ​​ពិ​គ្រោះ​​យោបល់​​ជា​សាធារណៈ​​អំពី​​គម្រោង​​ ឬ​​ធ្វើ​សំណើ​សម្បទាន​ដី​សេដ្ឋកិច្ច​ជាមួយ​អាជ្ញាធរ​ដែនដី​ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ និង​អ្នក​ពាក់ព័ន្ធ​ឡើយ​​​ ពោល​គឺ​​ក្រុមហ៊ុន​កំពុង​បំពាន​សិទ្ធិ​​រស់នៅ​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​​យ៉ាង​ធ្ងន់​ធ្ងរ​​។​

ដោយសារ​តែ​កន្លង​ទៅ​គ្មាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ គឺ​កាលពី​ថ្ងៃ​ទី​ ១៨​ ខែមីនា​ ឆ្នាំ​ ២០១៦​ សង្គម​ស៊ី​វិល​ចំនួន​ ០៧​ ដែល​ធ្វើ​​ការងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ និង​សិទ្ធិ​មនុស្ស​ ដាក់​លិខិត​សុំ​អន្តរាគមន៍​ផ្លូវការ​ អម​នឹង​របាយ​ការ​ណ៍​​ស៊ើប​អង្កេត​​ផល​ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​​ដាក់​​ជូន​ទៅ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​អន្តរាគមន៍​លើ​​ករណី​នេះ​។​ សង្គម​ស៊ី​វិល​ ក៏​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​កាន់​អ្នករាយការណ៍​ពិសេស​អង្គការសហ​ប្រជា​ជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ លោកស្រី រ៉ូណា ស្មីត​ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ពេល​បច្ចុ​ប្បន្ន​នេះ​ផង​ដែរ​។​

​អ្នកស្រី​ ម៉ែ​ន​ សុ​គ​ន្ធា​ តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ភូមិ​ចក់​ចារ​ ឃុំ​ស្រែ​ឈូក​ ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌល​គិរី​ មាន​ប្រសាសន៍​ថា​ ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចក់​ចារ​ ត្រូវ​​បាន​​ប៉ូ​លី​ស​ និង​​មន្ត្រី​ធំៗ​​ការពារ​ក្រុម​ហ៊ុន​ គំ​រាម​​​ចាប់​​សំឡុត​ទារប្រាក់​ព្រោះតែ​ស្ពាយ​​កំណាត់ឈើ​​តូចៗ​​យក​ទៅ​លក់​ដើម្បី​បាន​ប្រាក់​បន្តិចបន្តួច​ទិញ​​អំបិល​​ប្រហុក​។​ ចំណែក​សកម្មភាព​ក្រុមហ៊ុន​ដឹកឈើ​តាម​ឡាន​ធំ​ៗ​ សមត្ថ​កិច្ច​​មើល​មិនឃើញ​ឡើយ​។​

Chok-Cha-Mondulkiry-Women's
អ្នកស្រី ម៉ែន សុគន្ធា ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង​ភូមិ​ចក់​ចារ

​ព្រោះតែ​គ្មាន​ដំណោះស្រាយ​ និយាយ​​បណ្តើរ​ បង្ហា​ញ​អារ​ម្មណ៍​​អស់ស​ង្ឃឹម​​​បណ្តើរ​ ​ស្ត្រី​​វ័យ​​ជិត​​ ៤០​​ ឆ្នាំ​​រូប​​នេះ​ ​បាន​​ឱ្យ​​ដឹង​​ទៀត​​ថា​ ​ពល​រ​ដ្ឋ​​នាំ​​គ្នា​​តវ៉ា​​​រា​រាំង​​មិន​​ឱ្យ​​ក្រុម​ហ៊ុន​ ​ប៊ិ​ញ​ភឿ​ក​​១​ មិន​​ឱ្យ​​ឈូស​ឆាយ​ដី​​ចំការ​​វិល​​ជុំ​​របស់​​ពល​រដ្ឋ​​ និង​​ទប់​​ស្កាក់​​ការ​​កាប់​​បំផ្លា​ញ​​​ព្រៃ​​ ប៉ុន្តែ​​គ្រប់​យ៉ាង​​មិន​​មាន​​​ប្រ​​សិទ្ធិ​​​​ភាព​​នោះ​​ទេ​ ផ្ទុក​​​ទៅ​​វិញ​​ការ​​ចាប់​ចង​​ គំរាម​​កំហែង​​​ជា​​ចំណង​ដៃ​​នៃ​​ការ​​ស្វែង​​ដំ​ណោះ​​ស្រាយ​​ទៅ​​វិញ​​។​

​អ្នកស្រី​ ម៉ែ​ន​ សុ​គ​ន្ធា​ តំណាង​​ជន​ជាតិ​​ដើម​​ភាគ​តិច​​ព្នង​​នៅ​​​ភូមិ​​ចក់​​ចារ​​ បាន​​​និយាយ​​​ថា​​ ប្រសិន​បើ​​បញ្ហា​​ដី​ធ្លី​​ ព្រម​​ទាំង​​​ការ​​រំ​​លោភ​​​បំពាន​​សិទ្ធិ​​ក្នុង​​ការ​​រស់នៅ​​របស់​​​ពលរដ្ឋ​​នៅ​តែ​គ្មាន​ដំណោះស្រាយ​ ពលរដ្ឋភូមិចក់​ចារ​​នឹង​នាំ​គ្នា​ឡើង​មក​តវ៉ា​​​នៅ​ខាង​មុខ​រដ្ឋសភា​ដើ​ម្បី​​រក​​ដំណោះស្រាយ​ ព្រោះ​​ដី​នឹង​ព្រៃឈើ​ជា​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​សហ​គមន៍​​នេះ​​៕

Share

ព័ត៌មានទាក់ទង

Image