នាយករដ្ឋមន្ត្រី ហ៊ុន សែនទទូចសុំប្រធានាធិបតេយ្យកូរ៉េខាងត្បូង លោកស្រី ប៉ាក់ គួនហ៊ី (Park Geun-hye) កុំឱ្យកាត់លុយជំនួយសម្រាប់សាងសង់ផ្លូវមួយចំនួននៅកម្ពុជា ខណៈសម្ដេចក៏បានទទូចឱ្យកូរ៉េខាងត្បូងផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជាផងដែរ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះ នៅពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២១ ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទនេះ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទូចដល់ប្រធាធិបតេយ្យកូរ៉េខាងត្បូង លោកស្រី ប៉ាក់ គួនហ៊ី ថា កម្ពុជាកំពុងត្រូវការប្រាក់ជំនួយប្រមាណ ១០លានដុល្លារអាមេរិកទៀតលើគម្រោងស្ថាបនាផ្លូវដែលជាជំនួយរបស់កូរ៉េខាងត្បូង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «មេត្តាជម្រាបទៅលោកជំនាវ លោកស្រី ប៉ាក់ គួនហ៊ី ថា លុយដែលផ្តល់លើកមុនមិនទាន់គ្រប់ទេ គឺត្រូវបន្ថែម ហើយសូមកុំកាត់លុយលើគម្រោងផ្លូវដទៃទៀត ដូចជាផ្លូវលេខ ៤៨ ជាដើម ព្រោះយើងនៅខ្វះប្រាក់ប្រហែល ១០ លានដុល្លារទៀត ដើម្បីកសាងគម្រោងទី ២ ទៀត»។
នៅពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវលេខ ២១ នៅក្នុងស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកមិញនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការសាងសង់ផ្លូវលេខ ២១ ចំណាយទឹកប្រាក់ជាង ៦១ លានដុល្លារ សហរដ្ឋអាមេរិក ក្នុងនោះថវិកាកម្ចីសម្បទានពីកូរ៉េខាងត្បូងជាង ៥២ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់កម្ពុជាមានជាង ៩ លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងសាងសង់ផ្លូវជាតិលេខ ២១ នេះ មានប្រវែង ៥៥ គីឡូម៉ែត្រ និងស្ពានជិត ៥០ ដែលនាយករដ្ឋមន្ត្រីបានចាត់ទុកថា ជាផ្លូវមួយពិបាកស្វែងរកជំនួយខ្លាំងជាងគេ៕