រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងថាការជំរុញស្ត្រីនៅក្នុងវិស័យនយោបាយឬស្ថាប័ន ក្នុងប្រព័ន្ធរបស់រដ្ឋគឺជាទិសដៅរបស់ក្រសួង ដើម្បីឱ្យមានភាពយេនឌ័រក្នុងសង្គម។ ថ្លែងនៅថ្ងៃចន្ទ ទី២៨ មីនា លោកស្រី អ៊ឹង កន្ថាផាវី ក៏ចង់ឱ្យគណបក្សនយោបាយត្រូវដាក់សកម្មជនបក្សខ្លួនជាស្ត្រីក្នុងលំដាប់ដែលអាចជាប់ឆ្នោត។ ចំពោះចំណុចនេះសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធស្ត្រីក្នុងវិស័យនយោបាយថា នេះជាការល្អតែក្រសួងត្រូវរៀបចំផែនការទុកជាមុនដើម្បីកិច្ចការនេះសម្រេចបាន។
កញ្ញា ច្រឹក ស្រីអូន មានសេចក្តីរាយការណ៍ ៖
ថ្លែងនៅក្នុងកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ លោកស្រី អ៊ឹងកន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងនូវគោលដៅឆ្នាំ២០១៦ នេះ ដោយជំរុញលើកកម្ពស់ការងារសម្រាប់ស្ត្រីទទួលបានការងារក្នុងប្រព័ន្ធ ជាងធ្វើការងារក្រៅប្រព័ន្ធ។
លោកស្រីបានទទូចឱ្យគណបក្សនបាយដាក់សកម្មជនបក្សខ្លួនជាស្ត្រីក្នុងលំដាប់ដែលអាចជាប់បានផងដែរទាំងថ្នាក់ជាតិក៏ដូចជាថ្នាក់ ក្រោមជាតិដើម្បីការអភិវឌ្ឍ សង្គម៖ «ទី៤ គណបក្សនយោបាយគួរដាក់បេក្ខភាពស្ត្រីនៅលំដាប់លេខរៀងដែលជាជាប់បាន ជាពិសេសក្នុង ការបោះឆ្នោតក្រុមព្រឹក្សាឃុំ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ»។
ជុំវិញការលើកឡើងនេះលោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ យល់ឃើញថាគឺជាប្រការល្អបើមានស្ត្រីបម្រើការក្នុងវិស័យនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតែក្រសួងក៏ត្រូវរៀបចំផែនការដើម្បីសម្រេចតាមគោលដៅបាន។
លោកស្រីបានបន្តថានាពេលបច្ចុប្បន្នស្ត្រីមិនទាន់មានចំនួនស្ត្រីសមាមាត្រទៅនឹងបុរស ក្នុងការបម្រើការងារក្នុងវិស័យនយោបាយ។ លោកស្រីបន្តថាដើម្បីអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែមានបេក្ខភាពស្ត្រីចូលរួម៖ « នៅក្រុមប្រឹក្សាឃុំមានតែ ១៧,៧៨% ប៉ុណ្ណោះបើគិតពីមធ្យមភាគ ហើយក្នុងថ្នាក់ជាតិយើងមានតែ ២០% នោះទេ ហើយប្រជាពលរដ្ឋកម្ពុជា
មានស្ត្រី ៥២% ជាស្ត្រីដូច្នេះវាមិនមានភាពសមាត្រនោះទេ…»។
ដូចគ្នានេះដែលលោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យមានប្រសាសន៍ថា ការដាក់លេខរាងបេក្ខភាពស្ត្រីគួរដាក់ឱ្យពួកគេបានជាប់ឆ្នោត ជាជាងដាក់ឱ្យមានតែចំនួន ។ លោកបន្តថា ក្រសួងកិច្ចការនារីក៏ត្រូវជំរុញការយល់ដឹងរបស់ស្ត្រីក្នុងសេវាកម្មសង្គម ហើយបុរស និងសមាជិកគ្រួសារត្រូវផ្តល់ឱកាសសម្រាប់ស្ត្រីផងដែរ ដើម្បីឱ្យស្ត្រីអាចចូលប្រឡូកក្នុងវិស័យនយោបាយ៖ «ស្ត្រីមិនមានការសម្បូរបែបក្នុងការទទួលបានការសិក្សានោះទេ ត្រូវផ្តល់ការរអប់រំពីតូចរហូតដល់ការចូលរួមក្នុងបក្សនយោបាយ»។
សូមបញ្ជាក់ថាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ រៀបចំដោយក្រសួងកិច្ចការនារី ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ មានរយៈពេល ២ គឺ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនាដោយមានស្ត្រីមកពីស្ថាប័នផ្សេងៗ និងបណ្ដាខេត្ត មានចំនួនប្រហែលជា ៤០០នាក់៕