ភ្នែកពិការ មិនមែនឧបសគ្គក្នុងការស្វែករកចំណេះដឹងនៅថ្នាក់កម្រិតឧត្តមសិក្សាឡើយ។ លោក ចាន់ រិទ្ធី ជាជនពិការភ្នែកទាំងសងខាងតស៊ូជម្នះគ្រប់ឧបសគ្គ រៀនផ្នែកតន្ត្រីជំនាញហ្គីតា ដើម្បីទុកជាដើមទុនទៅថ្ងៃអនាគត។ លោកថា ជនពិការមួយចំនួន គិតថា ខ្លួនធ្វើអ្វីមិនបាន មិនខំស្វែងរកចំណេះជំនាញដាក់ខ្លួន គិតចង់តែធ្វើបាបខ្លួនឯងប៉ុណ្ណោះ។ ដោយឡែក លោក ចាន់ រិទ្ធី មិនធ្វើដូច្នេះឡើយ លោកបានជម្នះគ្រប់ឧបសគ្គដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ និងជំនាញដែលលោកស្រឡាញ់តាមក្តីប្រាថ្នារបស់ខ្លួន។
ដើម្បីជ្រាបពីប្រវត្តិបុរសពិការភ្នែកទាំងខាងនេះ កាន់តែច្បាស់ តទៅនេះសូមអញ្ជើញស្តាប់បទយកការណ៍ដែលរៀបចំដោយ កញ្ញា ឆេង ណាតា ដូចតទៅ៖
«ដោយមានការជ្រោមជ្រែងពីអង្គការគ្រួសារថ្មី ហើយអង្គការគ្រួសារថ្មីគេសហការជាមួយសាលាហ្នឹង អញ្ចឹងខ្ញុំបានចូលរៀនចំណេះទូទៅនៅវិទ្យាល័យច្បារអំពៅ ហើយបន្ទាប់ពីខ្ញុំចប់ឌីប្លូមមកបានខ្ញុំចូលសាលាវិចិត្រសិល្បៈហ្នឹង ប៉ុន្តែកម្រិតមធ្យម…»
នេះជាការរៀបរាប់របស់បុរសពិការភ្នែកទាំងសងខាងម្នាក់ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ ហើយបានចាកចេញពីគ្រួសារមករៀននៅរាជធាភ្នំពេញ។ បុរសពិការភ្នែករូបនេះ មានឈ្មោះថា ចាន់ រីទ្ធី លោកមានអាយុ ២៨ ឆ្នាំ ហើយសព្វថ្ងៃនេះលោកគឺជានិស្សិតឆ្នាំទី២ ផ្នែកតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
បើទោះជាលោកវិទ្ធី ពិការភ្នែកទាំងសងខាង ក៏ដោយប៉ុន្តែលោកមិនបានផ្តេកផ្តួលទៅតាម ព្រហ្មលិខិតនោះទេ។ ផ្ទុយទៅវិញលោកកាន់តែខិតខំជម្នះ ការគិតរបស់គ្រួសារ និងអ្នកដទៃ ដែលយល់ថា មនុស្សពិការមិនអាចធ្វើអ្វីបាននោះ រហូតបានក្លាយទៅជាតន្ត្រីករម្នាក់។
មានសម្បុស រាងស្គមបន្តិច និស្សិតពិការភ្នែករូបនេះ បានរៀបរាប់ឱ្យដឹងថា លោកបានចាកចេញពីគ្រួសារតាំងពីអាយុ ១២ ឆ្នាំ មករៀននៅរាជធានីភ្នំពេញ និងស្នាក់នៅក្នុងអង្គការមួយ។ បន្ទាប់ពីលោកបានបញ្ចប់ថ្នាក់បាក់ឌុប នៅវិទ្យាល័យច្បារអំពៅ លោកបានចាកចេញពីការមើលថែរបស់អង្គការ ដោយទៅជួលផ្ទះស្នាក់នៅជាមួយមិត្តភក្តិពីរនាក់ទៀត នៅមុំផ្សារទួលសង្កែដើម្បីបន្តការសិក្សា។
អង្គុយលើកៅអីក្នុងបន្ទប់រៀនមួយក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានឧបករណ៍ភ្លេងបុរាណសម្រាប់ឱ្យសិស្សរៀន និងអនុវត្ត លោក រិទ្ធី បានប្រាប់ថា ភ្នែករបស់លោកមិនមែន ពិការមកពីកំណើតនោះទេ។ លោកធ្លាក់ខ្លួនពិការភ្នែកទាំងសងខាងនេះ នៅអាយុប្រហែល ២ ឬ ៣ ឆ្នាំ ដោយសារកើតជំងឺកញ្ជ្រិល។ អតីតសិស្សវិទ្យាល័យច្បារអំពៅរូបនេះ បានរៀបរាប់ឱ្យដឹងទៀតថា នាពេលបច្ចុប្បន្ននេះ លោកបានចាប់ជំនាញផ្នែកហ្គីតា ដោយសារតែលោកស្រឡាញ់ជំនាញនេះតាំងពីតូចមកម្ល៉េះ។
លោកថា ដោយសារលោកពិការភ្នែកទាំងសងខាង ដូច្នេះការសិក្សារបស់លោកមានការ ពិបាកខ្លាំង ហើយមិនត្រឹមតែលោកទេដែលពិបាក សូម្បីតែគ្រូបង្រៀនក៏មានការពិបាកក្នុងការបង្រៀនផងដែរ៖ «បញ្ហាសំខាន់របស់ខ្ញុំគឺមើលណោត អញ្ចឹងរៀនភ្លេង រៀននៅក្នុងសាលារៀនទាមទារឱ្យមើលណោតខ្លាំងមែន។ បទមួយៗខ្ញុំមើលណោតអត់ឃើញទេ អញ្ចឹងទាមទារឱ្យលោកគ្រូគាត់ប្រាប់ម្តងមួយវគ្គៗ»។
បើទោះជាយ៉ាងនេះក្តី លោកទទួលបានការលើកចិត្ត និងការយកចិត្តទុកដាក់ជាច្រើនពីសំណាក់លោកគ្រូ អ្នកគ្រូជាងសិស្សដទៃទៀត ដោយសារពួកគាត់យល់ពីទុក្ខលំបាករបស់ជនពិការ។ នៅក្នុងបន្ទប់រៀន លោក រិទ្ធី បានពឹងឱ្យមិត្តភក្តិរួមថ្នាក់ ជួយរកឯកសារ និងអានឱ្យស្តាប់ជាប្រចាំ ព្រោះដោយសារតែលោក មិនមានសមត្ថភាព អាចមើលនិងអានបាន គឺបានត្រឹមតែប្រើស្តាប់ប៉ុណ្ណោះ។
លោក គិរី ជាគ្រូផ្នែកដូរតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាគ្រូបង្រៀនហ្គីតាផ្ទាល់ របស់ ចាន់ រិទ្ធី បានប្រាប់ថា ថ្វីត្បិតតែលោក រិទ្ធី ពិការភ្នែក តែគាត់ជាសិស្សម្នាក់ដែលមានការតស៊ូ មានភាពអំណត់ខ្លាំង និងយកចិត្តទុកដាក់ ចំពោះការពន្យល់របស់គ្រូ។ គ្រូបង្រៀនរូបនេះ បានឱ្យដឹងទៀតថា លោក រិទ្ធី គឺជាសិស្សដំបូងដែលពិការភ្នែក ហើយលោកក៏មានការពិបាកក្នុងការបង្រៀនផងដែរ ព្រោះត្រូវចំណាយពេលក្នុងការបង្រៀនយូជាងសិស្សធម្មតា៖ «ឧបមាថា យើងបង្រៀនអ្នកផ្សេងមួយម៉ោង យើងត្រូវចំណាយឱ្យគាត់មួយកន្លះអាហ្នឹងបើខ្ញុំព្យាករណ៍»។
លោក គិរី ចង់ឱ្យជនពិការដទៃទៀត មានគំនិតដូច រិទ្ធី ដែរ មិនត្រូវអស់សង្ឃឹមក្នុងជីវិតឡើយ គឺត្រូវតែស៊ូ។លើសពីនេះទៀត លោកជំរុញឱ្យគ្រូបង្រៀនទាំងអស់ត្រូវមានចិត្តអំណត់ក្នុងការបង្រៀនដល់ជនពិការផងដែរ។
បើនិយាយពីគ្រួសារលោក ចាន់ រិទ្ធី វិញ ឪពុកម្តាយរបស់លោក ក៏មានការលើកទឹកចិត្តច្រើនដែរ ប៉ុន្តែលោកថា បើទោះជាឪពុកម្តាយ ជួយជ្រោមជ្រែង ទាក់ទងខាងអង្គការឱ្យលោកបានចូលរៀនដូចក្មេងដទៃក៏ដោយ តែការគិតរបស់ពួកគាត់នៅតែមិនសូវទូលំទូលាយនោះទេ ដោយសារពួកគាត់យល់ថា អ្នកពិការភ្នែកដូចលោក បើទោះជារៀន ក៏មិនអាចធ្វើអ្វីបានដែរ។
«នៅតែមានសម្ពាធមួយ ដូចថាគាត់ចង់រកកន្លែងឱ្យរៀនសូត្រអញ្ចឹងមែន ប៉ុន្តែការគិតរបស់គាត់មិនសូវទូលំទូលាយទេ គាត់មានការអស់សង្ឃឹម ហើយមិនមានការឱ្យកម្លាំងចិត្តដែរ…..បំណងគាត់ គាត់ចេះតែឱ្យរៀនៗ ទៅ» រិទ្ធី បន្ថែម។
យ៉ាងណាមិញនៅពេលលោករៀនដល់ថ្នាក់កម្រិតខ្ពស់ និងបានប្រើសមត្ថភាពខ្លួនឯងដើម្បីដោះស្រាយជីវភាពរស់នៅ បច្ចុប្បន្ននេះ ការគិតរបស់ឪពុកលោកក៏មានការផ្លាស់ប្តូរផងដែរ៖ «មានការផ្លាស់ប្តូរច្រើន ពីមុនមកគាត់គិតដូចខ្ញុំលើកមកមុនអញ្ចឹង ប៉ុន្តែបន្ទាប់ពីខ្ញុំរៀនបានមកកម្រិតខ្ពស់បន្តិចហើយ ខ្ញុំក៏អាចប្រើជំនាញខ្ញុំ សមត្ថភាពខ្ញុំ ដោះស្រាយជីវភាពខ្លួនឯងបានខ្លះ ដល់អញ្ចឹងធ្វើឱ្យការគិត បានផ្លាស់ប្តូរ»។
មានឪពុកជាមន្ត្រីរាជការ និងម្តាយជាមេផ្ទះ លោក រិទ្ធី និយាយបន្តថា កាលពីដើមលោកធ្លាប់បានលេងភ្លេងនៅក្នុងហាងលក្ខណៈបរទេសនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែក្រោយមកដោយសារតែមានបញ្ហាបន្តិចបន្តួចលោកក៏បានលាឈប់ ហើយម្តងម្កាលក៏មានអ្នកនៅតាមខេត្តហៅលោកលេងភ្លេងក្នុងកម្មវិធីផ្សេងៗផងដែរ។
រិទ្ធី បានឱ្យដឹងទៀតថា ដោយសារតែលោកជាជនពិការ ដូច្នេះលោក ដឹងពីទុក្ខលំបាករបស់អ្នកពិការភ្នែកដូចគ្នា។ នាពេលអនាគតលោក រិទ្ធី ចង់បើកសាលារៀនមួយ ដើម្បីបង្ហាត់បង្រៀនជំនាញដល់ជនពិការ។
លោកបានបង្ហាញមោទនៈភាពចំពោះខ្លួនយ៉ាងដូច្នេះថា៖ «ខ្ញុំចង់បង្ហាញពីមោទនភាពរបស់ខ្ញុំដែរ ដែលខ្ញុំជាជនពិការដែលខ្ញុំបានសម្តែងក្នុងកម្មការផ្លូវការ មានការចូលរួមពីរដ្ឋមន្ត្រី»៕