en     km
en     km

យុវតី​ ស្ងួន​ កវី​សេរី​រ័​ត្ន​ ជា​អ្នកលេង​ឧបករណ៍​ពិណ​ដំបូង​គេ​នៅ​កម្ពុជា​ក្នុង​សម័យនេះ​

Share

​ភ្នំពេញ​៖​ បន្ទាប់​ពី​ពិណ​បាន​បាត់បង់​ពី​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​មួយ​ពាន់​ឆ្នាំ​រួច​មក​ ពិណ​បាន​រស់​ឡើង​វិញ​នៅ​អំឡុង​ឆ្នាំ​ ២០១២​។​ បន្ទាប់​ពី​ការ​រស់​ឡើង​វិញ​នៃ​ឧបករណ៍​ពិណ​នេះ​ យុវតី​ ស្ងួន​ កវី​សេរី​រ័​ត្ន​ គឺជា​មនុស្ស​ដំបូង​គេ​ ដែល​រៀន​ឧបករណ៍​ពិណ​ និង​ចេះ​ប្រើ​ឧបករណ៍​ពិណ​យ៉ាង​ស្ទាត់ជំនាញ​។​

ដើម្បី​ជ្រាប​ច្បាស់​ថា​ យុវតី​ ស្ងួន​ កវី​សេរី​រ័​ត្ន​ មាន​ទេព​កោសល្យ​យ៉ាងណា​នោះ​ សូម​អញ្ជើញ​ស្តាប់​នាទី​កម្សាន្ត​ ដែល​រៀប​រៀង​ដោយ​កញ្ញា​ ប៉ូ​ សា​គុន​ ដូច​តទៅ​៖

 

PIN-Kayaysreyrath-WMC-Women's-160328
យុវតី​ ស្ងួន​ កវី​សេរី​រ័​ត្ន​ លេង​ឧបករណ៍​ពិណ​ខ្មែរ

​ដោយ​មានការ​ជ្រោមជ្រែង​ និង​បង្ហាត់បង្រៀន​ពី​ឪពុក​ផ្ទាល់​ ព្រមទាំង​មានការ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​ផង​ទើប​​ធ្វើ​ឱ្យ​​យុវតី​ កវី​សេរី​រ័​ត្ន​ ហាក់​ចាប់​បាន​ច្រើន​ពី​បែបបទ​នៃ​ការ​លេង​ឧបករណ៍​ពិណ​នេះ​។​ យុវតី​រូប​នេះ​មិនមែន​ចេះ​​ត្រឹមតែ​ឧ​បករ​ណ៍​ពិណ​ប៉ុណ្ណោះ​ទេ​ តែ​នាង​ថែម​ទាំង​ចេះ​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ជា​ច្រើន​ទៀត​ និង​ចេះ​ឧបករណ៍​ភ្លេងបរទេស​ផង​ដែរ​។​

​យុវតី​ ស្ងួន​ កវី​សេរី​រ័​ត្ន​ មានពូជ​ពង្ស​ជា​កូន​អ្នកសិល្បៈ​ច្រើន​ជំនាន់​ នាង​មានកំណើត​កើតជា​នៅ​រាជធានី​ភ្នំពេញ​។​ យុវ​​តី​​រូប​​នេះ​អាច​លេង​ឧបករណ៍​ពិណ​ ឧបករណ៍​រនាត​ និង​ឧបករណ៍​ព្យា​ណូ​បាន​ក្នុង​វ័យ​ដែល​នាង​ទើបតែ​មាន​អាយុ​ ១៦​ ឆ្នាំ​តែ​ប៉ុណ្ណោះ​។​ ​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ចាប់អារម្មណ៍​ទៅ​លើ​យុវតី​រូប​នេះ​ គឺ​ដោយសារ​តែ​នាង​ជា​មនុ​ស្ស​​​​ដំបូង​គេ​ដែល​អាច​លេង​ឧបករណ៍​ពិណ​បាន​​យ៉ាង​​ស្ទាត់​ជំនាញ​។​ លើស​​ពី​នេះ​ទៀត​ បច្ចុប្បន្ន​យុវតី​ ស្ងួន​ កវី​សេរី​​រ័​ត្ន ​ដែល​​មាន​​អាយុ​​ទើប​តែ​ ១៦​ ឆ្នាំ​ បាន​ក្លាយទៅជា​គ្រូបង្រៀន​ឧបករណ៍​ពិណ​ទៅ​ហើយ​។​

​បច្ចុប្បន្ន​ សេរី​រ័​ត្ន​ រៀន​នៅ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ​ ផ្នែក​តូ​តន្ត្រី​ ហើយ​នាង​ក៏​រៀនអក្សរ​សាស្ត្រ​ខ្មែរ​នៅ​សា​លា​​នេះ​ផង​ដែរ​។​ យុវតី​រូប​នេះ​បាន​និយាយ​ថា​ ប្អូន​រៀន​ឧបករណ៍​ពិណ​នេះ​ពី​ឪពុក​របស់​ខ្លួន​ផ្ទាល់​ ហើយ​ក៏​មាន​ការ​​បង្រៀន​ពី​បច្ចេកទេស​ភ្លេង​ពិណ​ពី​គ្រូ​ជនជាតិ​បារាំង​ផង​ដែរ​។​

«​និយាយ​តាម​ខ្ញុំ​ស្រឡាញ់​វិញ​ ខ្ញុំ​ស្រឡាញ់​ឧបករណ៍​រនាតឯក​ និង​ពិណ​ប៉ុន្តែ​សព្វ​ថ្ងៃនេះ​ខ្ញុំ​អាច​លេង​បាន​តែ​ឧប​ករណ៍​​ពិណ​ រនាត​ឯក​​ខ្ញុំ​មិន​ដែល​ចេញ​ទៅ​សម្តែង​ តែ​ខ្ញុំ​អាច​ចេះ​លេង​តិចតួច​។​ ចំពោះ​ឧបករណ៍​ពិណ​ខ្ញុំ​រៀន​ជា​មួយ​​​ប៉ា​​របស់​ខ្ញុំ​​ជា​រៀង​រាល់​យប់​ ចំពោះ​បច្ចេកទេស​វិញ​ រៀន​ជាមួយ​គ្រូ​ជនជាតិ​បារាំង​…»​។​

​ដំណើរ​ដើមទង​ដែល​ធ្វើ​ឱ្យ​យុវតី​វ័យ​ ១៦​ ឆ្នាំ​រូប​នេះ​ ស្រលាញ់​ចូល​ចិត្ត​ និង​មានគំនិត​លើក​ស្ទួយ​ឧបករណ៍​ភ្លេង​បុរាណ​​ខ្មែរ​ ក៏​ព្រោះតែ​នាង​មាន​សែស្រឡាយ​ជា​អ្នកសិល្បៈ​ផ្នែក​ភ្លេងបុរាណ​នេះ​ស្រាប់​ និង​អ្វី​ដែល​សំខាន់​ជាង​នេះ​​​ទៅ​ទៀត​នោះ​ គឺ​ដោយសារ​តែ​នាង​គិត​ថា​ ក្នុង​នាមខ្លួន​ជា​កូន​ខ្មែរ​មួយ​រូប​ ប្អូន​ចង់​ថែរក្សា​អ្វី​ដែល​ជា​សម្បត្តិ​វប្ប​​ធម៌​​​ជាតិខ្មែរ​ និង​ចង់​បង្ហាញ​ប្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់​ដឹង​ពី​ឧបករណ៍​ភ្លេងខ្មែរ​។​

«​ចំពោះ​​​ចំណាប់អារម្មណ៍​នាង​ខ្ញុំ​ ដោយសារ​តែ​នាង​ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប​ ខ្ញុំ​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​យើង​កំ​ឲ្យ​បាត់​បង់​ ហើយ​ណាមួយ​ចង់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ បាន​យល់​ដឹង​ពី​ឧបករណ៍​ខ្មែរ​យើង​»​។​

​ការ​សិក្សា​ឧបករណ៍​ពិណ​នេះ​ សេរី​រ័​ត្ន​ ចាប់ផ្តើម​រៀន​តាំងពី​ឆ្នាំ​ ២០១២​ មក​ម្លេះ​ គឺ​ចាប់តាំងពី​ឧបករណ៍​ពិណ​រស់​ឡើង​វិញ​ បន្ទាប់​ពី​បាន​បាត់​ទៅ​អស់​ជា​ច្រើន​រយ​ឆ្នាំ​មក​ហើយ​នោះ​។​ រ័​ត្ន​ ក៏​បាន​ជាប់​អាហារូបករណ៍​រៀន​នៅ​សាលា​​តូ​រ្យ​តន្ត្រី​ ហឹ​ម​ សុ​ភី​ ​ផង​ដែរ​ ។​

«​ខ្ញុំ​ចាប់ផ្តើម​សិក្សា​ឧបករណ៍​ពិណ​នេះ​ នៅ​ក្នុង​ឆ្នាំ​២០១២​ ប៉ុន្តែ​ខ្ញុំ​រៀន​បច្ចេកទេស​ឧបករណ៍​ពិណ​នេះ​ បាន​តែ​រយៈ​ពេល​បី​ខែ​ ហើយ​បន្ទាប់​មក​ខ្ញុំ​ក៏​បាន​រៀន​បទ​ជាមួយ​ប៉ា​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ​»​។​

​បើ​តាម​យុវតី​ ស្ងួន​ កវី​សេរី​រ័​ត្ន​ ការ​រៀន​ឧបករណ៍​ពិណ​នេះ​ មានការ​ពិបាក​នៅ​ពេល​ដែល​រៀន​បទ​ថ្មីៗ​ ហើយ​នាង​ក៏​​មិនមែន​រៀន​តែ​ឧបករណ៍​ពិណ​តែ​មួយ​មុខ​ដែរ​។​ «​មានការ​លំបាក​ដែរ​ ជួនកាល​បទ​ថ្មីៗ​ ខ្ញុំ​មិន​ទាន់​ចេះ​ ពេល​ដែល​​គាត់​​ប្រាប់​ទៅ​ដល់​ពីរ​បី​ដង​ទើប​ខ្ញុំ​អាច​ចាប់​បាន​។​ ពេល​ដែល​រៀន​ណឹ​ង​មានការ​នឿយហត់​ទេ​?​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​​ខំ​ប្រឹង​​ស្តាប់​គាត់​ ដូង​គាត់​ប្រាប់​យើង​ត្រូវធ្វើ​តាម​គាត់​..»​។​

​សេរី​រ័​ត្ន​ រៀន​ឧបករណ៍​ពិណ​នេះ​ បាន​រយៈពេល​ពី​ឆ្នាំ​នាង​អាច​ចេញ​សម្តែង​បាន​។​ ហើយ​ សេរី​រ័​ត្ន​ ក៏​ ធ្លាប់​បាន​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​ផង​ដែរ​។​ សេរី​រ័​ត្ន​ និយាយ​ថា​៖​ «​បើ​គឹ​ត​ថា​ជា​លក្ខណៈ​ចូល​ជាមួយ​គេ​បាន​ រៀន​រយៈពេល​ពី​រ​​ឆ្នាំ​ ធ្លាប់​ចូលរួម​វង់​សម្តែង​ភ្លេង​មហោរី​ និង​វង់ភ្លេង​ការ​ និង​ល្ខោន​អូ​ប៉េ​រ៉ា​ ដំបូង​ឡើយ​ដែល​ខ្ញុំ​ចាប់ផ្តើម​ចេញ​ទៅ​សម្តែង​​ដំបូង​​គេ​គឺ​ សហភាព​សហ​ព័​ន្ទ​យុវជន​កម្ពុជា​…»​។​

​ក្រៅ​តែ​ពី​រៀន​ឧបករណ៍​ យុវតី​ សេរី​រ័​ត្ន​ ក៏​រៀន​ឧបករណ៍​រនាត​ផង​ដែរ​ តែ​នាង​រៀន​ឧបករណ៍​នេះ​បាន​តិចតួច​ប៉ុណ្ណោះ​​។​ ​ដើម្បី​​អាច​រៀន​ឧបករណ៍​ភ្លេង​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន​ សេរី​រ័​ត្ន​ បាន​និយាយ​ថា​ ត្រូវ​តែ​បែងចែក​ពេល​វេលា​​ឲ្យ​បាន​ច្បាស់លាស់​ និង​មានការ​អត់ធ្មត់​បំផុត​។​ អ្វី​ដែល​សំខាន់​ទៀត​នោះ​ គឺ​ត្រូវ​តែ​ព្យាយាម​តាមដាន​ស្តាប់​​គ្រូបង្រៀន​។​ «​ចំពោះ​នាង​ខ្ញុំ​ ខ្ញុំ​ចង់​ឲ្យ​ពេល​ដែល​គាត់​រៀន​ពេល​តែ​មួយ​បាន​ឧបករណ៍​ច្រើន​ គឺ​គាត់​ទី​មួយ​គាត់​យកចិត្តទុកដាក់​ស្តាប់​គ្រូបង្រៀន​ ទី​ពី​ឲ្យ​គាត់​អនុវត្តិ​ក្នុង​មួយ​ថ្ងៃ​រយៈពេល​ពី​បួន​ទៅ​ប្រាំ​ម៉ោង​ គាត់​គួរតែ​អត់ធ្មត់​ពេល​ដែល​គាត់​ខុស​គាត់​ត​ត្រូវ​តែ​ស្តាប់​គ្រូ​…»​។​

​ជា​ចុង​ក្រោយ​ កញ្ញា​ ស្ងួន​ កវី​សេរី​រ័​ត្ន​ បាន​សំណូមពរ​ទៅ​ដល់​កូន​ខ្មែរ​ទាំងអស់​ ឲ្យ​ជួយ​លើកតំកើង​វប្បធម៌​ខ្មែរ​ឲ្យ​ខ្ពស់​​ជាង​វប្បធម៌​បរទេស​។​ «​ជា​ចុង​ក្រោយ​នាង​ខ្ញុំ​ចង់​ឲ្យ​យុវជន​ខ្មែរ​ទាំងអស់​ ឲ្យ​គាត់​ជួយ​លើកតំកើង​វប្បធម៌​ខ្មែរ​ ឲ្យ​ច្រើន​ជាង​លើកតំកើង​វប្បធម៌​ដទៃ​ទៀត​ ហើយ​កំ​ឲ្យ​គាត់​ចំឡង​វប្បធម៌​គេ​ ឲ្យ​គាត់​លើកតំកើង​វប្បធម៌​ខ្មែរ​»​៕

Share

Image
Image
Image